ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជនជាតិដើមភាគព្នង រស់នៅឃុំស្រែព្រះ ស្រុកកែសីមា បានចោទប្រកាន់លោកមេបញ្ជាការអាវុធហត្ថស្រុកកែវសីមាថា បានរំលោភយកដីស្រែរបស់ពួកគាត់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ រយៈពេលប្រមាណជាង២ឆ្នាំមកហើយ តែអាជ្ញាធរនៅមិនអាចដោះស្រាយវិវាទដីធ្លីនេះជូនពួកគាត់បាន។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៨ ឧសភា ២០១៦ នៅសាលាឃុំស្រែព្រះ ក៏បានកោះប្រជុំសម្របសម្រួលរវាងប្រជាពលរដ្ឋ និងលោក សាក់ សារ៉ុន ដើម្បីរកដំណោះស្រាយល្អមួយរវាងភាគីទាំងពីរ ប៉ុន្តែគេឃើញមានវត្តមានតែអាជ្ញាធរស្រុក-ឃុំ និងភាគីប្រជាពលរដ្ឋ ចំណែកភាគីលោក សាក់ សារ៉ុន មិនបានចូលរួមទេ។
ដីស្រែដែលពលរដ្ឋបានចោទថា លោកមេបញ្ជាការអាវុធហត្ថស្រុកកែវសីមា រំលោភយកនោះ មានទីតាំងនៅចំណុចភូមិអូច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ចំណុចប៉ោដើមស្វាយ មានទំហំ៨៦ហិចតា ដែលមានប្រជាពលរដ្ឋចំនួន៤៤គ្រួសារបានអាស្រ័យផល។ លោក ពឿប ពេ មេឃុំស្រែព្រះ បានឲ្យដឹងថា ទំនាស់ដីស្រែនេះ បានកើតតាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន នៅមិនទាន់ដោះស្រាយបាននៅឡើយ។ ហើយការជួបគ្នាថ្ងៃនេះ (ថ្ងៃទី២៨) គឺដើម្បីសម្របសម្រួលគ្នាម្តងទៀត រកដំណោះស្រាយឲ្យបានឆាប់រហ័សជូនពួកគាត់ ព្រោះពេលនេះដល់រដូវធ្វើស្រែចម្ការហើយ។
លោក ងើយ សាវិន អភិបាលរងស្រុកដែលបានចូលរួមជាអាជ្ញាធរកណ្តាលក្នុងទំនាស់ដីធ្លី ខាងលើ បានឲ្យប្រជាពលរដ្ឋលើកសំណូមពរថា តើចង់បានដំណោះស្រាយបែបណា ដើម្បីលោកយកទៅពិភាក្សាជាមួយថ្នាក់លើ និងភាគីលោកសាក់ សារ៉ុន ដើម្បីរកច្រកចេញដ៏ល្អមួយ ព្រោះរឿងនេះបានបន្តអូសបន្លាយជាង២ឆ្នាំមកហើយ។
ចំណែកបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នង បានលើកឡើងថា ពួកគាត់គ្រាន់តែចង់បានដីស្រែសម្រាប់បង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត បើថា លោកសាក់ សារ៉ុន ចង់បានដីនោះ ពួកគាត់សុខចិត្តបែងចែកមួយចំណែកជូនទៅលោក សាក់ សារ៉ុន តែបើសិនជាគាត់ចង់បានទាំងអស់ប្រជាពលរដ្ឋមិនព្រមឡើយ។ ក្រុមអ្នកភូមិបានបន្តថា គាត់ចង់បានដីស្រែទុកសម្រាប់កូនចៅដាំដុះស្រូវហូប ។ ហើយដីស្រែនេះ គឺពួកគាត់បានធ្វើតាំងពីមុនសម័យប៉ុលពតម្ល៉េះ ហើយហេតុអីបានជាលោកសាក់ សារ៉ុន មកចាប់កំណត់ថា ជាដីរបស់គាត់។
ព័ត៌មានចុងក្រោយដែលតំណាងអ្នកភូមិបានបញ្ជាក់មកអ្នកយកព័ត៌មាន ឲ្យដឹងថា ក្រុមអាជ្ញាធរបានសម្រេចឲ្យពួកគាត់ជាប្រជាជន លក់ដីទាំងនោះឲ្យទៅលោក សាក់ សារ៉ុន ទៅ ដើម្បីបញ្ចាប់រឿងបានឆាប់ ប៉ុន្តែពួកគាត់មិនបានយល់ព្រមឡើយ ព្រោះជីវភាពគ្រួសាររបស់ពួកគាត់ ត្រូវពឹងផ្អែងទាំងស្រុងលើដីស្រែនោះ ដើម្បីចិញ្ចឹម ជីវិត។ បើលក់ដីនោះពួកគាត់មិនដឹងថា បានដីឯណាសម្រាប់បង្កបង្កើនផលទេ។ ចំណែកលោក សាក់ សារ៉ុន មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី២៩ ឧសភា ២០១៦ នេះ ។
ទាក់ទិនករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងអ្នកមានអំណាចនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្រមានគាស់កកាយឲ្យអស់រាល់ការរំលោភបំពានដីធ្លីពីសំណាក់ អ្នកមានអំណាច ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់ បើទោះបីអ្នករំលោភដីប្រជាពលរដ្ឋនោះ មានឋានៈបុណ្យស័ក្តិធំ ឬដុះចង្កូមនៅលើក្បាលក៏ដោយនោះ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងឱកាសជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទកោសិយ ហៅវត្តចំការម្លូ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ឧសភា ២០១៦ ។ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានគូសបញ្ជាក់ថា ឱកាសនៃការរំលោភបំពានដីធ្លីពីសំណាក់អ្នកមានលុយ មានអំណាច ទៅលើប្រជាពលរដ្ឋស្លូតត្រង់នឹងត្រូវចប់ហើយ បើទោះបីមិនទាន់បញ្ចប់ទាំងស្រុង តែក៏កំពុងតែថមថយជាបណ្តើរៗហើយ។ លោកទេសរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ឱកាសនៃអ្នករំលោភដីគេត្រូវចប់ហើយ ប្រកាសពីទីនេះ ទៅក្រែងឮដល់ណាឮទៅ ! ចប់ហើយ! ៕