ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល​ចោទថា​មេភូមិ​រំលោភ​យក​ដី​គាត់​

30-May-2016 | ដោយ មែន កំសត់


​ខេត្តក្រចេះ ៖​ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ចោទ​មេភូមិ​គ្រង ថា​ឃុបឃិត​ជាមួយ​មេភូមិ​ក្បាល​ស្នួល រំលោភ​យក​ដី​គាត់​។ ពលរដ្ឋ​ថា មេភូមិ​រូបនោះ​បាន​យក​ដី​គាត់​ប្រគល់​ឲ្យ​អាជ្ញាធរ​ភូមិ​ផ្សេងទៀត​កាន់ កាប់​កាលពី​ចុងឆ្នាំ​២០១៥ និង​ហាមឃាត់​ពួកគាត់​មិន​ឲ្យ​បង្កបង្កើនផល​។ ចំណែក​មេភូមិ​គ្រង បដិសេធ​ការចោទប្រកាន់​នេះ​។​

​ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល នៅ​ថ្ងៃទី​២៨ ឧសភា អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ករណី​មេភូមិ​គ្រង លោក យឹ​ង គឹម​ស្រី​ន និង​មេភូមិ​ក្បាល​ស្នួល លោក ឡុង នឿន បំពាន​ដីធ្លី​ពួកគាត់​ជិត ៨​ហិកតារ​កាន់កាប់​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​។​
​ពលរដ្ឋ​រស់នៅ​ភូមិ​គ្រង លោកស្រី រស់ សុខុម រៀបរាប់ថា លោកស្រី​មាន​ដី​ជិត ៨​ហិកតារ​ឋិត​នៅ​ភូមិ​គ្រង ឃុំ​ស្នួល ស្រុក​ស្នួល កាន់កាប់​នៅ​ឆ្នាំ​២០០៥ ដាំ​ដំណាំ​ដំឡូង សណ្ដែក​រៀងរាល់ឆ្នាំ​។ រហូតដល់​ចុងឆ្នាំ​២០១៥ មេភូមិ​គ្រង លោក យឹ​ង គឹម​ស្រី​ន ហាម​លោកស្រី​មិន​ឲ្យ​ដាំ​ដំណាំ​លើដី​នោះ ដោយ​សំអាងថា ជា​ដី​របស់​មេភូមិ​ក្បាល​ស្នួល លោក ឡុង នឿន​។​

​លោកស្រី​កត់សម្គាល់ថា កាលពី​ឆ្នាំ​២០១២ លោក យឹ​ង គឹម​ស្រី​ន បាន​ហាម​មិន​ឲ្យ​ក្រុមនិស្សិត​វាស់វែង​ដី​របស់​លោកស្រី សំអាងថា ដី​នេះ​កំពុងមាន​វិវាទ​។ ចំណែក​ក្រុមនិស្សិត​បាន​ដក​ទិន្នន័យ​ចេញពី​នៅ​តំបន់​នោះ ស្រាប់តែ​ចុងឆ្នាំ​២០១៥ មេភូមិ​ក្បាល​ស្នួល លោក ឡុង នឿន អះអាងថា គេ​មាន​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដី​នេះ​ស្របច្បាប់​៖ «​លោក ឡុង នឿន គាត់​រំលោភ​ខ្ញុំ អយុត្តិធម៌​ខ្លាំងណាស់​។ ខ្ញុំម្ចាស់​ដី ហើយ​គេ​ធ្វើ​ប្លង់​លើដី​យើង​។ យើង​អ្នក​ម្ចាស់​កម្មសិទ្ធិ​គ្មាន​សិទ្ធិ​ធ្វើ​។ គេ​ហាមឃាត់​មិន​ឲ្យ​ខ្ញុំ​ធ្វើ ហើយ​គេ​គំរាម​ខ្ញុំ​ទៀត យក​ខ្នោះ​កាំភ្លើង​គំរាម​ខ្ញុំ​រក​ចាប់​ខ្ញុំ​ដាក់គុក​»​។​
​ឆ្លើយតប​ការចោទប្រកាន់​នេះ មេភូមិ​គ្រង លោក យឹ​ង គឹម​ស្រី​ន អះអាងថា ពលរដ្ឋ​ដែល​ចោទ​លោក គឺជា​កម្មករ​ចំណាកស្រុក​មក​រស់នៅ​តាំងពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច កូរ៉េ មក​វិនិយោគ​ដី​នៅ​តំបន់​នោះ​មុន​ឆ្នាំ​២០០៨​។ លោក​កត់សម្គាល់ថា ដី​នោះ​ក្រុមនិស្សិត​បាន​វាស់វែង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​ឈ្មោះ ឡុង នឿន តាំងពី​ឆ្នាំ​២០១៣​។ លោក​ថា ដី​នោះ​ជា​ដី​របស់លោក ឡុង នឿន គ្រប់គ្រង​មុនពេល​រដ្ឋាភិបាល​មិនទាន់​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​សម្បទាន សេដ្ឋកិច្ច​របស់​កូរ៉េ មុន​ឆ្នាំ​២០០៧៖ «​ខ្ញុំ​សូមបញ្ជាក់ថា គាត់​មក​តាមរយៈ​ក្រុមហ៊ុន ហើយ​សួរថា គាត់​មាន​ដី​ដែរ​? គាត់​ស្រុកកំណើត​នៅ​ហ្នឹង​ដែរ​? ហើយ ឡុង នឿន កាលពីមុន​ក៏​ធ្វើ​មេភូមិ បច្ចុប្បន្ន​ក៏​ធ្វើ​មេភូមិ​ដែរ​។ ធម្មតា​រដ្ឋ​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ហើយ អ្នកធ្វើការ​ដើរចេញ​ដោយសារតែ​ពេលនោះ​ក្រុមហ៊ុន​ឈូសឆាយ​អ៊ីចឹងទៅ​»​។​
​វិទ្យុ​អាស៊ីសេរី មិនអាច​រក​ប្រភព​ទាក់ទង​មេភូមិ​ក្បាល​ស្នួល លោក ឡុង នឿន ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ​នៅ​ថ្ងៃទី​២៨ ឧសភា​។​
​អភិបាលស្រុក​ស្នួល លោក គង់ គឹម​នី បញ្ជាក់ថា អាជ្ញាធរ​ស្រុក​បានទទួល​ពាក្យបណ្ដឹង​នេះហើយ​។ លោក​ថា អាជ្ញាធរ​មិនអាច​សម្របសម្រួល​វិវាទ​ដីធ្លី​នេះ​បានទេ ព្រោះ​ភាគី​ម្ខាង​មាន​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់រឹង​៖ «​គេ​ចេញ​ប័ណ្ណកម្មសិទ្ធិ គឺ​គេ​បាន​បំពេញ​នីតិវិធី​។ ខាង​សុរិយោដី​គេ​បាន​បិទ​ផ្សាយ​បិទ​អី​សព្វបែបយ៉ាង​ចឹ​ង​។ ផុតពី​ដៃ​អាជ្ញាធរ​ហើយ​»​។​
​មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត ក្រចេះ លោក ឌិន ខ​ន្នី ដែល​បាន​ចុះ​អង្កេត​ករណីនេះ​រកឃើញ​ថា ការផ្តល់​ប្លង់​កម្មសិទ្ធិ​អាចមាន​ភាពមិនប្រក្រតី ខណៈដី​កំពុងមាន​វិវាទ ស្រាប់តែ​ភាគី​ម្ខាង​មាន​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដី​នោះ​។ លោក​ទាមទារ​ឲ្យ​មន្ត្រី​សុរិយោដី ពិនិត្យ​លិខិតបទដ្ឋាន​នានា​ស្ដីពី​ការផ្តល់​ប្លង់​កម្មសិទ្ធិ​នោះ ថា​អនុលោម​តាមច្បាប់ ឬ​យ៉ាងណា​? លោក​ថា ដី​កំពុងមាន​វិវាទ អាជ្ញាធរ​ជំនាញ​ពុំ​អាចមាន​សិទ្ធិ​ផ្តល់​ប្លង់​កម្មសិទ្ធិ​បានទេ ដរាបណា​មិនទាន់​ដោះស្រាយ​ចប់​ជា​ស្ថាពរ​៖ «​មិនដឹង ថា​ចេញ​ប្លង់​យ៉ាងម៉េច បើ​ដី​កំពុងមាន​វិវាទ​។ មន្ត្រី​សុរិយោដី​គួរតែ​ត្រួត​ពិនិត្យឡើងវិញ​ទាក់ទង​ប្លង់​ហ្នឹង​។ ថា​តើ​ប្លង់​ហ្នឹង​ចេញ​ត្រឹមត្រូវ​តាមច្បាប់​អត់​? ចេញ​ដោយ​លក្ខណៈ​ឃុបឃិត ឬ​ចេញ​ដោយ​មន្ទីរ​សុរិយោដី​អ្នកចេញ​។ ចឹ​ង​យើង​គួរតែ​ស្រាវជ្រាវ​ឡើងវិញ​»​។​
​លោកស្រី រស់ សុខុម ឲ្យ​ដឹង​ទៀតថា កាលពី​ខែមីនា ឆ្នាំ​២០១៦ ក្រុមគ្រួសារ​លោក ឡុង នឿន ធ្លាប់​គំរាម​លោកស្រី​ចាប់​ដាក់គុក បើ​លោកស្រី​នៅ​មានះ​ទាមទារ​ដី​នោះ​បន្តទៀត​៕

ចំនួនអ្នកទស្សនា

    20681027

  • ថ្ងៃនេះ251
  • ម្សិលមិញ3511
  • សប្តាហ៍នេះ12901
  • ខែនេះ238571
  • ឆ្នាំនេះ238571
  • សរុប20681027