ខេត្តបាត់ដំបង ៖ អធិការក្រុងបាត់ដំបង ដែលសំបូរទៅដោយរឿងអាស្រូវគ្រប់បែបគ្រប់យ៉ាង លោកយឹម វិចិត្រ ត្រូវបានប្រកាសដកពីតំណែង កាលពីព្រឹកថ្ងៃទី៣០ ឧសភា ២០១៦ នេះ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការខេត្ត លោកស្នងការរង និងនៅចំពោះមុខមន្ត្រីនគរបាលជិត៤០០នាក់ ដែលបានចូល
រួម ។
បើតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ បានសម្រេចដកលោកយឹម វិចិត្រ អធិការក្រុងបាត់ដំបងឱ្យទៅកាន់ដំណែងអនុកណ្ដាលការិយាល័យភស្ដុភារ នៃស្នងការដ្ធាននគរបាលខេត្ត ។ រីឯលោកប៉ាង ហ៊ាង អធិការរងស្រុកសង្កែ ត្រូវបានប្រកាសតែងតាំងជាអធិការក្រុងបាត់ដំបង ជំនួសលោកយឹម វិចិត្រ ដែលមានកេរ្ដិ៍ឈ្មោះមិនសូវល្អ ។
ពិធីប្រកាសផ្លាស់ប្ដូរតំណែងអធិការក្រុងបាត់ដំបងខាងលើនេះ ក៏មានការរៀបចំបំពាក់ឋានន្តរស័ក្ដិ ដល់មន្ត្រីនគរបាលជាង២៥០រូប តែងតាំងមុខតំណែង និងផ្ទេរតំណែងមន្ត្រីមួយចំនួន នៅក្នុងស្នងការដ្ឋានខេត្តផងដែរ ។ ការប្រកាសដកលោកអធិការក្រុងបាត់ដំបងខាងលើនេះ គេសង្កេតឃើញមន្ត្រីតូចតាចមួយចំនួន ហាក់ញញឹមរីកមុខដូចគ្រាប់ជី ខណៈមន្ត្រីដែលស្និទ្ធនឹងលោកអធិការរូបមួយចំនួនសើចសេះ ព្រោះអស់ខ្សែ។