រាជធានីភ្នំពេញ ៖ ស្របពេលដែលសកម្មជនគណបក្សសង្គ្រោះជាតិ ហែរក្បួនទៅដាក់ញត្តិនៅព្រះបរមរាជវាំង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច២ខណ្ឌនៅជាយរាជធានីភ្នំពេញ បានដាក់កម្លាំងត្រួតពិនិត្យ និងទប់ស្កាត់ក្រុមអាវខ្មៅ ដែលឆ្លៀតឱកាសប្រមូលផ្ដុំ និងហែរក្បួនដោយខុសច្បាប់ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។ មន្ត្រីនគរបាលបាននិយាយថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ កម្លាំងដែលដាក់គឺនៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិក្រាំងដូនតី សង្កាត់ចោមចៅ ។
នៅព្រឹកថ្ងៃដដែលនោះ ក្នុងពេលកម្លាំងកំពុងធ្វើការ ស្រាប់តែមានក្រុមអ្នកស្លៀកពាក់ ខ្មៅ១ក្រុមមានគ្នាប្រមាណ១០នាក់មកពីសហគមន៍ SOS បានធ្វើដំណើរ តាមម៉ូតូ និងម៉ូតូរ៉ឺម៉កកង់បី ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងបំណងទៅកាន់ ពន្ធនាគារព្រៃស ដើម្បីទាមទារ ឲ្យមានការដោះលែង មន្ត្រីសិទ្ធិមនុស្ស ៤រូប និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលកំពុងជាប់ឃុំ នៅពន្ធនាគារនោះ។
ប្រភពដដែលបានបន្តថា ខណៈនោះត្រូវបានកម្លាំងធ្វើការរារាំង មិនឲ្យបន្តដំណើរទៅមុខទៀតឡើយ ហើយពួកគេបាននាំគ្នាត្រឡប់ក្រោយវិញ និងបានអះអាងថា ក្រុមអាវខ្មៅពួកគេបានប្រមូលផ្ដុំគ្នា មានចំនួនជាង៤០នាក់ ដែលមកពីសហគមន៍ដីធ្លីចំនួន៤ មិនមែនមានតែប្រមាណ១០នាក់នេះឡើយ។ មិនតែប៉ុណ្ណោះ ក៏ត្រៀមប្រមូលផ្ដុំមនុស្សជាង១០០នាក់ ដើម្បីបង្ហោះប៉េងប៉ោង ពណ៌ខ្មៅដែលមានសរសេរអក្សរជាសារទាមទារ ដោះលែងអ្នកទាំង៤នាក់នោះថែមទៀតផង។ ទោះបីបែបណាក្រោយពេលដែលកម្លាំងសមត្ថកិច្ច រារាំងក្រុមថ្ងៃច័ន្ទពណ៌ខ្មៅទាំងនោះ បានត្រឡប់ក្រោយវិញ មិនបន្តដំណើរទៅមុខទៀតឡើយ។
ដោយឡែកនៅក្នុងខណ្ឌដង្កោឯណោះវិញ ក៏មានការដាក់ពង្រាយកម្លាំងផងដែរ នៅតាមផ្លូវព្រៃស វត្តស្លែង ត្រង់ចំណុចភូមិព្រៃស សង្កាត់ព្រៃស ហើយមិនមានក្រុម ថ្ងៃចន្ទ័ពណ៌ខ្មៅ ឆ្លងកាត់ទេគឺមាន ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ដែលមួយចំនួនបានប្រមូលផ្ដុំគ្នា ដើម្បីធ្វើដំណើរ ទៅកាន់ទីស្នាក់ការគណបក្សរបស់ខ្លួន នៅសង្កត់ចាក់អង្រែក្រោម ។ នៅខណៈនោះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងមិនឲ្យពួកគេ កាន់បដា និងហែរជាក្បួននោះឡើយ បន្ទាប់មកពួកគេបានធ្វើដំណើរខ្លះតាមម៉ូតូ និងខ្លះតាមម៉ូតូរ៉ឺម៉កកង់បី ចាកចេញពីទីស្នាក់ការគណបក្សខណ្ឌ ស្ថិតនៅក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ទៅកាន់ទីស្នាក់ការគណបក្សនៅឯ សង្កាត់ចាក់អង្រែក្រោម បានដដែល៕