ទោះជា​ត្រូវ​បង្ហូរឈាម​ក៏​ធ្វើ​ដែរ​ឲ្យ​តែ​បាន​ដី​វត្ត​មកវិញ​

01-June-2016 | ដោយ មែន កំសត់


​ខេត្តកណ្តាល ៖ ទំនាស់​ដីធ្លី​របស់​វត្ត​ដ៏​រាំ​រ៉ៃ​មួយកន្លែង​ស្ថិតនៅក្នុង​វត្ត​សំរោង ធំ ភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រវាង​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជាង​១០០​អង្គ​/​នាក់​មាន ក្តីក្តាំ​គ្នា​ជាមួយ​បុគ្គល​បី​បួន​នាក់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ចាប់ពី​សាលាដំបូង​រហូត​ដល់​ឧ​ទ្ធ​ណ៍ និង​តុលាការ​កំពូល បាន​កាត់ក្តី​ឲ្យ​ខាង​ភាគី​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ចាញ់ក្តី ។ ដោយ​ទ​ទូល​រង​នូវ​ភាពអយុត្តិធម៌​ជាទីបំផុត​បែបនេះ​ធ្វើ​ឲ្យ​ពូក​គាត់​កើត ទុក​មិន​សុខ​ចិត្តបាន​និមន្ត និង​នាំគ្នា​ឡើងទៅ​តវ៉ា​នៅមុខ​តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​ស្វែងរក​យុត្តិធម៌ ទាមទារ​យក​ដី​របស់​វត្ត​មក​ទុកជា​សម្បត្តិ​រួម​វិញ ដាច់ខាត​មិន​ឲ្យ​ធ្លា​ក់លើ​ដៃ​បុគ្គល​ឯកជន​បី​បួន​អ្នក​ដែលជា​ទមិឡ​ឥត សាសនា​មិន​ស្គាល់​បាប​មិន​ស្គាល់​បុណ្យ​ឃុបឃិត​គ្នា​ចង់យក​ដី​វត្ត​ទៅ​លក់ ឲ្យ​អ្នកមាន​លុយ​មានអំណាច​ឡើយ ។​
​លោក ប៉ែន ប៊ុន​ថា គណៈកម្មការ​វត្ត​សំរោង​ធំ មាន​ប្រសា​ស​ន៏​ថា ការនាំគ្នា​ទៅ​ឈរ​នៅមុខ​បរិវេណ​តុលាការ​កំពូល​នេះ គឺ​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​សម្រេច​កាត់ក្តី​ឈរលើ​គោលការណ៍​យ​ត្តិ ធម៌ ខណៈដែល​ដី​របស់​វត្តមាន​ប្លង់រឹង​ត្រឹមត្រូវ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាន់កាប់​ដឹង​ឮជា​សាធារណៈហើយ បែរជា​តុលាការ​កំពូល​កាត់ក្តី​ឲ្យ​វត្ត​ចាញ់ក្តី​ទៅវិញ រីឯ​ភាគី​ដែល​ចង់បាន​ដី​វត្ត​គ្មាន​ឯកសារ​អ្វី​ទាំងអស់ ឈ្នះក្តី​ដោយ​អយុត្តិធម៌​បំផុត ។​

​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​ជាច្រើន​បានលើកឡើង​ដែរ​ថា ដី​វត្ត​នេះ​ជា​ដី​កម្ម​សិទ្ឋិ​របស់​វត្ត​ពិតប្រាកដ​មែន ដែល​បាន​កាន់កាប់​ក្រោយ​ឆ្នាំ​១៩៩៤​មកម្ល៉េះ និង​បាន​ធ្វើជា​ប្លង់​កម្ម​សិទ្ឋិ​របស់​វត្ត​ចាប់តាំងពី​ឆ្នាំ​២០០៥ ហើយ​ចាប់តាំងពី​ពេល​នោះមក​ចាប់ផ្តើម​ដី​មាន​ហាងឆេង ស្រាប់​តែមាន​បុគ្គល​ឈ្មោះ ឈុំ មុន្នី មកប្តឹង​ទាមទារ​យក​ដី​វត្ត​ដោយ​សំ​អា​ថា ជា​ដី​របស់​អតីត​សេនាជន​ភូមិ​ដោយ​គ្មាន​ហេតុផល​និង​គ្មាន​ឯកសារ​កាន់កាប់ អ្វី​ទាំងអស់ ហើយ​បែរជា​តុលាការ​កំពូល​កាត់​ឲ្យ​វត្ត​ចាញ់ក្តី​ទៅវិញ ។​

​ព្រះចៅអធិការ​វត្ត​សំរោង​ធំ ព្រះនាម យ៉ាន វណ្ណ​ធឿន បាន​មាន​សង្ឃដីកា​ថា ករណី​រឿង​ក្តីក្តាំ​ដី​វត្ត​ជាង​២​ហិកតា​ជាមួយ​បុគ្គល​ឯកជន​នេះ​រយៈពេល​១១ ឆ្នាំ​ហើយ ដោយ​ចូលទៅ​សាលាដំបូង​ខេត្ត​ឲ្យ​វត្ត​ចាញ់ក្តី រហូតមកដល់​ព្រឹក​នេះ​សាលា​ឧ​ទ្ធ​ណ៍​កាត់​ឲ្យ​វត្ត​ចាញ់ក្តី និង​ប្រគល់​ដី​ទៅ​ឲ្យ​បុគ្គល​ឈ្មោះ ឈុំ មុន្នី នេះ​គឺជា​រឿង​មិន​ប្រក្រតី ឬ​ហៅថា​ជា​អំពើពុករលួយ ដោយ​បុគ្គល​ឈ្មោះ ឈុំ មុន្នី មិនបាន​កាន់កាប់​អាស្រ័យ​ផល​លើដី​នោះទេ ចំណែក​វត្តមាន​សាក្សី​រស់ គឺ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​-​ឃុំ និង​មាន​ដាំ​ដើមឈើ​ដុះ​ច្រូង​ច្រាំង បែរជា​តុលាការ​កំពូល​កាត់ក្តី​ឲ្យ​វត្ត​ចាញ់​ដ៏​អយុត្តិធម៌​ទៅវិញ ។​
​ពាក់ព័ន្ធ​ករណី​ខាងលើនេះ មិនអាច​សុំ​ការបំភ្លឺ​ពី​បុគ្គល​ឈ្មោះ ឈុំ មុន្នី ដែលជា​ភាគី​ឈ្នះក្តី និង​ចៅក្រម​សម្រេច​ក្តី​នោះទេ ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែលជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​សំរោង​ធំ មិន​សុខចិត្ត​ទៅនឹង​ការសម្រេច​ក្តី​នោះទេ​ហើយ​ថា នឹង​តវ៉ា​ទាមទារ​ស្វែងរក​យុត្តិធម៌​ទៅ​ព្រះមហាក្សត្រ និង​សម្តេចនាយក​រដ្ឋមន្ត្រី ឬ​ស្ថាប័ន​ពាក់​ព័​ន្ឋ​ដ៏ទៃទៀត ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌​ប្រគល់​ដី​នេះ​មកជា​កម្ម​សិ ទ្ឋិ​រួម​របស់​វត្ត​វិញ ហើយ​ថា ទោះជា​បង្ហូរឈាម​ក៏ត្រូវ​ទាមទារ​ដី​នេះ​ឲ្យ​បាន​មកជា​សម្បត្តិ​រួម​របស់ វត្ត​វិញ ព្រោះ​បើ​បាត់​ដី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នឹង​បាត់​ផ្លូវ​និមន្ត​ឬ​ដើរ​ចុះទៅ​ទន្លេ​គ្រាន់​ដឹក​ទឹក យកមកប្រើ​ប្រាស់​មុជ ដាំ​ស្ល និង​ដឹក​សត្វ​គោ​ចុះទៅ​លាង​ទឹកទន្លេ ជាពិសេស​ផ្លូវ​នេះ​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង និង​ខេត្តកណ្តាល ធ្វើការ​ដឹកជញ្ជូន​ទំនិញ និង​កសិផល​ផ្សេងៗ​ទៅកាន់​ទីផ្សារ​ព្រោះ​ជា​ចំណុច​កំពង់ដរ ។​
​ប្រភព​ក្រៅផ្លូវការ​និយាយថា ការដែល​បុគ្គល​ឈ្មោះ ឈុំ មុន្នី ឃុបឃិត​គ្នា​ចង់បាន​ដី​វត្ត​នេះ គឺ​ដើម្បី​យកទៅលក់​ឲ្យ​ឈ្មួញ​ដី​ដ៏​ធំ​មួយ​ដែលមាន​ក្រុមហ៊ុន​នៅ​ជិត​ដី វត្ត ព្រោះ​សងខាង​គេ​ទិញ​អស់ហើយ​នៅ​ស្ទះ​តែ​ដី​វត្ត​ទេ ទើប​ថៅកែ​ដី​ដ៏​ធំ​ដែលជា​អ្នកមាន​លុយ​មានអំណាច​ក្នុងស្រុក​ខ្មែរ​នោះ ញុះញុង​ឈរ​នៅ​ពី​ខាងក្រោយ​ខ្នង ហេតុដូច្នេះ​ទើប​អស់លោក​តុលាការ​គ្រប់​ថ្នាក់​កាត់​ឲ្យ​ភាគី​ខាង​វត្ត ចាញ់ក្តី​ដោយ​អយុត្តិធម៌ ៕

ចំនួនអ្នកទស្សនា

    20682257

  • ថ្ងៃនេះ1481
  • ម្សិលមិញ3511
  • សប្តាហ៍នេះ14131
  • ខែនេះ239801
  • ឆ្នាំនេះ239801
  • សរុប20682257