ភ្នំពេញ ៖ លោកឧកញ៉ាទ្រី ភាព គ្រោងនឹងចាប់ផ្ដើមសាងសង់កំពង់ផែខ្នាតអន្តរជាតិមួយដែលមានតម្លៃ៣០០ លានដុល្លារអាមេរិកនៅឆ្នេរសមុទ្រខេត្តកំពតនៅចុងឆ្នាំនេះ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនប្រាប់ដល់បណ្ដាញសារព័ត៌មាន ក្នុងស្រុកមួយកាលពីម្សិលមិញ។
កំពង់ផែថ្មីនេះនឹងជាការ អភិវឌ្ឍន៍រួមមួយរវាងក្រុមហ៊ុន Hutchison Port Holdings Limited របស់កោះ British Virgin Islands ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បន្ទាប់ពីក្រុមហ៊ុនពីរនេះបានចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយកាលពីថ្ងៃទី ៣០ ខែឧសភា។
លោក ឃៀង សុជីវ័ន្ត ជំនួយការរបស់លោក ទ្រី ភាព បានបញ្ជាក់ថាកំពង់ផែនេះនឹងមានទីតាំងនៅលើផ្ទៃដីទំហំ៥០ហិកតាក្នុង ចំណោមផ្ទៃដី៣០០ហិកតា ដែលមានទីតាំងនៅស្រុកទឹកឈូ ខេត្តកំពត។
លោក សុជីវ័ន្ត បានបន្ដថាកំពង់ផែ នេះនឹងចូលជ្រៅចម្ងាយ៣គីឡូម៉ែត្រទៅក្នុងសមុទ្រក្នុងជម្រៅ១៥ ម៉ែត្រ។ ការបង្កើតកំពង់ផែននេះនឹងអាចទទួលនាវាដឹកទំនិញចំណុះ២០.០០០ តោន និងអាចត្រូវបានប្រើប្រាស់ក្នុងការនាំចូលប្រេង។
លោកថា “នេះជាកំពង់ផែស្ដង់ដាដែលយើងបានវិនិយោគ៣០០លានដុល្លារជាមួយដៃគូ របស់យើងមកពីទីក្រុងហុងកុងដែលជាអ្នកជំនាញ សាងសង់កំពង់ផែ”។ ចំណែកលោក សឹម សុទ្ធា នាយកនៃខុទ្ធកាល័យខេត្តកំពតបានបញ្ជាក់ថាក្រុមហ៊ុន ទ្រី ភាព របស់លោក ទ្រី ភាព បានទទួលការអនុញ្ញាតសម្រាប់គម្រោងផែនការមេរបស់កំពង់ផែនេះចាប់ តាំងពីឆ្នាំមុនម្ល៉េះ៕