រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ឧកញ៉ា ឌួង ឆាយ បានជួយដល់ក្មេងៗជាច្រើននាក់ ជាពិសេសក្មេងៗ ដែលមានជំងឺ ហើយឪពុកម្ដាយគ្មានថវិកានាំយកកូនទៅព្យាបាលជំងឺ ហើយក៏បានធ្វើការណែនាំដល់អាណាព្យាបាល ឲ្យយកក្មេងៗទាំងនោះ ទៅព្យាបាលនៅពេទ្យល្អថែមទៀតផងដែរ។ សកម្មភាពសប្បុរសធម៌នេះ គឺផ្ដើមចេញពីកូនប្រុសច្បងរបស់លោកផ្ទាល់ មានជំងឺធ្ងន់ធ្ងរ រហូតបញ្ចូនទៅដល់ពេទ្យក្រៅស្រុក ហើយមកដល់ពេលនេះ កូនរបស់លោក នៅតែមិនទាន់បានស្រួលបួលល្អនៅឡើយ។
ចំណុចនេះហើយ ដែលជំរុញឲ្យលោក ចេះតែអាណិតអាសូរចំពោះអនាគតក្មេងៗ ដែលជាទំពាំងស្នងឫស្សីទៅថ្ងៃមុខ ទោះកូនគេក្តី កូនលោកក្តី សុទ្ធតែមិនអាចមើលឃើញពីអនាគតរបស់ពួកគេទេ ដូច្នេះហើយ ទើបនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ លោកបានបង្ហោះនៅលើបណ្ដាសង្គមហ្វេសប៊ុកផេករបស់លោកផ្ទាល់ ដោយបង្ហាញនៅការអាណិតអាសូរដល់ជីវិតកុមារីម្នាក់ មានជីវភាពទីទាល់ ដើររើសអេតចាយក្នុងគំនរសំរាមជាមួយឪពុកនៅពេលយប់ៗ ដើម្បីបានលុយរៀនសូត្រ។
ឧកញ៉ារូបនេះបានបង្ហោះនៅលើបណ្ដាញសង្គមថា៖ "ខ្ញុំបាទ ឌួង ឆាយ នឹងអោយយុវជនខ្ញុំបាទ ចុះទៅសួរសុខទុក្ខក្រុមគ្រួសាររបស់កុមារីដ៏កម្សត់ម្នាក់ ដែលជាទំពាំងស្នងឫស្សីមួយ ដែលប្រទេសកម្ពុជាកំពុងត្រូវការ ខំរៀនក្មួយស្រី ពូសូមសរសើរដល់ក្មួយដែលមានការតស៊ូខ្ពស់ ដើម្បីយកប្រាក់មកសិក្សា"។
លោកបានបញ្ជាក់ថា កុមារីរូបនេះ ជាសិស្សរៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាវត្តទួលទំពូង។ បច្ចុប្បន្នរស់នៅជាមួយឪពុក ជួលផ្ទះគេស្នាក់នៅម្ដុំរង្វង់មូលផ្សារដើមថ្កូវ រាជធានីភ្នំពេញ។ នៅពេលយប់ នាងបានចេញទៅកាយលើគំនរសំរាម ដើម្បីរើសសម្បកកម្ទេចកំទីទុកលក់ ជាមួយឪពុកពិការជើង ដែលអង្គុយតែលើរទេះរុញ ហើយក្នុងមួយយប់ នាងតូច និងឪពុកពិការនោះ អាចរកប្រាក់បានត្រឹម ៤ ឬ៥ពាន់រៀលប៉ុណ្ណោះ ប៉ុន្តែលុយតិចតូចទាំងនោះ ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ក្រពះដ៏សែនស្រេកឃ្លានរបស់ពួកគេ ផងដែរ៕