ភ្នំពេញ ៖ ប្រធាន អនុប្រធាន និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន៤រូបត្រូវបានលោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ដោយចោទថា សង្ស័យបានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ក្នុងការតែងតាំង និងការធ្វើសមាហរណកម្មមន្ត្រីរាជការ ក្នុងគ.ជ.បដែលប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៦។
យោងតាមពាក្យបណ្ដឹងរបស់ប្រធានសមាគមមួយនេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ទាំង៤រូប ដែលរងបណ្ដឹងនោះរួមមានលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប , លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប, លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប និងលោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរងនៃ គ.ជ.ប។
ក្នុងពាក្យបណ្តឹងរបស់ លោក រស់ សារ៉ុម បានបញ្ជាក់ថា សមាគមរបស់លោកបានឃ្លាំមើលយ៉ាងដិតដល់ចំពោះការអនុវត្តន៍ច្បាប់របស់ សមាជិកគ.ជ.ប ទាំង៩រូប ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែងក្នុងខែមេសា ឆ្នាំ២០១៥ ហើយរកឃើញថា សមាជិកគ.ជ.ប ជាពិសេស ប្រធាន អនុប្រធាន អ្នកនាំពាក្យ និងអគ្គលេខាធិការង ទាំង៤រូបខាងលើបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ក្នុងការតែងតាំងមន្ត្រីរាជការ ចាប់ពីថ្នាក់នាយកដ្ឋាន រហូតដល់អនុការិយាល័យក្នុងអគ្គលេខាធិការដ្ឋាននៃ គ.ជ.ប បច្ចុប្បន្ន។
ឆ្លើយតបទៅនឹងបណ្ដឹងនេះ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់រស្មីកម្ពុជាថា មន្ដ្រីគ.ជ.ប ក៏ដូចជារូបលោកផ្ទាល់ទាំង៤នាក់ ពុំមានការព្រួយបារម្ភអ្វីទេ ចំពោះបណ្ដឹងមួយនេះ។
លោកបានបន្ដថា “នេះជាពាក្យបណ្ដឹងមួយដែលសមីខ្លួនបានសរសេរប្ដឹងទៅអង្គភាពប្រឆាំង អំពើពុករលួយ...សមីខ្លួនដែលបានរៀបចំពាក្យបណ្ដឹងនេះ មិនបានយល់ច្បាស់ពីដំណើរការប្រព្រឹត្តទៅនៃគណៈកម្មាធិការរៀបចំកា របោះឆ្នោតនោះទេចំពោះការបំពេញតួនាទីទាំងការធ្វើសមាហរណកម្ម និងការរៀបចំក្រមខណ្ឌមន្ដ្រីបុគ្គលិក”។
លោកហង្ស ពុទ្ធា បានបញ្ជាក់ថា យ៉ាងណានោះ អ្នកដាក់ពាក្យបណ្ដឹងនេះត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការដាក់ ពាក្យបណ្ដឹងនេះ ព្រោះនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចជាកិត្តិយសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហេតុនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងមានវិធានការផ្លូវច្បាប់តបវិញ៕