មន្ត្រី​ប៉េអឹម​មួយចំនួន​នៅ​ខត្ត​កំពង់ស្ពឺ និង​ពោធិសាត់ ដែល​បាន​ឃុបឃិត​គ្នា​នាំ​ឈើប្រណិត​ចេញទៅ​វៀតណាម​

06-June-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ប៉េអឹម​ផ្ទៃ​ប្រទេស​បាន​ប្រាប់ ឲ្យ​ដឹងថា លោកនាយ​ឧ​ត្ត​ម​ស​នី​យ៍ សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​អាច​ឲ្យ​អធិការកិច្ច ចំពោះ​កណី​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ប៉េអឹម​មួយចំនួន​នៅ​ខត្ត​កំពង់ស្ពឺ និង​ពោធិសាត់ ដែល​បាន​ឃុបឃិត​គ្នា​នាំ​ឈើប្រណិត​ចេញទៅ​វៀតណាម​។
    
​ការគ្រោង​ឲ្យ​អធិការកិច្ច​ចុះទៅ​ពិនិត្យមើល​រឿងនេះ គឺ​បន្ទាប់ពី​មាន​សារ​ព័​ត៍​មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា មន្ត្រី​អាវុធហត្ថ មួយចំនួន​មានការ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​រកស៊ី​ដឹកឈើ​ក្រញូង​នាំចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​ដឹក​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ឆ្លងកាត់​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​ផ្គើន​ទៅ​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​
    
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មន្ត្រី​ដែល​ពាក់ព័ន្ធ​នៅក្នុង​រឿង​ដឹកឈើ​ក្រញូង​ទៅ​វៀតណាម​ហើយ​ដែល​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់ គឺមាន​ឈ្មោះ ឆេង ឡុង នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​។ ឈ្មោះ ម៉ៅ មន្ត្រីប៉ូលិស​ស្រុក​ក្រគរ ។ ឈ្មោះ ជាតិ មន្ត្រី​អាវុធហត្ថ​ស្រុក​ក្រគរ ។ ឈ្មោះ វ៉ាន់ មន្ត្រី​អាវុធហត្ថ និង​មានការ​ពាក់ព័ន្ធ​មន្ត្រី​មួយចំនួនទៀត​។​
    
​ឈើ​ប្រណីត​ដែល​ឈ្មួញ​ដឹក​ចេញពី​ស្រុក​ឱ​រ៉ា​ល់ ពេលយប់​យកទៅលក់​នៅ​វៀតណាម ដឹក​ចេញ​តាម​ច្រកទ្វារព្រំដែន​ទាន់ហន់ ខេត្តកំពត​។ ហើយ​ឈើប្រណិត​ទាំងនោះ ក្រុម​ឈ្មួញ​ប្រមូល​ទិញ​តាំងពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។ ពេល​ឈើ​ដឹក​ឆ្លង​ទឹកដី​ខេត្តពោធិ៍សាត់ គឺ​ឈ្មោះ ម៉ៅ ជា​មន្ត្រីនគរបាល​ស្រុក​ក្រគរ  និង​ឈ្មោះ ជាតិ ជា​មន្ត្រី​អាវុធហត្ថ​ស្រុក​ក្រគរ ជា​អ្នក​រត់ការ​។ ហើយ​នៅពេល​ចូលទៅ​ដល់​ដី​ខេត្តកំពង់ស្ពឺ គឺ​គ្រប់គ្រង និង​រត់ការ​ដោយ​ឈ្មោះ ឆេង ឡុង និង​ឈ្មោះ ថេ​ង ។ លុះ​ពេលទៅដល់​ទឹកដី​ខេត្តកំពត​មាន​អ្នក​រត់ការ​ផ្លូវ​ផ្សេងទៀត ដោយ​ក្នុង​នោះគេ​ដឹងថា​មាន​មន្ត្រី​អាវុធហត្ថ​ម្នាក់ ។​

​លោក​ឆេង ឡុង នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានបញ្ជាក់​ថា​លោក​មិនមាន​ការជាប់​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ទេ មិនមែនជា​ការពិត​ទេ​។​

​ចំណែក​លោក​ឧ​ត្ត​ម​ស​នី​យ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់ថា នៅពេល​មាន​ព័ត៌មាន​បែបនេះ​ខាង​អាវុធហត្ថ​ខេត្ត​គេ​ត្រូវ​ហៅ​មក​សួរនាំ​ហើយ និង​មួយ​ជំហាន​ទៀត លោកនាយ​ឧ​ត្ត​ម​ស​នី​យ៍ សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​អាច​ឲ្យ​អធិការកិច្ច​ឬមួយ​ធ្វើ​ចំពោះ​កិច្ច​ចុះ​ត្រួតពិនិត្យ​តាម​ក្រោយ​។​
    
​រីឯ​លោក ជូ សារុន មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​៤​ខែមិថុនា​ថា​ទាក់ទង​ករណីនេះ លោក​បាន​សួរ​លោក​ឆេង ឡុង រួចហើយ ដោយ​គាត់​បាន​ប្រាប់ថា គាត់​ឈប់​រក​យូរហើយ ហើយ​កូនប្រសារ​គាត់​ទេ ដែលជា​អ្នករក​មុខ​របប​នឹង តែ​ឈ្មោះ​គាត់​ជាប់​រហូត​។ ហើយ​នៅ​ពេលឮ​ព័ត៌មាន លោក​ក៏បាន​ហៅ​គាត់​មក​សួរនាំ ហើយ​គាត់​ថា កូន​គាត់​រកស៊ី​អី​ខុសច្បាប់ គាត់​អត់​ដឹង​ទេ គាត់​គ្រាន់តែ​ដឹងថា កូន​គាត់​រកស៊ី​ឈើ​គ្រឿងផ្ទះ ហើយ​នាំ​ទៅណា​លោក​អត់​ដឹង​ទេ​។ ហើយ​គាត់​ធ្លាប់ធ្វើ​កិច្ចសន្យា​តាំងពី​មេបញ្ជាការ​ចាស់​នៅ​។​

​លោក​បាន​បន្តថា ចំពោះ​ការចុះ​ធ្វើ​អធិការកិច្ច​លើ​រឿងនេះ គឺ​លោ​កនៅ​មិនទាន់​បានដឹង​ទេ​។​
​ទាក់ទង​ករណី​ខាងលើនេះ មាន​មន្ត្រី​ខ្លះ​កំពុងតែ​ជួយ​អ្នករត់​ការបិទបាំង​រឿងនេះ ដើម្បី​កុំ​អោយដឹង​ដល់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​៕

ចំនួនអ្នកទស្សនា

    20770107

  • ថ្ងៃនេះ961
  • ម្សិលមិញ4321
  • សប្តាហ៍នេះ8221
  • ខែនេះ84411
  • ឆ្នាំនេះ327651
  • សរុប20770107