ក្រុមគ្រួសារ​យុវជន​ជិះ​ម៉ូតូ​គេច ត្រូវ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ បាញ់​របួស​ជើង អំពាវនាវ​រក​យុត្តិធម៌​

06-June-2016 | ដោយ មែន កំសត់


​កំពង់ឆ្នាំង​៖​បុរស​២​នាក់ ក្នុងនោះ ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាញ់​ឲ្យ​របួស​ជើង កាលពី​រសៀល​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​អះអាងថា ដំបូង​ជា​ករណី​អនុវត្ត​ច្បាប់​ចរាចរណ៍ តែ​ក្រោយមក​ថា ជា​ករណី​បង្ក្រាប​គ្រឿងញៀន​ទៅវិញ​។​

​ករណីនេះ ក្រុមគ្រួសារ​ជនរងគ្រោះ​បានមក​ជួប​អ្នកយកព័ត៌មាន​យើង ដោយ​សុំ​អំពាវនាវ​ឲ្យ​ជួយ​រក​យុត្តិធម៌​ពី​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ព្រោះតែ​ពួកគាត់​ជា​ក្រុមគ្រួសារ​បាន​អះអាងថា មនុស្ស​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​បាញ់​របួស​ជើង​ចាប់ខ្លួន​នោះ ជា​មនុស្ស​បរិសុទ្ធ តែដោយសារ​តែ​គ្នា​ជិះ​ម៉ូតូ​ខុសច្បាប់ គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់ និង​គ្មាន​ប្រាក់​សម្រាប់​បង់​ការផាកពិន័យ ទើប​ជិះ​ម៉ូតូ​គេច​ចេញពី​សមត្ថកិច្ច​ក្នុងពេល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក តែ​ក្រោយមក​បែរជា​សមត្ថកិច្ច​បាន​បង្ខំ​ឲ្យ​គេ​សារភាពថា គេ​មាន​ថ្នាំញៀន​៣​កញ្ចប់​ទៅវិញ​។​
​លោកស្រី មាស ស្រី មាន​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ម្តាយ និង​ជា​ម្តាយមីង​បុរស​ទាំង​២​នាក់ ខាងលើ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា បាន​ជួប​ក្រុមអ្នកកាសែត ដោយបាន​រៀបរាប់​ឲ្យ​ដឹងថា បុរស​ទាំង​២​នាក់ មាន​ទី​១​ឈ្មោះ អ៊ុត សំ​អៀង អាយុ​២៥​ឆ្នាំ ជាជាង​សំណង់ បាន​រងរបួស ត្រូវ​គ្រាប់កាំភ្លើង​ចំ​កំភួនជើង និង​ទី​២​ឈ្មោះ អឿន សុធា​រ៉ា អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​នំ​តាម​រ៉ឺម៉ក​ម៉ូតូ នៅតាម​សាលារៀន ពួកគេ​រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង​។​

​ពួកគាត់​បាន​បន្តថា នៅ​ថ្ងៃកើតហេតុ ពួកគេ​ទាំងពីរ​នាក់ បាន​ដោះ​ម៉ូតូ​ពី​រ៉ឺម៉ក​លក់​នំ ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​ខេត្តកំពង់ឆ្នាំង ទៅលេង​បងប្អូន​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ត្រឡប់មកវិញ ដល់​ចំណុច​ភូមិ​ឃ្លាំង​សាំង ខណ្ឌឫស្សីកែវ បាន​ជួបនឹង​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ នៅពេលនោះ​ដោយសារ​ម៉ូតូ​ពួកគេ​គ្មាន​ផ្លាកលេខ គ្មាន​កញ្ចក់ អត់​ប្រាក់​បង់ថ្លៃ​ផាកពិន័យ ដោយ​គេ​ទាំង​២​នាក់ មាន​ប្រា​ក់ជាប់​ខ្លួន​តែ​៥៦០០​រៀល​ប៉ុណ្ណោះ ទើប​ជិះ​ម៉ូតូ​គេច​ចេញពី​សមត្ថកិច្ច ក៏ត្រូវ​សមត្ថកិច្ច​បាញ់ បណ្តាល​ឲ្យ​រងរបួស​ជើង ឈ្មោះ អ៊ុត សំ​អៀង​។ នៅពេល​រងរបួស ក៏មាន​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ នៅ​កន្លែងកើតហេតុ បានឃើញ​សមត្ថកិច្ច​ឆែកឆេរ​លើ​ខ្លួន​មនុស្ស​ទាំង​២​នាក់ និង​នៅក្នុង​ម៉ូតូ​មិនឃើញ​មាន​អ្វី​នោះទេ ហើយ​សមត្ថកិច្ច​បាន​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​។ ស្រាប់តែ​យប់នោះ សមត្ថកិច្ច​បាន​វាយ​បង្ខំ​ឲ្យ​កូន និង​ក្មួយ​ពួកគាត់​ទទួលស្គាល់​ថ្នាំញៀន​៣​កញ្ចប់​ថា ជា​របស់ខ្លួន​ទៅវិញ (​កូន និង​ក្មួយ បាន​ទូរ​សព្ទ័​ប្រាប់​ពួកគាត់​) មិនតែប៉ុណ្ណោះ សមត្ថកិច្ច​មិនបាន​ឲ្យ​អ្នករបួស​ទៅ​ពេទ្យ​ព្យាបាល​ឡើយ គឺ​គ្រាន់តែ​ទិញ​ថ្នាំពេទ្យ​យកមក​បិតរ​បួស​ក្នុង​បន្ទប់​ឃុំខ្លួន ហើយ​នៅពេល​ក្រុមគ្រួសារ​សុំ​ជួប​ពួកគេ គឺ​សមត្ថកិច្ច​ឲ្យ​ជួប​បានតែ​៥​នាទី​ប៉ុណ្ណោះ​។​
​លុះ​នៅ​ល្ងាច​ថ្ងៃទី​៥ ខែមិថុនា​នេះ ពួកគាត់​បានទទួល​ដំណឹង​ថា កូន និង​ក្មួយ​ពួកគាត់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅ​តុលាការ ហើយ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ទៅហើយ​។ ហេតុនេះ ទើប​ក្រុមគ្រួសារ ជនរងគ្រោះ​សុំ អំពាវនាវ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តាជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​អនុគ្រោះ​ផង​។​

​ជុំវិញ​ការលើកឡើង​របស់​ភាគី​ម្ដាយ និង​ម្ដាយមីង​ជន​ទាំងពីរ​ខាងលើ យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​បានទេ គឺ​ទទួលបាន​ព័ត៌មាន​តែ​ពី​ខាង​ក្រុមគ្រួសារ​ជនរងគ្រោះ​តែប៉ុណ្ណោះ​ថា សមត្ថកិច្ច​បាន​ចោទប្រកាន់​ក្មួយ និង​កូន​ពួកគាត់​ទាំងពីរ​នាក់ មាន​ថ្នាំញៀន​៣​កញ្ចប់ ជាប់​ខ្លួន ទើប​ព្យាម​យាម​គេច​ពី​សមត្ថកិច្ច​ក៏ត្រូវ​សមត្ថកិច្ច​បាញ់​បណ្តាល​ឲ្យ​រងរបួស​៕

ចំនួនអ្នកទស្សនា

    20683737

  • ថ្ងៃនេះ2961
  • ម្សិលមិញ3511
  • សប្តាហ៍នេះ15611
  • ខែនេះ241281
  • ឆ្នាំនេះ241281
  • សរុប20683737