សម្តេច​តេ​ជោ ហ៊ុន សែន​៖ បក្សនយោបាយ​មួយ មិនគួរ​ទុក​ឲ្យ​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់ បំផ្លាញ​បក្ស​តាមរយៈ​ការការពារ​អំពើ​ខុសច្បាប់​បុគ្គល​នោះទេ

06-June-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា អង្គការ​ចាត់តាំង​នយោបាយ ឬ​អង្គការ​ចាត់តាំង​មនុស្សធម៌​មួយចំនួន មិនគួរ​ទុក​ឲ្យ​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់​បំផ្លាញ​នូវ​បក្សនយោបាយ​មួយ ឬ​បំផ្លាញ​នូវ​អង្គ​ការចាត់​នយោបាយ​មួយ​តាមរយៈ នៃ​ការការពារ​អំពើ ខុសច្បាប់​របស់​បុគ្គល​នោះទេ ហើយ​អ្នក​ខុសត្រូវ​ចេញមុខ​ទទួលខុស​។​

​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​កាត់​ឫស្ស​សីមា​នៅ​ព្រះវិហារ ព្រះវិហារ វត្ត​មឿង​ចា​រ្យ​លិ​ខិ​តា​រាម ស្ថិតនៅ​ភូមិ​មឿង​ចា​រ្យ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​

​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​សំដៅចំ​បក្សនយោបាយ​ណាមួយ​នោះទេ តែ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា អាច​ដឹងបាន​ថា ប្រសាសន៍​របស់ សម្តេច​តេ​ជោ អាច​នឹង​សំដៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជួប​គ្រោះ និង​ស្ថានការណ៍​អាក្រក់​ខ្លាំង​នាពេល​ប​ច្ចុ ប្បន្ន ដោយសារតែ​ប្រធានស្តីទី​គណបក្ស គឺ​លោក កឹម សុខា កំពុង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ផ្តើមចេញពី​រឿងអាស្រូវ​ស្នេហា​របស់លោក​។ មកទល់ពេលនេះ លោក កឹម សុខា មិនអាច​ចេញទៅ​កន្លែង​ណា​បាន​នោះឡើយ ពោលគឺ​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ទី​ស្នាក់​ក្រោម​ការកៀងគរ អ្នកគាំទ្រ​មក​ការពារ​ពី​ការ តាមច្បាប់​របស់​កម្លាំង​សមត្ថកិច្ច ក្រោយ​លោក​បដិសេធ​មិន​ចូល​បំភ្លឺ​តាម​ការ កោះហៅ​របស់​តុលាការ​ចំនួន​ពីរដង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មាន​អ្នកខ្លះ​ខុស​ខ្លួនឯង បែរជា​ទៅយក​ទីកន្លែង ឬ​មនុស្ស​មួយក្រុម​ដើម្បី​ការពារ​ខ្លួន​។ សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​ជឿជាក់ថា អង្គការ​ចាត់តាំង​នយោបាយ ឬ​អង្គការ​ចាត់តាំង​មនុស្សធម៌​មួយចំនួន ក៏​មិនគួរ​ទុក​ឲ្យ​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់​បំផ្លាញ​នូវ​បក្សនយោបាយ​មួយ ឬ​បំផ្លាញ​នូវ​អង្គការ​ចាត់តាំង​នយោបាយ​មួយ​តាមរយៈ នៃ​ការការពារ​អំពើ​ខុសច្បាប់ របស់​បុគ្គល​ណា​នោះទេ​។ ព្រោះ​អ្នក​ខុសត្រូវ​ចេញមុខ​ទទួលខុស​»​។​

​សម្តេច​តេ​ជោ បាន​បន្ថែមទៀតថា «​អ្នកខ្លះ​ខុសខ្លួន​ឯង ទៅយក​ទីកន្លែង​ដទៃ ជា​អង្គការ​ចាត់តាំង ជា​ក្រុម​នុស្ស​មួយក្រុម ជា​តួអង្គ​ចាត់តាំង​មួយ ដើម្បី​ការពារ​ខ្លួន ហើយ​អង្គការ​ចាត់តាំង​នោះ ក៏​ការពារ​មនុស្ស​ខូច​ទៀត ដើម្បី​ប្រឈម​និង​ផ្លូវច្បាប់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លៀត​ឌឺដង​ចំពោះ​ការលើកឡើង​របស់លោក កឹម សុខា ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​មាន​សភាព​ធម្មតា និង​ប្រកាស​អួតថា បក្ស​លោក​នឹង​ឈ្នះឆ្នោត​នោះ​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា «​អត់​បញ្ហា​ទេ សភាព​ការ​នៅ​ធម្មតា បើ​អីចឹង​នៅ​ដេក​ត្រង់​ហ្នឹង​ទៅ បើ​គង់​ថា​ស្រួល​ដដែល​។ គេ​ថា​សភាពការណ៍​អត់​បញ្ហា អើបើ​អត់​បញ្ហា កុំ​ស្រែក បើ​គង់​ចាំ​ឈ្នះ​ដដែល ចាំ​ឈ្នះ​តែម្តងទៅ កុំ​ស្រែក​ខ្មាស​គេ​។ អ្នកឯង​ចង់​នៅ​ដេក​កន្លែង ៤​ម៉ែត្រ ៤​ជ្រុង នៅ​ដេក​មាន​នរណាថា​អី​»​។​

​សូមបញ្ជាក់ថា លោក កឹម សុខា ក្នុងជំនួប​ជាមួយ​សកម្មជន​បក្ស​មកពី​ខេត្តតាកែវ នៅ​ថ្ងៃទី​០៥ ខែមិថុនា ម្សិលមិញ បាន​ថ្លែង​បង្ហាញ​អំណួត ថា គណបក្ស​របស់លោក​នៅ​តែមាន​អ្នកគាំទ្រ ហើយនឹង​ឈានទៅរក​ការ​ឈ្នះឆ្នោត​ថែម​ទៀតផង​។​
​សូម​រំលឹកថា មកដល់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក កឹម សុខា បាន​លាក់ខ្លួន​ពួន​អាត្មា​ក្នុង​ទីស្នាក់ការ​អស់​រយៈពេល ១១​ថ្ងៃ​ហើយ ព្រោះតែ​គេចចេញ​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច បន្ទាប់ពី​រូបលោក​មិន​ព្រម​ចូល​បំភ្លឺ​នៅ​តុលាការ តាម​ការកោះហៅ​របស់​សាលា ដំបូង​រាជធានី​ភ្នំពេញ លើ​សំណុំរឿង​សញ្ចា​កម្ម ដែល​ប្តឹង​ដោយ​កញ្ញា ខុម ច័ន្ទ​តារា​ទី ហៅ​ស្រី នារី​កំណាន់​វ័យក្មេង​ម្នាក់ ក្នុងចំណោម​នារី កំណាន់​របស់លោក​ជាច្រើន​នាក់ ដែល​ត្រូវបាន​ទម្លាយ​ក្នុង​ទំព័រ Facebook «​រឿង​ពិត CNRP»​។ ការលាក់ខ្លួន​រយៈពេល​ប្រមាណ ១០​ថ្ងៃ កន្លងមកនេះ លោក កឹម សុខា បាន​ស្រក​ទម្ងន់​ខ្លាំង​ផងដែរ​។​

​អ្នក​តាម​ស្ថានការណ៍​នយោបាយ បាន​មើលឃើញថា ការ​សម្ងំ​លាក់ខ្លួន​របស់លោក កឹម សុខា មិនមែនជា​ដំណោះស្រាយ​នោះឡើយ ហើយ វា​នឹង​នាំមក​នូវ​ស្ថានការណ៍​អាក្រក់ សម្រាប់​បក្ស​ទាំងមូល​ផងដែរ​។ ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ បាន​ជំរុញ​ឲ្យ​លោក កឹម សុខា បង្ហាញ​ភាពក្លាហាន​ចូលខ្លួន ដោះស្រាយ​រឿង​ផ្ទាល់ខ្លួន​តាមផ្លូវ​ច្បាប់ ដើម្បី​បញ្ចប់​វិបត្តិ​ក្នុង​បក្ស ក៏ដូចជា​បង្ក​ផល​លំបាក​ដល់​អ្នកគាំទ្រ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20683877

  • ថ្ងៃនេះ3101
  • ម្សិលមិញ3511
  • សប្តាហ៍នេះ15751
  • ខែនេះ241421
  • ឆ្នាំនេះ241421
  • សរុប20683877