សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ធ្វើអំពើ​ល្អ ជៀសវាង​លេងល្បែង និង​ប្រើ​គ្រឿងញៀន ដើម្បី​លុបបំបាត់​អំពើចោរកម្ម

06-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រួមគ្នា​ប្រព្រឹត្ត​អំពើ​ល្អ​ជៀសវាង​ការលេង ល្បែង និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​លុបបំបាត់​សកម្មភាព​លួច ឆក់ ប្លន់ នៅក្នុង​ប្រទេស​។​
​ការ​ថ្លែង​អំពាវនាវ​របស់​សម្តេច​តេ​ជោ បាន​ធ្វើឡើង​ក្នុងឱកាស ដែល​សម្តេច​តេ​ជោ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ឫស្ស​សីមា ព្រះវិហារ វត្ត​មឿង​ចា​រ្យ​លិ​ខិ​តា​រាម ស្ថិតនៅ​ភូមិ​មឿង​ចា​រ្យ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បញ្ជាក់ថា នៅ​ប្រទេស​ណា ក៏​ដូច​ប្រទេស​ណា​ដែរ បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង ជល់​មាន់ ចាក់​កន្ទុយលេខ កើតមាន​ជា​ហូរហែរ ហើយ​សកម្មភាព​ទាំងអស់នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន ឈានដល់​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់ ដូចជា​លួច ឆក់ ប្លន់ ជាដើម​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទាំងស្រុង​ថា «​បញ្ហា​គ្រឿងញៀន ហាក់ដូចជា​រីក​រាលដាល មិនមែន​គ្រាន់តែ​ប្រទេស​យើង​ទេ ខ្ញុំ​ជួប​ជាមួយ​ប្រទេស​នានា​សុទ្ធតែ​ត្អូញត្អែរ​ទាំងអស់​រួចហើយ ប្រទេស​ធំៗ​មាន​បញ្ហា​ទាក់ទង​ជាមួយ​គ្រឿងញៀន អា​លូវ​ថា មាន​គ្រឿងញៀន  មាន​ល្បែងស៊ីសង ចាក់​កន្ទុយលេខ​ផង ជល់​មាន់ ហើយ​ថែមទាំង​មាន​ចាក់បាល់​ទៀត ហើយ​ដល់​តែ​ពេល​ចាញ់​អស់​ទៅជា​លួច ឆក់ ចោរ ប្លន់​ទៀត អាហ្នឹង​ទល់​តែ​ប្រឹង​ទាំងអស់គ្នា ហើយ​ប្រសិនបើ​ពឹងពាក់​លើ​ផ្នែក​ណាមួយ គឺ​មិន​បានទេ ទាល់តែ​រួម​ទាំងអស់គ្នា ប៉ុន្តែ​មនុស្ស​ម្នាក់​អាចធ្វើ​សកម្មភាព​បាន តាមរយៈ​សកម្មភាព​នេះ មានតែ​យើងទាំងអស់គ្នា ខំ​ធ្វើអំពើ​ល្អ​។ បើ​ធ្វើអំពើ​ល្អ​ទាំងអស់គ្នា គឺ​សឹងតែ​ថា ប្រទេស​ខ្មែរ គឺ​គ្មាន​ប៉ូលីស ពីព្រោះ​បើ​ល្អ​ទាំងអស់គ្នា ហើយ​មិនចាំបាច់​មាន​ប៉ូលីស ក៏បាន​ដែរ តែ​សម្រាប់​ប៉ូលិស​ចរាចរណ៍​ត្រូវតែមាន បើ​គ្មាន​អាច​ស្ទះចរាចរណ៍​»​។​
​ជាការ​កត់សម្គាល់​អំពើ ឆក់ ប្លន់ និង លួច ជា​សកម្មភាព​ដែល​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ពីព្រោះ​បទល្មើស​នេះ បាន​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ​។ ទន្ទឹមនឹង​ការកើតមាន​អំពើ​ខុសច្បាប់​នេះ អាជ្ញាធរ​ទូទាំងប្រទេស​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ បានដាក់​កម្លាំង​ត្រួតពិនិត្យ នៅតាម​គោលដៅ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទប់ស្កាត់ និង​ចាប់​ជនល្មើស ដែល​បង្ក​សកម្មភាព​ចលាចល​នេះ​ឲ្យ​បាន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ចំនួនអ្នកទស្សនា

    20683947

  • ថ្ងៃនេះ3171
  • ម្សិលមិញ3511
  • សប្តាហ៍នេះ15821
  • ខែនេះ241491
  • ឆ្នាំនេះ241491
  • សរុប20683947