អ្នកស្រុកសេសាន៖ ឈ្មួញឈើឈ្មោះ ភួ កំពុង​បង្កើន​សកម្មភាព ប្រមូល​ទិញឈើ ដឹកចូលក្រុង​បានលុង ដើម្បីលក់​ឲ្យឈ្មួញ​វៀតណាម

07-June-2016 | ដោយ មែន កំសត់


ស្ទឹងត្រែង៖ ឈ្មួញឈើឈ្មោះ ភួ ម្នាក់ ត្រូវបានអ្នកស្រុកសេសាន លួចទម្លាយថា កំពុងប្រមូលទិញឈើ មកស្តុកតាមមាត់ទន្លេ និងផ្ទះប្រជាពលរដ្ឋ នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែមិនដែលឃើញជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនោះទេ។

ប្រជាពលរដ្ឋនៅឃុំស្រែគរ ទំនងបានដឹងរឿងច្បាស់ពីការរកស៊ីឈើខាងលើនេះ បានទូរស័ព្ទ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្នុងភូមិរបស់គាត់ មានឈ្មួញ​ល្បីល្បាញម្នាក់ឈ្មោះ ភួ បានផ្តល់លុយឲ្យកម្មករ ចូលកាប់ អារ និងប្រមូលទិញឈើពីតំបន់ផ្សេងៗ មកគរទុកនៅមាត់ទន្លេ និងផ្ទះរបស់អ្នកភូមិ នៅតំបន់ខាងលើ រួចលក់បន្តឲ្យក្រុមឈ្មួញវៀតណាម ដឹកមកក្រុងបានលុង ខេត្តរតនគិរី មុនបន្តឆ្ពោះទៅប្រទេសវៀតណាម។ បើតាមសេចក្តីរាយការណ៍ ឈ្មួញឈើខាងលើនេះ ប្រើប្រាស់មធ្យោបាយដូចជា រថយន្តសាំយ៉ុង លុច្សស៊ីស បាឡែន ជាដើមឆ្លង​កាត់សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធជាច្រើនដំណាក់កាល ទំរាំដល់ក្រុងបានលុង។ ពេលទៅដល់ក្រុងបានលុង មានក្រុមឈ្មួញវៀតណាម ឈរទិញនៅទីនោះតែម្តង រួចជួលរថយន្តស៊េរីទំនើបៗ ដឹកឆ្ពោះទៅប្រទេសវៀតណាម ដោយសកម្មភាពដឹកជញ្ជូននោះប្រព្រឹត្តទៅភាគច្រើននៅពេលយប់។

ទាក់ទិនទៅនឹងឈ្មួញឈើឈ្មោះ ភួ ប្រមូលទិញឈើនៅតំបន់ខាងលើ រួចដឹកមកលក់ចែកចាយ​បន្តដល់ក្រុងបានលុង ហើយដឹកឆ្ពោះទៅវៀតណាមដោយគ្មានការទប់ស្កាត់ពី ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធនេះ មិនទាន់អាចសុំការបំភ្លឺពីសមត្ថកិច្ច និងមន្រ្តី​ជំនាញណាមួយនៅឡើយទេដោយសារតែគ្មានលេខទូរស័ព្ទ៕

 

ចំនួនអ្នកទស្សនា

    20684527

  • ថ្ងៃនេះ3751
  • ម្សិលមិញ3511
  • សប្តាហ៍នេះ16401
  • ខែនេះ242071
  • ឆ្នាំនេះ242071
  • សរុប20684527