ខេត្តកែប៖ដីអាងទឹកទំនប់អូរថ្មនៅ ខេត្តកែប ដែលគ្រប់គ្រងដោយក្រសួងធនធានទឹកនិងឧតុនិយមត្រូវបានមន្ទីររៀបចំ ដែនដីខេត្តកំពតចេញកម្មសិទ្ធិ ឲ្យឯកជនកាន់កាប់រួចចាក់ដីរំលោភយកតែត្រូវបានហាមឃាត់ហើយក្រសួងបាន ប្រាប់ទៅមន្ទីរសុំឲ្យខេត្តចេញលិខិតនរាករណ៍ចំពោះបណ្ណ័ កម្មសិទ្ធិនោះវិញ។
លោកចាន់យុត្ថាអ្នកនាំពាក្យនិងជានាយក ខុទ្ទកាលយ័ក្រសួងធនធានទឹកនិងឧតុនិយមនិយាយឲ្យដឹងនៅថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៦ថាករណីចាក់ដីរំលោភចូលអាងទឹកទំនប់អូរថ្ម ត្រូវបានឃាត់មិនមានសកម្មភាពអ្វីបន្ថែមទៀតទេក្រសួងបានឲ្យមន្ទីរ ធនធានទឹកខេត្តកំពត ស្នើទៅខេត្តដើម្បីឲ្យខេត្តចេញប្រកាសនរាករណ៍លិខិតកាន់កាប់ដីបឹង ដែលជាទ្រព្យសម្បត្តិរដ្ឋវិញ។មន្ត្រីអ្នកនាំពាក្យខាងលើបាននិយាយ ឲ្យដឹងទៀតថា ដីអាងទឹកទំនប់អូរថ្មត្រូវបានគេចាក់ដីលប់ ដល់ពេលមន្ទីរទៅឃាត់ អ្នកចាក់ដីបានយកវិញ្ញាបនបត្រ័សម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពតមក បង្ហាញ។អាងទឹកជាទ្រព្យរួមហើយកាលពីក្នុងរដូវប្រាំងរាំងស្ងួត កន្លងទៅនេះ ប្រជាពលរដ្ឋរាប់រយគ្រួសារបានទឹកអាងនេះសម្រាប់ប្រើប្រាស់។ ក្រសួងនឹងធ្វើការសើរើឡើងវិញចំពោះផ្ទៃអាងនានា ដែលបានរំលោភយក មិនងាចបណ្តោយតទៅទៀតបានទេ។
យោងតាមឯកសាររបស់ក្រសួង ធនធានទឹកនិងឧតុនិយម បានបង្ហាញឲ្យឃើញថា អាងទឹកទំនប់អូរថ្ម មានទីតាំងស្ថិតនៅភូមិព្រៃតាកុយ ឃុំកំពង់ទឹកស្រុកដំណាក់ចង្អ់រខេត្តកែប (ព្រំប្រទល់ស្រុកដំណាក់ចង្អើរខេត្តកែប និង ស្រុកកំពង់ត្រាចខេត្តកំពត)។
អាងទំនប់អូរថ្មត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ១៩៧៧ ធ្វើការជួសជុលទ្រុងទ្រាយតូចដោយប្រើប្រាស់អង្ករពលកម្មនៅឆ្នាំ២០០១ និងត្រូវបានជួសជុលឡើងវិញដោយទ្រុងទ្រាយធំនៅឆ្នាំ២០០៥ ដោយក្រសួងធនធានទឹកនិងឧតុនិយម។
តាមឯកសារដដែលបានបង្ហាញ ទៀតថា អាងទឹកនេះបានផ្តល់ទឹកសម្រាប់ស្រូវវស្សាចំនួន២៦០ហិកតា ស្រូវដើមរដូវចំនួន១២០ហិកតា ស្រូវប្រាំងចំនួន៦០និងដំណាំរួនផ្សំចំនួន៣០ហិកតា។នៅក្នុង រដូវប្រាំងឆ្ន២០១៦ ខណៈដែលកម្ពុជាជួបគ្រោះរាំងស្ងួតអូសបន្លាយប្រជាពលរដ្ឋ នៅឃុំអង្កោល និង ឃុំពឹងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានយកទឹកនេះទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ប្រជាពលរដ្ឋ ចំនួន៥៧០គ្រួសារដែលមានមនុស្សជិតបីពាន់នាក់ បានទទួលផលពីអាងទឹកនេះ។អាងទឹកខាងលើនេះត្រូវបានប្រជាពលរដ្ឋចំនួនបី គ្រួសារបានចាក់ដីរំលោភចូលផ្ទៃអាងកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ ២០១៦ ។ ករណីនេះមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកែបបានចុះហាមឃាត់ ប៉ុន្តែសកម្មភាពចាក់លុបនៅតែបន្ត ដោយសម្អាងថា ទីតាំងនេះស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត និង មានប្លង់កម្មសិទ្ធិត្រឹមត្រូវ។ នៅថ្ងៃទី៥ខែមិថុនា មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកែប សហការជាមួយនឹងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពត បានចុះធ្វើការហាមឃាត់ម្តងទៀតទើបមានការផ្អាកសកម្មភាពលុបនេះ។
គួរ និយាយឲ្យដឹងថាករណីរំលោភយកដីអាងទឹកនិងបឹងដែលជាទ្រព្យរួមរបស់ ប្រជាពលរដ្ឋនិងរបស់រដ្ឋនេះកើតមានស្ទើរគ្រប់កន្លែងនិងកន្លែង មួយចំនួនមានចេញលិខិតកាន់កាប់ស្របច្បាប់ឲ្យដោយមន្ទីររៀបចំដែនដី រាជធានីខេត្តជាពិសេសករណីបែបនេះកំពុងកើតមាននៅក្នុងខេត្តកណ្តាលនៅ ទីតាំងអតីតឡូត៍នេសាទនានានិងបឹងធម្មជាតិដែលការពារដោយអនុក្រឹត្យ ទៀតផង។ករណីរំលោភយកដីព្រៃដីបឹងដែលកំពុងកើតមាននេះគេរំពឹងថាវា នឹងថយចុះបន្ទាប់ពីលោកទេសរដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានប្រើធម៍ក្តៅទៅលើអ្នករំលោភយក ដីរដ្ឋហើយបង្កឲ្យមានទំនាស់ច្រើនជាមួយនឹងប្រជាពលរដ្ឋនៅក្នុង ខេត្តកណ្តាលរួចមក៕