ភ្នំពេញៈ ពលរដ្ឋជាង ១០ នាក់តំណាងឲ្យ ៣៨០ គ្រួសារនៅសហគមន៍ព្រែកតាគង់ ១ និងខ្វាក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោកាលពីថ្ងៃម្សិលមិញបានស្នើដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់កាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ថ្មីរបស់ក្រុមហ៊ុន ING Holding និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ក្រោយការដាក់លិខិតសុំជួបរដ្ឋមន្ត្រីក្រសួងដែនដីពិភាក្សាពី ករណីនេះកាលពីថ្ងៃម្សិលមិញលោក ម៉ៃ ឃឹម តំណាងប្រជាពលរដ្ឋនៅភូមិខ្វា សង្កាត់-ខណ្ឌដង្កោបានឲ្យដឹងថាប្រជាសហគមន៍ទាំង ២ នេះបានរស់នៅលើដីជុំវិញបឹងទំពុន និងបឹងជើងឯកជិត ២០ ឆ្នាំមកហើយ និងបានស្នើសុំប័ណ្ណកាន់កាប់ដីធ្លីពីអាជ្ញាធរពាក់ព័ន្ធជាច្រើនសា ប៉ុន្តែមកដល់ពេលនេះនៅពុំទាន់បានទទួលនៅឡើយហើយពេលនេះទៀត សោតក្រុមហ៊ុន ING Holding ក៏បានទទួលសិទ្ធិពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទីក្រុងរណបថ្មី នៅតំបន់នោះទៀតដែលធ្វើឲ្យពួកគាត់មានក្តីបារម្ភជាខ្លាំងពីការ បាត់បង់ផ្ទះសម្បែង។
លោកថា៖ «ពីមុនៗមកឲ្យតែឮថាមានការអភិវឌ្ឍនៅកន្លែងណាប្រជាពលរដ្ឋនៅ កន្លែងនោះទឹកភ្នែកអ៊ីចឹងយើងបារម្ភខ្លាចដូចអ្នកមុនៗដែរ។ ពួកខ្ញុំមិនប្រឆាំងនឹងការអភិវឌ្ឍទេយើងអបអរសាទរតែសុំឲ្យទទួល យកបាន»។
តំណាងពលរដ្ឋម្នាក់ទៀតអ្នកស្រី ទឹម ភារម្យ រស់នៅភូមិព្រែកតាគង់ ១ បានស្នើដល់ក្រសួងកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីគម្រោង អភិវឌ្ឍន៍ និងចុះវាស់វែងដីផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋឲ្យបានឆាប់ខណៈ ដែលក្រុមហ៊ុនបានបូមខ្សាច់ដាក់តំបន់មួយចំនួនក្បែរផ្ទះ ពលរដ្ឋបណ្តាលឲ្យមានទឹកដក់ក្រោមផ្ទះរបស់ពួកគាត់។
មន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក យ៉ាវ សុខច័ន្ទរ៉ា ដែលចេញមកទទួលលិខិតពីពលរដ្ឋបានថ្លែងថាក្រសួងនឹងបញ្ជូនករណី នេះទៅកាន់ក្រុមការងារដោះស្រាយបញ្ហាដីធ្លីមួយក្នុងចំណោម ២៧ ក្រុមដែលក្រសួងទើបបង្កើតដើម្បីពិនិត្យ និងស្រាវជ្រាវរកដំណោះស្រាយជូនប្រជាពលរដ្ឋ។
លោកថា៖ «ទាល់តែខាងខ្ញុំជួបជាមួយខាងគម្រោងអភិវឌ្ឍគេសិនថាផែនការ អភិវឌ្ឍទៅខាងមុខហ្នឹងធ្វើម៉េចតើប្រជាជននៅហ្នឹងរក្សានៅដដែល ឬរៀបចំកន្លែងណាអភិវឌ្ឍជូនគាត់ទាល់តែបានព័ត៌មានហ្នឹងទើបយើង អាចជម្រាបជូនប្រជាពលរដ្ឋវិញ»។
តែយ៉ាងណាលោកបានស្នើឲ្យប្រជាពលរដ្ឋទាំងនោះផ្តល់ព័ត៌មានពី ទំហំដីលំនៅឋានរបស់ពួកគាត់រៀងៗខ្លួនភ្ជាប់ជាមួយស្នាមមេដៃដើម្បី ដាក់ទៅក្រសួងស្នើសុំប័ណ្ណកម្មសិទ្ធិ។
លោក កែវ សុដ្ឋា តំណាងក្រុមហ៊ុន ING Holding មិនអាចសុំការអធិប្បាយបានទេ។
គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់ក្រុមហ៊ុនបានគ្របដណ្តប់លើ ផ្ទៃដី និងទឹកនៅបឹងទំពុនចំនួន ២៥៧២ ហិកតាក្នុងនោះមាន ៥២០ ហិកតាជាអាងស្តុកទឹក។ ជាគម្រោងផែនការមេឆ្នាំ ២០១៤ ដល់ ២០២០ ទីក្រុង ING ត្រូវចែកជា ៤ ដំណាក់កាលដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម អគាររដ្ឋាភិបាល កន្លែងសម្ភារសំណង់ កន្លែងយានយន្ត រោងចក្រ និងតំបន់ពលរដ្ឋរស់នៅ។
ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក សៀ ភារម្យ បានថ្លែងថាក្រសួងគួរតែធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់ព្រោះតាម ច្បាប់ភូមិបាលឆ្នាំ ២០០១ នៅពេលដែលប្រជាពលរដ្ឋទៅកាន់កាប់ដីដោយមិនមានអំពើហិង្សា និងមិនមានការរារាំងពីអាជ្ញាធររយៈពេល ៥ ឆ្នាំនោះពួកគាត់នឹងក្លាយជាម្ចាស់ដីនោះ។
លោកថា៖ «បើសិនជាគាត់ [ពលរដ្ឋ] មិនមានដីហើយទៅតាំងលំនៅលើដីរដ្ឋតែអាជ្ញាធររដ្ឋមិនបានការពារ កុំឲ្យប្រជាពលរដ្ឋទៅរស់នៅ និងទិញដូរតៗគ្នាមានប័ណ្ណគ្រួសារ មានប័ណ្ណស្នាក់នៅអ៊ីចឹងមុននឹងរដ្ឋដកហូតយកទៅអភិវឌ្ឍន៍ត្រូវរក ទីតាំងថ្មីជូនពួកគាត់ និងត្រូវមានការឯកភាពគ្នា។ ភាគីទាំងពីរអាចចរចាគ្នាទៅព្រោះការអភិវឌ្ឍវាត្រូវមានការ ឯកភាពអភិវឌ្ឍទាំងអស់គ្នាបើសិនអភិវឌ្ឍទៅបានផលប្រយោជន៍តែខាង ក្រុមហ៊ុន ឬអ្នកមានលុយ មានអំណាច រាស្ត្រទឹកភ្នែកនោះគេមិនហៅថាអភិវឌ្ឍទេ»៕