ភ្នំពេញ៖ការបាក់ស្រុតថ្នល់ជាប់ ការដ្ឋានសំណង់របស់ក្រុមហ៊ុនមួយនៅប៉ែកខាងកើតស្តាតអូឡាំពិកចំពេល មានការធ្លាក់ភ្លៀងខ្លាំងកាលពីថ្ងៃម្សិលមិញដែលបណ្តាលអោយរថយន្តជជុះ ពីរបីគ្រឿងធ្លាក់ចុះនិងខូចតិចតួចនោះរហូតមកទល់ថ្ងៃ៩មិថុនានេះ នៅមិនទាន់ដោះស្រាយចេញនៅឡើយទេ។
ម្ចាស់រថយន្តដែលសុំមិន បញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃម្សិលមិញថា ខ្លួនបានចតរថយន្តលក់និងរថយន្តជិះផ្ទាល់ខ្លួនផងនៅជាប់របង ស្តាតអូឡាំពិក។ លោកបន្តថាក្រោយហេតុការណ៍កើតឡើងលោកបានជួបជាមួយមេកាម្នាក់នៅខាង ក្រុមហ៊ុនOCICដើម្បីចរចាស្នើសុំសំណងមួយចំនួនជួសជុលរថយន្តតែ មិនទាន់មានការឆ្លើយតបពីក្រុមហ៊ុននៅឡើយទេក្នុងថ្ងៃដដែល។
នៅថ្ងៃព្រហស្បត៍នេះ អគ្គនាយករងក្រុមហ៊ុនOCIC លោក ទូចសំណាងប្រាប់វិទ្យុវីអូឌីថាមូលហេតុនៃការបាក់ស្រុតដីនេះមិន មែនដោយសារការជីកដីសាងសង់សំណង់នោះទេ។ លោកសន្និដ្ឋានថាការបាក់ស្រុតនោះ ដោយសារមានទឹកហូរច្រោះលូ។ លោកថា៖ ”ទីមួយការជីក ការធ្វើអីនឹងយើងសុទ្ធតែមានបច្ចេកទេសក្នុងការជីកដោយត្រឹមត្រូវ ហើយបើសិនមានការបាក់មែន វាគួរតែបាក់ដែកខាងខ្ញុំមុន មុននឹងបាក់ផ្លូវហ្នឹង ហើយខ្ញុំចង់ឲ្យខាងជំនាញនឹងគាត់ចុះទៅមើល ឲ្យបានដិតដល់ថាតើវាមានមូលហេតុមកពីស្អី មុននឹងយើងរុញការទទួលខុសទៅឲ្យផ្នែកណាមួយ”។
តែមន្ត្រី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានលើកឡើងថាចំពោះករណីស្រុតដី ធ្លាក់រថយន្តចំនួន៣គ្រឿងនៅជ្រុងខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក ខាងសាលារាជធានីភ្នំពេញឲ្យក្រុមហ៊ុនOCIC ទទួលខុសត្រូវការខូចខាតរថយន្ត។
កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ ២០១៦នេះលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថាៈនៅ ពេលនេះសាលារាជធានីភ្នំពេញបាននិងកំពុងធ្វើការសម្របសម្រួល« អាជ្ញាកណ្តាល»រវាងម្ចាស់រថយន្តនិងក្រុមហ៊ុនOCICដោយតម្រូវឲ្យ ក្រុមហ៊ុនOCICទទួលខុសត្រូវក្នុងការបាក់ស្រុតដីធ្លាក់រថយន្តនៅ ជ្រុងប៉ែកខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីរសៀលថ្ងៃទី៨ខែ មិថុនានេះ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាដែរថាៈនៅ ចំណុចផ្លូវលេខ១៦១ត្រង់កន្លែងបាក់ស្រុតដីធ្លាក់រថយន្តចំនួន៣ គ្រឿងដោយសារតែភ្លៀងធ្លាក់ខ្លាំងនោះកាលពីចុងឆ្នាំ២០១៥កន្លងទៅ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំដោយលោក ពៅ ម៉េងហៃអនុប្រធានមន្ទីរសាធារណការបានជីកដាក់ប្រព័ន្ធលូមេថ្មី ប្រភេទលូប្រអប់ទំហំ២ម៉ែត្រដែលបានរួចរាល់កាលពីខែធ្នូឆ្នាំ២០១៥ ប្រហែលដីមិនទាន់ហាប់ល្អផងនិងដោយសារការដ្ឋានសំណង់របស់ក្រុមហ៊ុន OCICរបស់លោកឧកញ៉ា ពុងខៀវសែដែលកំពុងតែជីកកាយដីសាងសង់សំណង់ជ្រៅពេកហើយអត់មានបុក ភ្យើឬគ្រឹះការពារផ្លូវទេទើបណ្ដាលឱ្យបាក់ស្រុតដីធ្លាក់រថយន្ត បែបនេះ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាៈរថយន្តដែលគេចតទុក លក់ទាំង៣គ្រឿងនិងធ្លាក់ដោយសារការស្រុតដីពេលភ្លៀងនោះម៉ាកCRV២ គ្រឿងព៌ណទឹកប្រាក់និងព៌ណស្លែនិងរថយន្តម៉ាកកាមរីបាឡែន០១គ្រឿង ៕