សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង ក្រោមការគ្រប់គ្រងរបស់លោក សាត គឹមសាន ប្រធានការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋានគរបាលខេត្ត កំពុងត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានារិះគន់យ៉ាងខ្លាំង។ រឿងអាស្រូវពុករលួយរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង ក្នុងការផាកពិន័យហើយមិនចេញវិក្កយបត្រតាមច្បាប់ គឺជាប្រការដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង រិះគន់កាន់តែខ្លាំងឡើងៗ។ ដូច្នេះលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង គួរពិនិត្យមើលទៅលើទង្វើមិនប្រក្រតីរបស់លោក សាត គឹមសាន ខ្លះផងព្រោះលោក សាត គឹមសាន បានបើកដៃឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា កន្លងទៅមាននារីវ័យក្មេង២នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយត្រូវនគរបាលចរាចរណ៍ប្រចាំរង្វង់មូលដៃ៨ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ផាកពិន័យក្នុងម្នាក់១៥០០០រៀល ដោយមិនមានចេញវិក្កយបត្រតាមការទាមទាររបស់នារីវ័យក្មេងទាំង២នាក់ នោះទេ ដោយនិយាយថាដល់ម៉ោងសម្រាក។ បន្ទាប់មកពេលនារីវ័យក្មេងទាំង២នាក់ជិះម៉ូតូទៅដល់ចំណុចខាងមុខ ទីបញ្ជាការយោធាភូមិភិ៥ ស្រាប់តែមាននគរបាលចរាចរណ៍មួយក្រុមទៀតចាប់ផាកពិន័យពួកនាង៣ម៉ឺនរៀល ម្ដងទៀតដែលជាហេតុធ្វើឲ្យពួកនាងតវ៉ាយ៉ាងខ្លាំងក្លាតែម្តង។ រឿងរ៉ាវដែលកើតឡើងនេះ គឺជារឿងដែលលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង មិនត្រូវមើលរំលងនោះទេ ព្រោះលោក សាត គឹមសាន ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តបាត់ដំបង បណ្ដោយឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្តជាយូរមកហើយ។
ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានរិះគន់ថា សមត្ថកិច្ចនគរបាលចរាចរណ៍ស្ថិតក្រោមការគ្រប់គ្រងរបស់លោក សាត គឹមសាន មិនយកចិត្តទុកដាក់អនុវត្តន៍ឲ្យត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក នោះទេ ហើយបញ្ហាកើតឡើងកាលពីថ្ងៃទី៣១ ខែឧសភា បានបញ្ជាក់យ៉ាងច្បាស់នូវអំពើពុករលួយរបស់នគរបាលចរាចរណ៍។ មិនតែប៉ុណ្ណោះករណីសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ក៏កើតឡើងជាបន្តបន្ទាប់ដែរ ដោយសារតែលោក សាត គឹមសាន បណ្ដោយឲ្យកូនចៅរបស់ខ្លួនគិតតែពីរឿងផលប្រយោជន៍ហួសហេតុពេក។ ដូច្នេះលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលសណ្ដាប់ធ្នាប់ ចរាចរណ៍ក្រសួងមហាផ្ទៃ គួរពិនិត្យមើលអំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់មន្ត្រីនគរបាលចរាចរណ៍ខេត្តបាត់ដំបងខ្លះផង កុំឲ្យធ្វើអ្វីៗតាមអំពើចិត្តទៀត៕