មន្ត្រី​មូលដ្ឋាន​នៅ​ស្រុក​សំរោង​ទង សម្តែង​ការខកចិត្ត​នឹង​ការតែងតាំង ប្រធាន​ភូមិបាល​ថ្មី​ដែល​ធ្លាប់មាន​រឿងអាស្រូវ​ពី​ស្រុក​ដទៃ

11-June-2016 | ដោយ មែន កំសត់


​កំពង់ស្ពឺ​៖ ក្រុមមន្ត្រី​ចាស់ៗ​មួយចំនួន នៅ​ការិយាល័យ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​បាន​ខិតខំ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​រាប់​ឆ្នាំ ហើយ​អ្នក​ខ្លះទៀត​ធ្វើការ​ស្ទើ​ចូលនិវត្តន៍​ហើយ​នោះ បាន​សម្តែង​ការខកចិត្ត​ចំពោះ​ការតែងតាំង​ប្រធាន​ថ្មី​របស់​ពួកគេ ដែលជា​មន្ត្រី​ម្នាក់​ធ្លាប់មាន​រឿងអាស្រូវ​មិនល្អ​មកពី​មូលដ្ឋាន​ផ្សេង​។​

​ក្រុមមន្ត្រី​ចាស់ៗ​ទាំងនោះ បាន​លើកឡើងថា ការរៀបចំ​ចាត់ចែង​ឱ្យ លោក អ៊ី ឆៃ​តេង អតីត​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ឧដុង្គ ដែល​ធ្លាប់មាន​រឿងអាស្រូវ ក្នុងពេល​កាន់តំណែង ឱ្យធ្វើជា​ប្រធានការិយាល័យ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ស្រុក​សំរោង​ទង នាពេលនេះ ដូច​ជាមាន​ភាពមិនប្រក្រតី និង​មិន​ស្មើភាព​គ្នា​ទាល់តែសោះ​ចំពោះ​មន្ត្រី​ចាស់ៗ​នៅ​មូលដ្ឋាន​ស្រុក​សំរោង​ទង ហើយក៏​ដូចជា​ការបំបាក់​ទឹកចិត្ត​ដល់​មន្ត្រី​ចាស់ៗ ដែល​ខិតខំ​ធ្វើការ​នៅ​មូល​ការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង​ផងដែរ​។​

​ការស្នើ​ដាក់​សមាសភាព លោក អ៊ី ឆៃ​តេង ជំនួស​លោក ជួប វណ្ណៈ ដែល​ចូលនិវត្តន៍​នោះ ត្រូវបាន​ប្រភព​បង្ហើប​ថា ទំនង​មាន​អ្នកធំ​ម្នាក់ ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ស្ថិតក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្ត​ជួយ​អន្តរាគមន៍ បញ្ចុក​ចេក​បញ្ចុក​ស្ក ទើបបានជា​មន្ត្រី​ដែលមាន​ប្រវត្តិ​ធ្លាប់​គេ​រិះគន់​ច្រើន​ក្នុង​ការងារ​នេះ អាច​ចូលកាន់​តំណែង​ខ្ពស់​នៅ​មូលដ្ឋាន​ផ្សេង​បាន​យ៉ាង​ងាយ ដែល​នេះ​ជា​ចម្ងល់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រី​នានា​នៅ​ការិយាល័យ​ខាងលើ រហូតដល់​អ្នកខ្លះ​ចោទ​ជា​សំណួរ​ថា តើ​វប្បធម៌​អន្តរាគមន៍ ផ្តល់​តំណែង នឹងមាន​រហូតដល់​ពេល​ណា​ទៀត​។​

​លោក អ៊ី ឆៃ​តេង ដែលជា​អនុប្រធាន​ការិយាល័យ​សំណង់ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ខេត្តកំពង់ស្ពឺ និង​ជា​អតីត​ប្រធានការិយាល័យ​ភូមិបាល ស្រុក​ឧដុង្គ ដែល​ត្រូវបានតែងតាំង​ជា ប្រធានការិយាល័យ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ស្រុក​សំរោង​ទ ង​នាពេលនេះ ត្រូវបាន​ប្រភព​ទម្លាយ​ថា ធ្លាប់មាន​រឿងអាស្រូវ​យ៉ាងច្រើន កាលពី​កាន់ដំណែង​ជា​ប្រធាន​ភូមិបាល​ស្រុក​ស្រុក​ឧដុង្គ ក្នុងនោះ​មានការ​លួច​ធ្វើ​ប្លង់​ជាន់​លើ​ប្លង់​ចាស់ (​ប្រមូល​ប្លង់​ចាស់​ទុក​) ចេញ​ប្លង់​ថ្មី​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ខេ​ម​បូ​ឌា ប្រូ​ផឹ​ធី ត្រេ​ន​ឌី​ង ក្នុងភូមិ​ចំការ​ហ្លូ​ង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ក្រៅពីនោះ អត្ត​ច​រឹត​មន្ត្រី​ម្នាក់នេះ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មាន​ភាព​ក្រអឺតក្រទម និង​មាន​កំហុស​ជាច្រើន​ទៀត ដែល​ក្រុមការងារ​ចុះ​អង្កេត​រកឃើញ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា នាពេល​កន្លងមក លោក អ៊ី ឆៃ​តេង ក៏បាន​ធ្វើលិខិត​សារភាព​កំហុស​រហូតដល់ មាន​ការដក​បញ្ឈរជើង​ជាដើម​។​

ក្រុមមន្ត្រី​ចាស់ៗ​ទាំងនោះ បាន​ស្នើឱ្យ​អភិបាលស្រុក​សំរោង​ទង និង​អភិបាលខេត្ត​កំពង់ស្ពឺ ជាពិសេស លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​រដ្ឋមន្ត្រី​ទទួលបាន​ការកោតសរសើ​រ​ពី​ប្រជាពលរដ្ឋ ពិចារណា​ចំពោះ​រឿងនេះ​ផង និង​ធ្វើយ៉ាងណា​ចុះ​ស្រាវជ្រាវ​ដើម្បី​រក​ការពិត ។​
​ទោះជា​យ៉ាងណា  មិនទាន់​អាច​ទំនាក់ទំនង លោក អ៊ី ឆៃ​តេង ដែល​រង​ការចោទប្រកាន់​ខាងលើនេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ ខណៈដែល​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម ក៏​មិនទាន់​អាចទាក់ទង​បានដែរ​។​

​កន្លងមក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែង​បានផ្តល់​អនុសាសន៍​ដល់ អង្គភាព​ស្ថាប័ន​នានា ចំពោះ​ការដំឡើង​ដំណែង​ដល់​មន្ត្រី​មូលដ្ឋាន ដែល​ធ្វើយ៉ាងណា​ឱ្យមាន​តម្លាភាព ហើយ​តម្រូវឱ្យ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​អ្នក​ដែល​បម្រើ​ការងារ​នៅ​មូលដ្ឋាន​ជាមុនសិន មុននឹង​យក​មន្ត្រី​ពី​កន្លែង​ផ្សេង​។​
​លោក ជុំ កុសល ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​រឿងនេះ នៅលើ​បណ្តាញ​សង្គម Facebook បានសរសេរថា «​ប្រសិនបើ​ប្រតិ​កម្មនេះ​ជា​រឿង​ពិត នេះ​គឺ​សុទ្ធតែជា​បញ្ហា​ហើយ ព្រោះ​វា​ជា​ទំលាប់​អាក្រក់​កំអែល​ចាស់ ដែល​មិន​គួរអោយ​កើតមាន​បន្តទៀត​ទេ​នៅក្នុង​ដំណាក់កាល​កំណែ​ទំរង់​នេះ​។ មនុស្ស​ដែល​ធ្លាប់​មានរឿង​អាក្រក់ ហើយ​មិនត្រូវ​ទទួលបាន​ការគាំទ្រ​ពី​អ្នក​នៅ​ជុំវិញខ្លួន​បែបនេះ បែរជា​នៅតែ​ថ្នាក់ដឹកនាំ​ស្ថាប័ន​គាំទ្រ​ទៀត ពិតជា​គេច​មិន​ផុតពី​ការវាយតំ​លៃ​ក្នុង​ផ្លូវ​មិនល្អ​និង​មាន ការ​អាក់អន់ស្រពន់ចិត្ត​ពី​សំណាក់​មន្ត្រី​ផ្សេងៗ​ទៀត​ជាមិនខាន​។ បើ​អាច​ជៀសបាន​គួរតែ​ជៀស​ទើប​ជាការ​ល្អ ព្រោះ​សម័យកាល​នេះ​ទំលាប់​បក្សពួកនិយម ខ្សែស្រឡាយ​និយម​ឬ​ស៊ីសំណូក​និយម មិនត្រូវ​ឱ្យមាន​ទៀត​ទេ ហើយ​មនុស្ស​ដែលមាន​សមត្ថភាព​ការងារ​ក័​មិន​ខ្វះ​ដែរ​»៕

ចំនួនអ្នកទស្សនា

    20685947

  • ថ្ងៃនេះ251
  • ម្សិលមិញ4911
  • សប្តាហ៍នេះ17821
  • ខែនេះ251
  • ឆ្នាំនេះ243491
  • សរុប20685947