លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ហើយអាងមានម្ដាយធម៌ឈ្មោះ កែវ សុធារី អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងធម្មការ ជាបង្អែករឹងមាំនោះ ត្រូវបានគេដឹងថាកំពុងភ័យស្លន់ស្លោយ៉ាងខ្លាំង។ ការដែលលោក ហាក់ ហុន ភ័យស្លន់ស្លោក្រោយពេលរឿងអាស្រូវពុករលួយរបស់ខ្លួនត្រូវបានទម្លាយជា សាធារណៈនោះ បានកើតឡើងក្រោយពេលលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ចាត់បញ្ជូនលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសហការីពីររូបទៀតទៅស៊ើបអង្កេតក្នុងមន្ទីរធម្មការខេត្ត ត្បូងឃ្មុំនៅថ្ងៃស្អែកនេះ គឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។
ប្រភពពីមន្ត្រីរាជការមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ មួយចំនួន បានបង្ហើបឲ្យដឹងថាដោយសារភ័យស្លន់ស្លោខ្លាំងពេកទើបលោក ហាក់ ហុន បានកោះប្រជុំផ្ទៃក្នុងបុគ្គលិកទាំងអស់ ហើយគំរាមឲ្យបុគ្គលិកនិយាយតែរឿងល្អៗពីសកម្មភាពរបស់ខ្លួនចំពោះមុខ លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ។ ក៏ប៉ុន្តែមន្ត្រីមួយចំនួនមិនញញើតនឹងការគំរាមរបស់លោក ហាក់ ហុន ហើយពួកគេត្រៀមនិយាយការពិតនៅចំពោះមុខលោក សេង សុមុនី និងសហការីពីររូបទៀតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។ សូម្បីតែរឿងលោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ ល្បីល្បាញខាងញៀនល្បែងកន្ទុយលេខ ក៏នឹងត្រូវមន្ត្រីក្រោមឱវាទលាតត្រដាងផងដែរ ព្រោះមកពីចាញ់ល្បែងកន្ទុយលេខនោះហើយ ទើបលោក ហាក់ ហុន ប្រព្រឹត្តអំពើពុករលួយដោយគ្មានសេចក្ដីអៀនខ្មាស។
គួររំលឹកដែរថារឿងអាស្រូវពុករលួយរបស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាបន្តបន្ទាប់ ហើយសារព័ត៌មាននិងគេហទំព័រនានា ក៏បានចុះផ្សាយជាសាធារណៈផងដែរ ដើម្បីឲ្យលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ បានដឹងឮនិងចាត់ការតាមស្ថានភាពជាក់ស្ដែង។ រឿងអាស្រូវពុករលួយរបស់លោក ហាក់ ហុន ត្រូវមន្ត្រីក្រោមឱវាទលាតត្រដាងនោះ មានដូចជាករណីយកលុយពីបេក្ខជនក្នុងម្នាក់២៥០០ដុល្លារ ដើម្បីរត់ការប្រឡងយកក្របខ័ណ្ឌមន្ត្រីរាជការក្រសួងធម្មការ ហើយក្នុងនោះបេក្ខជន១២នាក់ប្រឡងជាប់។ ជាងនេះទៅទៀតលោក ហាក់ ហុនបានបំប៉ោងថ្លៃជួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃជួសជុលស្រេចតែអំពើចិត្តដោយឃុបឃិតជាមួយបក្ខពួកមួយក្ដាប់ តូចគ្មានញញើតអ្វីទាំងអស់។ ហេតុនេះលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា គួរស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីចៀសវាងជឿលើសំដីភូតភររបស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ ដែលល្បីល្បាញខាងពុករលួយ៕