ភ្នំពេញ៖ ក្រសួងមហាផ្ទៃនឹងធ្វើរបាយការណ៍ពិសេសដាក់ជូនរាជរដ្ឋាភិបាល អំពីគណៈកម្មាការស្រាវជ្រាវនិងធ្វើកោសល្យវិច្ច័យនៃក្រសួងមហាផ្ទៃ បានរកឃើញមានភាពមិនប្រក្រតីមួយចំនួន ដោយក្នុងនោះញ្ញត្តិខ្លះមានឈ្មោះ ប៉ុន្តែពុំមានស្នាមមេដៃ ញ្ញត្តិខ្លះមានស្នាមមេដៃតែពុំមានឈ្មោះ ញ្ញត្តិខ្លះទៀត មានឈ្មោះ មានស្នាមដៃ ប៉ុន្តែពុំបានបញ្ជាក់អាសយដ្ឋាន។
ជាមួយនឹង ការធ្វើរបាយការណ៍ពិសេសដាក់ជូនរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃក៏ស្នើសុំ ចំណាត់ការលើអ្នកដែលដឹកនាំហែញ្ញត្តិស្នាមមេដៃជាង១៧ម៉ឺននាក់ យកទៅថ្វាយព្រះមហាក្សត្រ ដែលជាបោកប្រាសប្រជាពលរដ្ឋ និងព្រះមហាក្សត្រ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ថា ទាក់ទងករណីស្នាមមេដៃនេះ គឺទី១.ឃើញថា លោកយ៉ែម បុញ្ញឫទ្ធិ ថាប្រមូលមកពី២៥ រាជធានី ខេត្ត ក្រុង នឹងមានស្នាមមេដៃជាង១៧ម៉ឺននាក់ (បញ្ជូនទៅព្រះបរមរាជវាំង)។ ប៉ុន្តែនៅពេលពិនិត្យឃើញមានតែ២១រាជធានី ខេត្តគឺមិនត្រឹមត្រូវទេ។ ទី២.នៅស្នាមមេដៃនៅលើញ្ញត្តិ មានខ្លះមានស្នាមមេដៃ មានឈ្មោះ ប៉ន្តែអត់មានអាសយដ្ឋាន មិនដឹងភូមិណា ស្រុកណា។ ទី៣.មានឈ្មោះមនុស្សអត់មានស្នាមមេដៃ និងទី៤.មានមនុស្សខ្លះផ្តិតមេដៃច្រើនដងនិងករណីពិសេសមួយទៀតដែល រកឃើញ មនុស្សម្នាក់ផ្តិតមេដៃដល់ទៅ៨៤ឈ្មោះ។
ហើយក្រៅពីនេះ គណៈកម្មការក៏បានរកឃើញមានស្នាមដៃខ្លះ ដែលជាមេដៃរបស់មនុស្សម្នាក់ផ្តិតច្រើនដង នៅលើឈ្មោះផ្សេងទៀត។ ហើយជារួមខ្លឹមសារនៅក្នុងញ្ញត្តិទាំងមូល គឺជាខ្លឹមសារដូចៗគ្នាតែមួយ ហើយដែលមានការបោះពុម្ពស្រាប់។
លោកបានបញ្ជាក់ថា “យើងនឹងធ្វើរបាយការណ៍មួយជូនទៅរាជដ្ឋាភិបាលស្តីអំពី ភាពមិនប្រក្រតីក្នុងការប្រមូលស្នាមមេដៃ។ ហើយខ្ញុំគិតថា បើគ្រាន់តែយើងពិនិត្យស្នាមមេដៃហើយ យើងមិនចាត់វិធានការ ហើយយើងក៏ធ្វើម៉ត់ចត់ដែរពីព្រោះវាជាការភូតបោកប្រាស់ប្រជាជនផង និងជាពិសេសបោកព្រះមហាក្សត្រ ហើយយើងនឹងស្នើសុំរាជររដ្ឋាភិបាល ចាត់វិធានការហើយអាស្រ័យយ៉ាងណា លើរាជរដ្ឋាភិបាលសម្រេច តើយើងត្រូវធ្វើការតាមផ្លូវតុលាការអាចជាប់ពីបទប្រើប្រាស់ឯកសារ សាធារណៈក្លែងក្លាយ យកទៅថ្វាយព្រះមហាក្សត្រ (មានទោសពី៦ខែ ទៅ៥ឆ្នាំ)។
លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ការប្រមូលស្នាមមេដៃប្រជាពលរដ្ឋពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែមិថុនា គឺមានចំនួនជាង២៦ម៉ឺនស្នាមមេដៃ និងធ្វើពិធីទទួលញ្ញត្តិម្តងទៀតនៅពេលខាងមុខមុននឹងកំណត់ថ្ងៃហែ ញ្ញត្តិថ្វាយព្រះមហាក្សត្រម្តងទៀត។
លោកបានបញ្ជាក់ថា “ក្រុមតំណាងរាស្ត្រទាំង៥៥រូប ដែលដង្ហែញ្ញត្តិថ្វាយព្រះមហាក្សត្រ បើមានទោសព្រហ្មទណ្ឌហើយត្រូវចាត់ទុកថា ជារឿងមួយធ្ងន់ធ្ងរ ដោយសារតែបំពេញតួនាទីជាអ្នកតំណាងរាស្ត្រទទួលញ្ញត្តិពីប្រជាពលរដ្ឋ យកទៅថ្វាយព្រះមហាក្សត្រយកទៅប្រគល់ជូនស្ថាប័ន ដើម្បីសុំអន្តរាគមន៍ មានទោសព្រហ្មទណ្ឌមួយឆ្នាំឬពីរឆ្នាំ តំណាងរាស្ត្រ៥៥នាក់ បើកទ្វារគុកដើរចូលគុកតែម្តង”៕