ប្តឹង​មេ​ប៉េអឹម​រង​ខេត្តកំពង់ស្ពឺ​ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា រឿង​ស៊ីដាច់​រថយន្ត​ពីរ​គ្រឿង​

20-June-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​ម្នាក់ និង​ត្រូវជា​កូន​របស់​មេបញ្ជាការ​ក​ង​រាជ​អាវុធហត្ថ​ខេត្តព្រៃវែង ស៊ីដាច់​រថយន្ត​របស់​គេ​ចំនួន​ពីរ​គ្រឿង និង​បាន​គេចខ្លួនបាត់ រហូត​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​។ ដោយសារតែ​គ្មាន​ជម្រើស ម្ចាស់​រថយន្ត​បានដាក់​ពាក្យ​ប្តឹង​មេបញ្ជាការរង​រូបនោះ ទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ជួយ​រក​យុត្តិធម៌​។​
    
 មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹងថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដែល​គេ​ប្តឹង​ពីបទ​ឆបោក (​យក​រថយន្ត​របស់គេ​) គឺមាន​ឈ្មោះ សៅ ពន្លឺ ហើយ​រថយន្ត​ចំនួន​ដែល​ឈ្មោះ សៅ ពន្លឺ យកទៅ​នោះ គឺ​ម៉ាក​ឡុ​ច​ស៊ី​ស និង​រថយន្ត​កា​ម៉ា​រី​។ ហើយ​ពាក្យបណ្តឹង គឺ​ម្ចាស់​រថយន្ត​បាន​ប្តឹងទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជួយ​រក​យុត្តិធម៌ កាល​សប្តាហ៍​មុន​។​
    
​នៅក្នុង​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ថា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ លោក​សៅ ពន្លឺ បាន​យក​រថយន្ត​របស់គាត់ ម៉ាក​ឡុ​ច​ស៊ី​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-3188 ពណ៌​ទឹកមាស ផលិត​ន​ឆ្នាំ​១៩៩៧ ដោយ​សន្យាថា យកទៅ​មួយ​ម៉ោង​នង​យកមក​ប្រគល់​ឲ្យ​វិញ ប៉ុន្តែ​ពី​ការសន្យា​គឺ​លោក​សៅ ពន្លឺ មិនបាន​ធ្វើ​ដូច​សន្យា​របស់​គា​តើ​ឡើយ ហើយ​បាត់​ដំណឹង​មិនអាច​ទំនាក់ទំនង​បាន​។​
    
​ចំណែក​ប្រជាពលរដ្ឋ រងគ្រោះ​ម្នាក់ទៀត បាន​រៀបរាប់​ជូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ថា រថយន្ត​ដែល​លោក​សៅ ពន្លឺ យក​នោះ ម៉ាក​កា​ម៉ា​រី សេរី​៩១ ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-0806​។
    
​ជាមួយគ្នានេះ ជនរងគ្រោះ​បាន​សុំ​ឲ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ឲ្យ​។​
    ទាក់ទង​ករណីនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មិន​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​មិន​ទំនាក់ទំនង​បាន​។ រីឯ​លោក​ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ ដោយ​ថា ជាប់រវល់​៕

ចំនួនអ្នកទស្សនា

    20686667

  • ថ្ងៃនេះ971
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18541
  • ខែនេះ971
  • ឆ្នាំនេះ244211
  • សរុប20686667