ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល

20-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចែក​សញ្ញាបត្រ ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ដែល​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្បែរ​វិមានឯករាជ្យ នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​យ៉ាង​ក្តៅគគុក​។​
​ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​, ជាពិសេស​សម្តេច​តេ​ជោ បានលើកឡើង​ខ្លាំងៗ​អំពី​បញ្ហា​សមុទ្រ​ខាងត្បូង​៖

* សម្តេច​តេ​ជោ ហ៊ុន សែន ប្រសាសន៍ថា «​ខ្ញុំ​ទទួលយក​កំហុស​ដោយ​ស្ម័គ្រចិត្ត​ទាំងស្រុង ចំពោះ​ការ​ជិះ​ម៉ូតូ​អត់​ពាក់​ពួក​សុវត្ថិភាព សូមមេត្តា​កុំ​យក គំរូ​អាក្រក់​នេះ​តាម​ខ្ញុំ​» សម្តេច​ចុះចិត្ត​បង់​ការផាកពិន័យ​តាមច្បាប់ ចំពោះ​ការ​ជិះ​ម៉ូតូ​អត់​ពាក់​ពួក​សុវត្ថិភាព​នេះ​។​

* ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃនេះ គឺជា​ខួប​ដែល​សម្តេច​បាន​ងើប​ប៉ះ​បោរ​ផ្តួលរំលំ​របប​ប៉ុលពត​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ថ្ងៃនេះ​គឺជា​ការសម្រេចចិត្ត ដ៏​គ្រោះថ្នាក់​បំផុត ប្រសិនបើ​សម្តេច​សម្រេចចិត្ត​ខុស នឹង​គ្មាន​អាយុជីវិត​នោះឡើយ​។ សម្តេច​តេ​ជោ ក៏បាន​រំលឹកថា ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​សម្តេច​ឈឺចាប់​បំផុត​ផងដែរ ដែលជា​ថ្ងៃ​សម្តេច​សរសេរ​លិខិត​ទៅ​ភរិយា​របស់​សម្តេច​។ សម្តេច​ថា ពេល​ចាប់​សរសេរ​លិខិត​នេះ​ទៅ​ភរិយា​ទឹកភ្នែក ក៏បាន​ហូរ​ស្រក់​ឥត​ឈប់​។ ថ្ងៃនេះ​គឺជា​ថ្ងៃ​ទឹកភ្នែក ប៉ុន្តែ​ជា​ថ្ងៃ​ដែល​សម្តេច ហ៊ុន សែន មាន​វត្តមាន​ជាមួយ​ប្រជាពលរដ្ឋ​នៅពេលនេះ​។​

* នៅ​ខួប ៣០​ឆ្នាំ នៃ​ថ្ងៃ​ដែល​សម្តេច​ងើបឡើង​ធ្វើការ​តស៊ូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​យក​ថ្ងៃនេះ គឺជា​ថ្ងៃ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ពេទ្យ ដែល​ប្រឡង​ជាប់​ជយលាភី​លេខ​១​ផងដែរ ក្នុង​មួយឆ្នាំ​តម្លៃ​ប្រមាណ ២៥០០​ដុល្លារ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៥​ទៅ​។ សម្តេច​ប្រកាស​ជួបជុំ​និស្សិត​ពេទ្យ​ទាំងអស់ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​ស្អែក​នេះ នៅ​ភូមិគ្រឹះ​របស់​សម្តេច ដើម្បី​ពិភាក្សា​ពី​ការផ្តល់​អាហារូបករណ៍​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា សម្តេច​មាន​គោលដៅ​ពង្រឹង​គ្រូពេទ្យ​ឯកទេស ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។​

* សម្តេច​តេ​ជោ បាន​ឌឺដង​ឲ្យ​ការ​បួងសួង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា មិនបាច់​ទៅ​បួងសួង​នៅឯណា​នោះទេ កុំ​តែ​ទៅធ្វើ​ខុសច្បាប់​ទៅ គឺ​គ្មាន​ទោសទណ្ឌ​នោះទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​មេធាវី​លោក កឹម សុខា ថា​ជា​មេធាវី​ចេះ​ស្ទើរ សម្តេច​តេ​ជោ​ថា លោក កឹម សុខា បានធ្វើ​រឿង​តូច​ឲ្យ​ក្លាយទៅជា​រឿង​ធំ​។ សម្តេច​តេ​ជោ ហ៊ុន សែន ថា សំណុំរឿង​របស់លោក កឹម សុខា ជា​រឿង​តូច គ្រាន់តែ​ចូលទៅ​បំភ្លឺ​បន្តិច​ចាប់​ហើយ តែ​មិន​ព្រម​ចូល​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​ទៅ​មន្ត្រី​ថា មន្ត្រី​ធ្វើជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ធ្វើជា​ចៅហ្វាយ​រាស្ត្រ​នោះទេ ហើយ​សម្តេច​មិន​សុំ​អ្វី​ពី​មន្ត្រី​នោះឡើយ គឺ​សុំ​ឲ្យ​តែ​ធ្វើ និង​គោរព​ទៅតាម​ច្បាប់​បាន​ហើយ​។​

* សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​មន្ត្រី​ត្រូវ​ចេះ​ទទួលខុស​ត្រុ​វ ហើយ​សម្តេច​ថា ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មន្ត្រី ដែល​ទទួល​តែ​ត្រូវ ហើយ​មិន​ទទួលខុស ទម្លាក់កំហុស​ឲ្យ​ថ្នាក់ក្រោម ហើយ​រាយការណ៍​ទៅ​ថ្នាក់លើ​។ សម្តេច​តេ​ជោ ហ៊ុន សែន ថា មន្ត្រី​បែបនេះ​មិន​ចាំ​ប្រើ​ទេ និង​កុំ​យកទៅដាក់​ក្បែរ​ខ្លួន​។​
* សម្តេច​តេ​ជោ ផ្តាំផ្ញើ​ទៅ​មន្ត្រី​ទាំងអស់​ត្រូវ​ធ្វើជា​មន្ត្រី​ជើង​២ កុំ​ធ្វើ​មន្ត្រី​ជើង​១០​។ តែ​មន្ត្រី​ជើង​២ គឺ​ត្រូវ​ដើរទៅ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ មិនមែន​ចុះទៅ​បង្កើត​បញ្ហា ដូច​ជាមាន​ប្រពន្ធ​ក្រៅ​ផ្ទះ ឬ​ដើរ​បង្ក​បញ្ហាដីធ្លី​នោះទេ​។​

* សម្តេច​តេ​ជោ ហ៊ុន សែន បាន​តំណាល​រឿង​មន្ត្រី​គ្រាប់​ល្ពៅ​ជូន​មន្ត្រីរាជការ​ទាំងអស់​ស្តាប់ ហើយ​ប្រាប់​ទៅ​មន្ត្រី​ទាំងអស់ កុំ​ឲ្យ​យក​ត្រាប់​តាម​មន្ត្រី គ្រាប់​ល្ពៅ​ប្រភេទ​ទីមួយ​។ ការ​តំណាល​រឿង​មន្ត្រី​គ្រាប់​ល្ពៅ​នេះ គឺ​សំដៅ​ឲ្យ​មន្ត្រី​ទាំងអស់​ត្រូវតែ​ស្មោះត្រង់ និង​ហ៊ាន​និយាយ​នូវ​ការពិត​។ សម្តេច​ផ្តាំ​ទៅដល់​មន្ត្រី របស់ខ្លួន​ឲ្យ​ត្រូវមាន​ស្មារតី​សាមគ្គី​គ្នា មិន​ត្រូវមាន​វប្បធម៌​ពែង​ជើង ឬ ក្តិចត្រួយ​គ្នា​នោះទេ​។​

* សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ចោទសួរ​ទៅ​អ្នកនយោបាយ ដែល​តែងតែ​និយាយ​អួតថា នឹង​ផ្តល់ឱកាស​កូនអ្នកក្រ​ធ្វើ​អ្នកធំ ឬ​ធ្វើ​តំណាងរាស្ត្រ​ថា តើ​ពួកគេ​អាច​បានធ្វើ​ឬ​អត់ ប្រសិនបើ​ក្នុង​បក្ស​នោះ តម្រូវ​ឲ្យ​បេក្ខភាព​តំណាងរាស្ត្រ ត្រូវ​បង់លុយ​តិច ឬ​ច្រើន​តាម​លំដាប់​លេខ​រៀង​នោះ​?​។ សម្តេច​តេ​ជោ បាន​ហៅ​ការឃោសនា​របស់​គណបក្ស​ទាំងអស់នោះ កំពុងតែ​ដើរ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​។ សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​បញ្ចេញ​ចំឈ្មោះ​បក្សនយោបាយ​នោះទេ តែ​គណបក្សនយោបាយ ដែលជា​ញឹកញាប់​តែង​លើក​បញ្ហា​នេះ​ឡើង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំ​ទៅ​បក្សនយោបាយ​ចូលចិត្ត​ធ្វើ​ប្រជាភិថុតិ​នេះ ល្មម​ឈប់​ហើយ​។ សម្តេច​បាន​លើក​ជា​ឧទាហរណ៍​ឲ្យ​គណបក្សនយោបាយ​ចូលចិត្ត​ធ្វើ​ប្រជាភិថុតិ ប្រយ័ត្ន​មានជោគ​វាសនា​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ សម្តេច​តេ​ជោ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដួលរលំ ព្រោះតែ​ការធ្វើ​នយោបាយ​សន្យា​នេះ​។​

* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រឿង​ផ្តិតមេដៃ​គាំទ្រ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​រួចខ្លួន​នៅឡើយ​ទេ ដែល​នេះ​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ ដល់​ព្រះមហាក្សត្រ និង​ជាការ​បោកប្រាស់​ប្រជាពលរដ្ឋ​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​ទៅ​មន្ត្រី​ទូត​ប្រចាំ​នៅ​កម្ពុជា​នានា កុំ​ចោទ​សម្តេច​ថា ប្រើ​ប្រព័ន្ធតុលាការ ដើម្បី​គំរាមកំហែង តែ​នេះ​ជាការ​អនុវត្ត​ច្បាប់​។ សម្តេច​តេ​ជោ​បាន​ចោទ​សួរថា បើ​ច្បាប់​មាន​មិន​ប្រើ ត្រូវ​ប្រើ​កាំភ្លើង​ឬ​យ៉ាងណា​?
* ឆ្លើយតប​ការលើកឡើង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​ធ្វើការ​ឃោសនា​នឹង​រក្សាទុក​តួនាទី​មន្ត្រីរាជការ​នៅ​ដដែល​នៅពេល​ឈ្នះឆ្នោត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក និង​សួរ​ទៅ​មន្ត្រី​ថា តើ​ពួកគេ​អាច​រក្សាទុក​បានដែរ​ឬទេ ខណៈ​ពួកគេ​កំពុង​ជេរ​មន្ត្រី​នោះ​ថា ពុករលួយ ហើយ​បើ​រក្សាទុក​មន្ត្រី​នៅ​ដដែល តើ​អ្នក​ដែល​ចំណាយលុយ ចំណាយ​ជួយ​បក្សប្រឆាំង ត្រូវ​ទៅធ្វើ​អ្វី​?

* សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​បាន​ដើរតួនាទី​យ៉ាង​ល្អ ក្នុងការ​សម្របសម្រួល​កិច្ចការ​សមុទ្រ​ចិន​ខាងត្បូង រវាង​ចិន និង​ប្រទេស​ក្នុង​តំបន់​។​
* សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង ជួបចរចា​គ្នា​ដើម្បី​ដោះស្រាយ កុំ​ឲ្យ​កម្ពុជា​ចេញមុខ​ចរចា ការលើកឡើង​បែបនេះ​របស់​សម្តេច​តេ​ជោ ធ្វើឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា កម្ពុជា​បាន​បំផ្លាញ​ការចេញ​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន​។​
* សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​កម្ពុជា​មិន​ចូលរួម​ការចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​ទាំងអស់ គាំទ្រ​ការចេញ​សាលដីកា របស់​តុលាការ​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​។​

* សម្តេច​តេ​ជោ ហ៊ុន សែន​៖ «​ខ្លួនឯង​ទាស់​គ្នា​ដណ្តើម​ដី​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មក​ចោទ​តែ​កម្ពុជា​ជា​អ្នក​បំផ្លាញ សុំ​ប្រទេស​ដែលមាន​បញ្ហា ចេញមក​ចរចា​ដោយ​ខ្លួន​ទៅ​»​។​
* សម្តេច​ប្រកាសថា កម្ពុជា​សុំ​ធ្វើជា​ប្រទេស​អ​ព្យា​ក្រឹត្យ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​, សម្តេច​បានប្រកាស​ទៀត​ថា កម្ពុជា​មិន​ធ្វើ​អាយ៉ង​របស់​អ្នកណា​នោះទេ លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​
* ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​អំពាវនាវ​ប្រទេស​ដែល​នៅ​ខាងក្រៅ​អាស៊ាន កុំ​លូកដៃ​ចូល​កិច្ចការ​របស់​អាស៊ាន លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា នៅវេលា​ម៉ោង ៩៖៥០​នាទី​៕

ចំនួនអ្នកទស្សនា

    20687177

  • ថ្ងៃនេះ1481
  • ម្សិលមិញ4911
  • សប្តាហ៍នេះ19051
  • ខែនេះ1481
  • ឆ្នាំនេះ244721
  • សរុប20687177