សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យមន្រ្តីកុំធ្វើជាមន្រ្តីជើង១០គឺត្រូវតែធ្វើមន្រ្តីជើង២

20-June-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២០​មិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចូលរួម​បិទ​វគ្គ​ប្រគល់​សញ្ញាបត្រ ដល់​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់​ឧ​ត្ត​ម​គតិ​ជាតិ សិស្ស​មន្ត្រី​ក្រមការ​ជំនាន់​សាមគ្គី​ជាតិ និង​វិញ្ញាបនបត្រ​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៥ សិក្ខាកាម​មន្ត្រី​ក្រសួងបរិស្ថាន សិក្ខាកាម​ថ្នាក់ដឹកនាំ​ជា​ស្ត្រី ព្រមទាំង​បើក​វគ្គ​បណ្ដុះបណ្តាល​ឆ្នាំ ២០១៦ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​ចំនួន ៩១៥​។​

​ក្រោយ​ការចូលរួម​ពិធី សម្តេច​តេ​ជោ​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​"​ខ្ញុំ សូម​អបអរសាទរ​និង​កោតសរសើរ​ដល់​ជ័យលាភី​ទាំងអស់ និង​សូម​កោតសរសើរ​ដល់​សាលា​ភូមិន្ទ​រដ្ឋបាល​ដែល​បាន​ប្រឹងប្រែង បណ្តុះបណ្តាល​ធនធានមនុស្ស ជាពិសេស​មន្ត្រី​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​អោយ​កាន់​តែមាន​សមត្ថភាព ពេញលេញ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​"​។

​ទោះជា​យ៉ាងណា សម្តេច​តេ​ជោ​បាន​ក្រើន​រំលឹកថា​"​សូម​ធ្វើ​មន្ត្រី​ជើង​ពីរ កុំ​ធ្វើ​មន្ត្រី​ជើង​១០​ហើយក៏​មិនត្រូវ​ធ្វើជា​មន្ត្រី​គ្រាប់​ល្ពៅ​ដែរ ។ មន្ត្រី​ជើង​ពីរ​មានការ​ទទួលខុសត្រូវ និង​ចេះ​ចុះជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ប្រកបដោយ​ការទទួល​ខុស​និង​ត្រូវ​និង ចេះ​ធ្វើការ​រួមគ្នា​ជា​ក្រុម​។ កុំ​ប៉ែង​ជើង​គ្នា និង​កុំ​ក្តិចត្រួយ បើ​មាន​មន្ត្រី​ណា​មាន​សមត្ថភាព​ពិតប្រាកដ​គឺ​យើង​រុញ​ឡើង​។​ហើយ​ចំពោះ មន្ត្រី​ដែល​បានធ្វើ​ធំ​ហើយ ក៏​មិនត្រូវ​ភ្លេច​មន្ត្រី​តូចតាច​ដែរ​"​។​

 ឆ្លៀត​ពេ​នេះ សម្តេច​សូម​អភ័យទោស​ជា​សាធារណៈ​ផងដែរ​ដែល​កាលពីពេល​ថ្មីៗ​នេះ​សម្តេច​បាន ជិះ​ម៉ូតូ​នៅ​ខេត្តកោះកុង​មិនបាន​ពាក់មួក​សុវត្ថិភាព​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ត្រូវតែ​ពាក់មួក​ការពារ​សុវត្ថិភាព​គ្រប់ពេល ទោះបី​ជិះ​ម៉ូតូ​ជិត​ឬ​ឆ្ងាយ​ក៏ដោយ​។​

​ព្រឹក​មិញ​នេះ សម្តេច​បានបញ្ជាក់​ផងដែរ​អំពី​ជំហរ​កម្ពុជា​ចំពោះ បញ្ហា​សមុទ្រ​ចិន​ភាគខាងត្បូង ។ តំបន់​ណា​ដែល​ប៉ះពាល់​ទ្វេភាគី គឺ​ទុកអោយ​ទ្វេភាគី​ដោះស្រាយ រីឯ​តំបន់​ណា​ដែលមាន​បញ្ហា​ពហុភាគី​គឺ​ទុកអោយ​ពហុភាគី​ជា​អ្នកដោះស្រាយ​។ កម្ពុជា​មិនមែនជា​ចៅក្រម​កាត់សេចក្តី​ទេ ប៉ុន្តែ​កម្ពុជា​ដើរតួនាទី​ក្នុងការ​សម្របសម្រួល​ប្រទេស​ក្នុង​តំបន់​អោយបាន រស់នៅក្នុង​សុខ​ដម​នីយកម្ម​ជាមួយគ្នា​។ សម្តេច​ស្នើ​សុំអោយ ប្រទេស​ទាំងអស់​កុំ​ប្រើ​កម្លាំង​ដោះស្រាយ ប៉ុន្តែ​រួមគ្នា​ធ្វើ​ក្រម​ប្រ​ណិ​ប​ត្តិ​(COC)​។​ជំហរ​របស់​កម្ពុជា​គឺ​មិន ចេញ​សេចក្តី​គាំទ្រ​លើ​សេចក្តីសម្រេច ឬ​សេចក្តី​ថ្លែង​ការ​របស់​តុលាការ​ទេ​។ ដូច្នេះ​សម្តេច​មិនអោយ​បរទេស​ប្រមាថ​មាក់ងាយ​កម្ពុជា​ទេ ហើយក៏​មិនអាច​ទទួល​ការចោទប្រកាន់​ទម្លាក់កំហុស​រឿង​សមុទ្រ​ចិន​ភាគ ខាងត្បូង​មកលើ​កម្ពុជា​ដែរ​។ គឺ​សូម​អា​ព្យា​ក្រិត និង​យុត្តិធម៌​លើ​រឿងនេះ​។​

​ចុងបញ្ចប់​នៃ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​សូម​ប្រគេន​ពរ និង​ជូនពរ​ដល់​ព្រះ​តេជគុណ និង​ជ័យលាភី​ទាំងអស់​សូម​ជួបតែ​សំណាងល្អ និង​មាន​អនាគត​ល្អ​គ្រប់ៗ​គ្នា​៕

ចំនួនអ្នកទស្សនា

    20686537

  • ថ្ងៃនេះ841
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18411
  • ខែនេះ841
  • ឆ្នាំនេះ244081
  • សរុប20686537