​សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន សុំទោស​ប្រជាជន​កម្ពុជា ដែល​រូបលោក​ជិះ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព

20-June-2016 | ដោយ មែន កំសត់




​សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន សុំទោស​ប្រជាជន​កម្ពុជា ដែល​រូបលោក​ជិះ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព​ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ទទួលយក​កំហុស​ទាំងស្រុង ពី​ប្រជាពលរដ្ឋ ដែល​បាន​ទិតៀន​រូបលោក តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ដែរ​។​


​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល ព្រឹក​នេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ​ថា ការ​ជិះ​ម៉ូតូ​ជាមួយ​អ្នករត់ម៉ូតូឌុប​ម្នា​ក់នៅ​ខេត្តកោះកុង​កាលពី ថ្ងៃទី​១៨​មិថុនា នោះ គឺមាន​ចម្ងាយ​ប្រមាណ​២៥០​ម៉ែត្រ​ទេ ប៉ុន្តែ​សម្ដេច​ទទួលស្គាល់ថា​វា​ជា​កំហុស​មួយ​សម្រាប់​លោក​ដែល​ធ្វើ ខុសច្បាប់​ចរាចរណ៍ ខណៈដែល​លោក​បានកំណត់​ច្បាប់ តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ពាក់​សុវត្ថិភាព​គ្រប់គ្នា ។

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​យ៉ាងណាក៏ដោយ​ខ្ញុំ​សូម​អភ័យទោស​ជា​សាធារណៈ អំពី​ការខុសឆ្គង​ដែល​ខ្ញុំ​ធ្វេសប្រហែស មិនបាន​ពាក់មួក​សុវត្ថិភាព មិន​ថា​ផ្លូវ​ឆ្ងាយ​ផ្លូវ​ជិត​ទេ​។ យើង​ជា​អ្នកដឹកនាំ​ប្រទេស យើង​តែង​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ពាក់មួក​សុវត្ថិភាព​។ ប៉ុន្ដែ​បែ​ខ្លួន​យើង​មិន​ពាក់មួក​សុវត្ថិភាព​។ ដូចនេះ​សូមមេត្តា​កុំ​យក​គំរូ​អាក្រក់​នេះ​តាម​ខ្ញុំ [​ពុត​គ្រូ​កុំ​ត្រាប់​ច្បាប់​គ្រូ​ឲ្យ​យក​]»​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន យក​ព្រម​ទទួលកំហុស​នេះ ដោយ​លោក​បញ្ជាក់ថា លោក​សុខចិត្ត​បង់ប្រាក់​ផាកពិន័យ បើសិនជា​សមត្ថកិច្ច​ចង់​ផាកពិន័យ​។ សម្ដេច ហ៊ុន សែន អំពាវនាវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ គោរព​ច្បាប់​ចរាចរណ៍ និង​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ដោយ​ប្រជាពលរដ្ឋ មិន​ត្រូវយក​គំរូ​អាក្រក់​តាម​រូបលោក​ឡើយ​។​

​កាលពី​ថ្ងៃទី ១៨ មិថុនា នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សួរសុខទុក្ខ​អ្នករត់ម៉ូតូឌុប​ម្នាក់ ហើយ​បាន​ធ្វើជា​«​តៃកុង​»​បើក​ម៉ូតូ​ដោយផ្ទាល់​ដឹក​ម្ចាស់​ម៉ូតូឌុប​នោះ​វិញ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព នៅពេលដែល​លោក​បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ខេត្តកោះកុង​។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាននាំគ្នា​ទិតៀន​រិះគន់​យ៉ាងខ្លាំង ចំពោះ​សម្ដេច ហ៊ុន សែន ដែល​បើកបរ​ម៉ូតូ​មិនបាន​ពាក់មួក​សុវត្ថិភាព ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល ដែលជា​អ្នកកំណត់​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20686507

  • ថ្ងៃនេះ811
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18381
  • ខែនេះ811
  • ឆ្នាំនេះ244051
  • សរុប20686507