ខេត្តកំពង់ឆ្នាំង ៖ ស្នូរកាំភ្លើងដែលផ្ទុះឡើងរបស់កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មូញឈើគ្រូញូង បានលាន់ឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នៅ ចំណុចក្តុលចាស់ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រភពជាក់លាក់មួយបានបញ្ជាក់ថា ការប្រមាញ់នេះដែលធ្វើឡើងដោយលោកវរៈសេនីយទោ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការដេញប្រមាញ់រថយន្តដឹកឈើគ្រូញូងមួយគ្រឿង ម៉ាកកាមរីឆ្លាមពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2X-7492 ដេញប្រមាញ់តាំងពីស្រុកបរិបូណ៌ រហូតដល់ចំណុចក្តុលចាស់។ ខណៈរថយន្តដឹកឈើទៅមុខលែងរួច បានផ្ទុះអាវុធចំនួន៥គ្រាប់ ដើម្បីចាប់អ្នកបើកបរធ្វើឲ្យយមានការភ្ញាក់ផ្អើលទាំងព្រឹកដល់ ប្រជាពលរដ្ឋ។ បើតាមការរអះអាងបានបញ្ជាក់ថា រថយន្តដឹកឈើគ្រញូង មានឈើដុំធំៗចំនួន៣ដុំ និងឈើសន្លឹកមានមុខកាត់៣០ បន្ទារ១តឹក ប្រវែងជាង២ម៉ែត្រ តម្លៃប៉ាន់ប្រមាណមិនក្រោមពី៥ម៉ឺនដុល្លារ និងអ្នកបើកបរម្នាក់ត្រូវបានធ្វើការដោះលែងវិញស្ងាត់ៗ ថ្នូរនឹងទឹកប្រាក់ជាង១ម៉ឹនដុល្លារអាមេរិក។
ពាក់ព័ន្ធករណីខាងលើនេះ លោកវរៈសេនីយទោ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មិនបានធ្វើការបំភ្លឺនោះទេ។ ចំណែកលោក ស្រី ស៊ីថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជាក់ថារហូតមកដល់រសៀលថ្ងៃទី១៨ មិនទាន់ឃើញមានរបាយការណ៍ ឬវត្ថុតាងមកដល់ទីបញ្ជាការអាវុធហត្ថខេត្តនៅឡើយទេ ម្យ៉ាងវិញទៀត កម្លាំងចុះធ្វើការក៏មិនបានទំនាក់ទំនង ផ្តល់ដំណឹងអ្វីដល់លោកឡើយ៕
ប្រភព៖កំណើតថ្មី