ភ្នំពេញ៖ នគរបាលជាន់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា កន្លងមកនេះ មាននគរបាលយុត្តិធម៌ជាច្រើន បានទទួលវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តច្បាប់ផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប៉ុន្តែ មកដល់ពេលនេះការអនុវត្តច្បាប់ផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ គឺនៅមិនទាន់មានភាពល្អប្រសើរនោះទេ ខណៈដែលនគរបាលយុត្តិធម៌និងចៅក្រមអយ្យការហាក់នៅមានខ្វែងគំនិតគ្នាពីនីតិវិធីអនុវត្តច្បាប់។
ថ្លែងក្នុងវគ្គបំប៉នគ្រូបង្គោលនគរបាលយុត្តិធម៌ ស្តីពីក្រមនីតិព្រហ្មទណ្ឌក្រមព្រហ្មទណ្ឌនិងការប្រព្រឹត្តខុសមុខងាររបស់មន្ត្រីនគរបាលយុត្តិធម៌ថ្ងៃទី២០ខែមិថុនានៅអគ្គស្នងការដ្ឋាននគរបាលជាតិឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ាប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌ថាវគ្គបំប៉ននាពេលនេះ គឺវាមានសារៈសំខាន់សម្រាប់តម្រង់ទិសនគរបាលយុត្តិធម៌នៅទូទាំងប្រទេសឲ្យមានការយល់ដឹងពីនីតិវិធីនៃការអនុវត្តច្បាប់ខ្លួនតាមរយៈការយកទៅពន្យល់បន្តរបស់គ្រូបង្គោលនគរបាលយុត្តិធម៌ទៅដល់បណ្ដានគរបាលយុត្តិធម៌ផ្សេងៗទៀតនៅតាមមូលដ្ឋាន។
ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ថា តាមរយៈការបណ្តុះបណ្តាលនេះ មន្ត្រីអនុវត្តច្បាប់ទាំងនគរបាលយុត្តិធម៌និងមន្ត្រីតុលាការនឹងអនុវត្តច្បាប់ស្របតាមនីតិវិធីរបស់ខ្លួនកាត់បន្ថយបទល្មើសពិសេសបទល្មើសចោរប្លន់ប្រដាប់អាវុធគ្រឿងញៀននិងបទល្មើសឧក្រិដ្ឋកម្មនានាទៀតឲ្យមានថយចុះជាងបណ្ដាឆ្នាំកន្លងមក៕