ភ្នំពេញ៖ថៅកែផ្សារប៉េសេសន្យាខ្យល់ ជាមួយអាជ្ញាធរខណ្ឌមានជ័យថា នឹងរុះរើតូប ដែលសាងសង់លយចេញមកក្រៅ ទុកជាកន្លែងចតឡានវិញ ។ តែមកទល់ពេលនេះនៅតែ មានការកកស្ទះគ្រប់ពេលតាមផ្លូវជុំវិញផ្សារដែលបង្កមកពីការផ្ញើ ឡាន-ម៉ូតូ និងសាងសង់ តូបរំលោភលើចំណីផ្លូវទាំងស្រុង ហើយតូបក៏មិនឃើញរុះរើដែរ ។
ប្រជាពលរដ្ឋអ្នកដំណើរនិងរស់នៅ ជាប់ផ្លូវផ្សារប៉េសេបានដឹងថា រាល់ពេលដែលពួក គាត់បើកឡាន រឺជិះម៉ូតូឆ្លងកាត់ផ្លូវជុំវិញផ្សារ តែងតែឃើញមានផ្ញើរម៉ូតូនិងរថយន្តមកចត និងមានទាំងអ្នកលក់ដូរ លយស្ទើរពាក់ កណ្តាលផ្លូវទៅហើយ ដល់ចឹងពេករឿងអីមិន ស្ទះចរាចរណ៍បើផ្លូវទៅមកនៅសល់ចន្លោះតូចចង្អៀតមែនទែន ។
មិនតែប៉ុណ្ណោះថែមទាំង បណ្តោយឲ្យអ្នកលក់ដូរតាមផ្លូវ និងច្រកចេញពីផ្សារជាហូរហែរ មិនខ្វល់ពីការកកស្ទះ ចរាចរណ៍អ្វីឡើយ។
ប្រជាពលរដ្ឋបន្តថា ចំពោះកន្លែងសម្រាប់អាជីវករលក់បែរជាធ្វើដូចជាគុកទៅវិញ ព្រោះមានការហ៊ុមព័ទ្ធសំណាញ់ពីខាងក្រៅ ឯអ្នកលក់អង្គុយលក់ក្នុងសំណាញ់នោះ យ៉ាងណែនចង្អៀត បើសិនជាមានអាសន្នអ្វីមួយច្បាស់ជារត់មិននោះទេ។ចំណែកខាងក្នុង ផ្សារបែរជាទំនេរចោលគ្មានអ្នកណាលក់ដូរអ្វីសោះ នាំគ្នាមកជាន់កលក់តាមចំហៀងផ្សារទៅវិញ ។
ប្រភពដដែលបាន បន្ថែមថា មួយរយៈកន្លងទៅមានខាងសាលាសង្កាត់ដើរប្រាប់ ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារប៉េសេថា ខាងថៅកែផ្សារយល់ព្រមរុះរើតូបដែល ដាក់លក់ក្នុងសំណាញ់ចេញ ហើយយកកន្លែងនឹងទុកជាចំណតឡាន-ម៉ូតូវិញ រីឯអ្នកឲ្យ មកលក់នៅផ្នែកខាងក្នុងព្រោះសល់តូបច្រើនណាស់ ។ តែមកទល់ពេលនេះថៅកែផ្សារប៉េសេសន្យាខ្យល់ជាអាជ្ញាធរខណ្ឌមានជ័យ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះមន្ត្រីជាន់ខ្ពស់នៃសាលាខណ្ឌមានជ័យ ធ្លាប់បានអះអាងថា«បញ្ហាចរាចរណ៍ជុំវិញផ្សារប៉េសេនោះយើងធ្លាប់ ឲ្យខាងសង្កាត់បឹងទំពុនចុះធ្វើ ជាច្រើនសារមកហើយ តែក្រោយមកវាដដែល ។ចំពោះរឿងសំយ៉ាប់ខាងខណ្ឌបានដោះ ស្រាយចប់យូរណាស់ហើយ ដោយមានធ្វើកិច្ចសន្យាថា បើមានតម្រូវការខាងផ្សារនឹងរុះ ចោលដោយខ្លួនឯងភ្លាម ។ វាពិបាកដែររឿងនេះ ព្រោះវាជាផ្សារឯកជន មិនមែនជារបស់ រដ្ឋ ដល់ចឹងយើងបានត្រឹមតែណែនាំ តែបើផ្សាររបស់រដ្ឋគឺគេមិនហ៊ានធ្វើបែបនេះដែរ» ។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារប៉េសេរងការលំបាកទាំងផ្លូវដើរ ផ្លូវចូលផ្ទះ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះបានសំណូមពរដល់លោក ប៉ា សុជាតិវង្ស អភិបាល សាលារាជធានីភ្នំពេញ មេត្តាជួយមើលនិងណែនាំកុំឲ្យថៅកែផ្សារប៉េសេធ្វើតាមតែចិត្តចង់ ដាក់លក់ដូរតាមផ្លូវឲ្យឡើងចង្អៀតត្រូវគិតពីសុខទុក្ខអ្នករង ផលប៉ះពាល់ខ្លះផង ទោះជាផ្សាររបស់ឯកជនក៏ដោយ។
ទាក់ទិននឹងការសន្យាខ្យល់នេះយើងមិនអាចទាក់ទងថៅកែផ្សាររូបនេះសុំការបក ស្រាយបាននោះទេ ៕