ភ្នំពេញ៖នៅព្រឹកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងរៀបចំពិធីទទួលសមាជិកថ្មីចំនួន ៣ រូប មកជំនួសតំណែងសមាជិកចាស់របស់ស្ថាប័ននេះចំនួន ៣ រូប ដែលត្រូវផុតអាណត្តិ។ ពិធីនេះ រៀបចំធ្វើនៅវិមានរដ្ឋចំការមន ។
ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំងសមាជិក២រូបទៀត នឹងត្រូវចាកចេញពីតំណែង ក្រោយបញ្ចប់អាណត្តិ ក្នុងឆ្នាំ២០១៦នេះ។ ប្រធាន និងសមាជិកដែលត្រូវផ្លាស់ប្តូរនោះគឺ លោក ឯក សំអុល លោក ព្រហ្ម ញាណវិចិត្រ និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់ដារ៉ាវង្ស។ នៅក្នុងកិច្ចប្រជុំដើម្បីផ្តាស់ប្តូរតំណែងនៅព្រឹក ថ្ងៃអង្គារនេះ ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ មិនអនុញ្ញាតឲ្យអ្នកកាសែតចូលយកព័ត៌មានស្តីពីពិធីនេះ ក្រៅពីអ្នកសារព័ត៌មានទូរទស្សន៍ជាតិកម្ពុជានោះទេ។
លោក ឯក សំអុល ដែលបានទៅកាន់តំណែងក្នុងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដោយសាររដ្ឋសភា បោះឆ្នោតជ្រើសរើស ហើយត្រូវសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបោះឆ្នោតឲ្យធ្វើជាប្រធាន ស្ថាប័នបកស្រាយច្បាប់កន្លងមកនេះ នឹងត្រូវជំនួសដោយលោក សំ ព្រហ្មនា ជាអតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលជ្រើសតាំងដោយរដ្ឋសភា។ ប៉ុន្តែមិនមានន័យថា លោក សំ ព្រហ្មនា នឹងជំនួសតំណែងលោក ឯក សំអុល ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញឡើយ ពោលគឺលោកនឹងក្លាយជាសមាជិកស្ថាប័នកំពូលមួយនេះធម្មតាសិន ហើយសមាជិកទាំង ៩ រូបនៃក្រុមប្រឹក្សាធម្មនុញ្ញ នឹងបោះឆ្នោតជ្រើសរើសសមាជិករូបណាមួយឲ្យធ្វើជាប្រធានក្រុមប្រឹក្សា នេះតាមក្រោយ។
ចំណែកឯ លោក ព្រហ្ម ញាណវិចិត្រ នឹងត្រូវជំនួសដោយលោក អ៊ឹម ឈុនលឹម អតីតរដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដែលជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ដោយឡែក អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់ដារាវង្ស នឹងត្រូវជំនួសដោយឥស្សរជនមួយរូប ដែលតែងតាំងដោយអង្គព្រះមហាក្សត្រ។
ការផ្លាស់ប្តូរសមាជិកចំនួន ៣ រូប សម្រាប់អាណត្តិទី៧ គឺចាប់ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០១៩ ។ ប្រធានថ្មីនៃស្ថាប័នកំពូលមួយនេះ នឹងត្រូវបោះឆ្នោតជ្រើសតាំង ក្នុងកិច្ចប្រជុំនេះឯង៕
ប្រភព៖thmeythmey News