សម្តេច​តេ​ជោ ហ៊ុន សែន ៖ «​បើ​គណបក្សប្រឆាំង ហ៊ាន​ប្រឆាំងនឹង​ថវិកា ជួយ​ដល់​សព​អតីតយុទ្ធជន​ពិការ នោះ​អតីតយុទ្ធជន​ពិការ នឹងមិន​អត់អោន​ឲ្យ​អ្នកប្រឆាំង​ឡើយ​»

21-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​រំលឹក ខួប​ទិវា​អតីតយុទ្ធជន​កម្ពុជា លើក​ទី​៩ នា​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ ទី​២១ ខែមិថុនា ឆ្នាំ​២០១៦​ថា បើ​គណបក្សប្រឆាំង ហ៊ាន​ប្រឆាំងនឹង​ថវិកា ជួយ​ដល់​សព​អតីតយុទ្ធជន​ពិការ នោះ​អតីតយុទ្ធជន​ពិការ នឹងមិន​អត់អោន​ឲ្យ អ្នកប្រឆាំង ឡើយ​។​

សម្តេច​តេ​ជោ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា «​រាជរដ្ឋាភិបាល​កម្ពុជា គួរ​មាន​ក្របខណ្ឌ​នូវ​ថវិកា​មួយចំនួន ពីព្រោះ​នេះ គឺជា​ការចំណាយ​ទៅលើ​កិច្ចការ​សង្គម ហើយ​ប្រសិនបើ​គណបក្សប្រឆាំង​ហ៊ាន​ប្រឆាំង ទៅលើ​ការចំណាយ​ថវិកា​ន​នេះ យុទ្ធជន​ពិការ​របស់​យើង​នឹងមិន​អត់អោន​ឲ្យ​អ្នកណា ដែល​ប្រឆាំង​ជាមួយ គំនិត​ផ្តួចផ្តើម​របស់ខ្ញុំ​ទេ ពីព្រោះថា នេះ​គឺជា​ការជួយ​ទៅដល់​យុទ្ធជន​ពិការ​របស់​យើង​»​។​

​ការលើកឡើង​របស់​ស​ម្តេច ហ៊ុន សែន បានធ្វើ​ឡើង ក្រោយពី សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា គ្រួសារ​របស់​សម្តេច ជួយ​ដល់​ក្រុមគ្រួសារ អតីតយុទ្ធជន មរណភាព​១០០​សព ក្នុង​មួយឆ្នាំ ខណៈ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជួយ​៥០​សព​ក្នុង​មួយឆ្នាំ​។ សូមបញ្ជាក់ថា គ្រួសារ​សព​អតីតយុទ្ធជន​មួយ​សព ទទួលបាន​ការឧបត្ថម្ភ ៤​លាន​រៀល​។ បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ក្នុង​មួយខែ​អតីត​យុទ្ធ​ប្រមាណ​ពី ២០-៤០ នាក់ បានទទួល​មរណភាព​។​

​ក្រៅពី​ការឧបត្ថម្ភ​ពី​សំណាក់ សម្តេច ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​នៅមាន អ្នក​ឧក​ញា និង​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ជាច្រើនរូប​ទៀត ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ជា​បន្តបន្ទាប់​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20687227

  • ថ្ងៃនេះ1531
  • ម្សិលមិញ4911
  • សប្តាហ៍នេះ19101
  • ខែនេះ1531
  • ឆ្នាំនេះ244771
  • សរុប20687227