ខេត្តត្បូងឃ្មុំ : មានសេចក្តីរាយការណ៍មកថា ខេត្តត្បូងឃ្មុំ ដែលជាអតីតស្រុកមួយក្នុងខេត្តកំពង់ចាម ហើយក៏ជាទីតាំងនៅមានបទល្មើសឆ្លងកាត់។ កន្លងមកច្រកទ្វេរភាគីច្រកដូនរ័ត្ន គ្រប់គ្រងដោយមេគយ ចាន់ សុផាត និងច្រកដារ (ដូង៧ដើម) គ្រប់គ្រងដោយលោក យឹម វណ្ណៈ ជាទីតាំងបទល្មើសឈើចរាចរឆ្លងកាត់ទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង ទាំងថ្ងៃទាំងយប់ សុទ្ធតែប្រភពចំណូលសេដ្ឋកិច្ចបុគ្គល មេគយគ្រប់គ្រងច្រកនិងថ្នាក់លើពាក់ព័ន្ធជាមួយជំនាញរដ្ឋបាលព្រៃឈើ ខណ្ឌ។
បច្ចុប្បន្នបទល្មើសឈើឆ្លងកាត់មានលក្ខណៈបន្តលួចលាក់ បើទោះជាមិនមានទ្រង់ទ្រាយធំដូចកាលមុនៗ ក៏គេទទួលស្គាល់ថា ឈ្មួញមួយចំនួនមានឆ្លងកាត់បន្ទាប់ពីវប្បធម៌ឃុបឃិតគ្នារវាងឈ្មួញនិង សមត្ថកិច្ចពាក់ព័ន្ធមិនទាន់ត្រូវបានលុបបំបាត់។ ទោះជាយ៉ាងណាចំពោះទំនិញរត់ពន្ធ នៅតែកើតមានដដែលពីប្រទេសវៀតណាមចូលមកទឹកដីកម្ពុជា តាមរយៈភាពធូរលុងពីលោក ចាន់ សុផាត និងលោក យឹម វណ្ណៈ ក្នុងនោះមានដូចជាទំនិញចាប់ហួយ និងប្រភេទជា ត្រាក់ទ័រ រថយន្ដដឹកដី ក៏ជាគ្រឿងបន្លាស់បាននាំចូលដោយលួចលាក់ជាហូរហែរសម្រាប់ប្រភព សេដ្ឋកិច្ចរបស់មេគយ និងមន្ត្រីពាក់ព័ន្ធច្រើនទៀត។
គេបានលើកឡើងថា សូម្បីតែចែពិដោរ ចែដែត ពីរនាក់បងប្អូន អ្នកណាមិនដឹង អ្នកណាមិនទទួលស្គាល់ថា មេគយ ចាន់ សុផាត និងមេគយ យឹម វណ្ណៈ ទទួលបានកម្រៃពីការដឹកទំនិញគេចពន្ធហូរចូលរបស់ឈ្មួញទាំងពីរនាក់នេះ ។ ថ្មីៗកន្លងទៅកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចុះចាប់ឆែក ឆេរកន្លែងទុកទំនិញរបស់ ចែពិដោរ រកឃើញនូវប្រេងឆា គេចពន្ធ និងទំនិញផ្សេងទៀតជាវត្ថុតាងស្រាប់ដែល ចែពិដោរ នាំចូលតាមច្រកគ្រប់គ្រងដោយលោក ចាន់ សុផាត និងលោក យឹម វណ្ណៈ ។ មិនតែប៉ុណ្ណោះការចុះបង្ក្រាបការនាំចូលភេសជ្ជៈខារ៉ាបាវ នៅក្រុងសួង ខេត្តត្បូងឃ្មុំ ក៏នាំចូលតាមច្រកខាងលើ ប៉ុន្តែមិនដឹងថា ថ្នាក់លើមានចំណាត់ការបែបណាដើម្បីកំណែទម្រង់ ឬវិធានការទៅលើមន្ត្រីគយខ្វះការទទួលខុសត្រូវចំពោះ ភារៈកិច្ចតួនាទីប្រមូលពន្ធជូនរដ្ឋ បែជាឃុបឃិតជាមួយឈ្មួញគិតរឿងប្រយោជន៍បុគ្គលជាធំ?
នៅច្រកដារ (ដូង៧ដើម) របស់លោក យឹម វណ្ណៈ គឺជាច្រកដែលផ្ដល់ឱកាសឲ្យឈ្មួញនាំទំនិញគេចពន្ធហូរចូលបានដោយ មធ្យោបាយងាយស្រួល ខណៈច្រកនេះ មានច្រករបៀងជាច្រើនសម្រាប់ឆ្លងកាត់ ដូច្នេះចំពោះគ្រឿងចក្រដូចជា ត្រាក់ទ័រ រថយន្តដឹកដី គ្រឿងបន្លាស់គ្រឿងចក្រ តែងនាំចូលហូរហែរ ក្លាយទៅជាទម្លាប់មន្ត្រីពាក់ព័ន្ធចាំហែកប្រយោជន៍ចែកគ្នាស៊ី។
លោក ចាន់ សុផាត និងជាលោក យឹម វណ្ណៈ មេគយច្រកដូនរ័ត្ន និងមេគយច្រកដូង៧ដើម មិនទាន់បានបំភ្លឺពីករណីចោទប្រកាន់នេះបានទេ។ ដោយឡែក លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ បានត្រឹមបញ្ជាក់ថា រឿងនាំចូលគ្រឿងចក្រនេះ ដូចជាមិនមានទេ ពីព្រោះពេលមុនៗកម្លាំងរបស់ខ្ញុំបានចុះចាប់ត្រាក់ទ័រវៀតណាមនាំចូល ដោយប្រើល្បិចចូលមកភ្ជួរស្រែ រួចហើយបន្លំបើកចូលតែម្ដង ប៉ុន្តែកម្លាំងរបស់ខ្ញុំបានចាប់ជាញឹកញាប់៕