ជុំវិញ​សំណុំរឿង​មន្ត្រី​ចរាចរណ៍​ផាកពិន័យ​មិន​ព្រម​ចេញ​វិក្កយបត្រ​នៃ ស្នងការដ្ឋាន​ខេត្តបាត់ដំបង​

22-June-2016 | ដោយ មែន កំសត់


​ខេត្តបាត់ដំបង ៖ ជុំវិញ​សំណុំរឿង​មន្ត្រី​ចរាចរណ៍​ផាកពិន័យ​មិន​ព្រម​ចេញ​វិក្កយបត្រ បង់ប្រាក់​ឲ្យ​ម្ចាស់​យានយន្ត លោក សាត គីម​សាន្ត ប្រធានការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ ស្នងការដ្ឋាន​ខេត្ត​បាន​បំភ្លឺ​ប្រាប់ថា មន្ត្រី​របស់លោក​មិនបាន​ទទួលយក​ប្រាក់​ចំនួន​២​ម៉ឺន​រៀល​ពី​នារី​២​នាក់ ដែល​បង់ថ្លៃ​ការផាកពិន័យ​ក្នុង​បទលហុ «​មិន​ពាក់មួក​សុវត្ថិភាព​» នោះទេ តែ​នារី​នោះបាន​បោះ​ប្រាក់​ទៅលើ​តុ​រួច​ចាក​ចេញទៅ​បាត់ រីឯ​ប្រាក់​២​ម៉ឺន​រៀល​នោះ​ក៏​ហើរ​តាម​ខ្យល់​បាត់​ភ្លាមៗ​ដែរ​។ លោក សាត គីម​សាន្ត ប្រធានការិយាល័យ​ចរាចរណ៍​ខេត្ត​បំភ្លឺ​បែបនេះ ខណៈដែល​សំណុំរឿង​ដ៏​រសើប និង​តូចតាច​មួយ​នេះ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន​ក៏ដូចជា​មន្ត្រី​មួយចំនួន នៅក្នុង​ខេត្ត ហើយក៏​ចំពេល​ដែល​មន្ត្រី​សវនកម្ម​ផ្ទៃក្នុង​របស់​អគ្គស្នងកា​រ​នគរបាលជាតិ កំពុង​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ភាពមិនប្រក្រតី​នានា​នៅក្នុង​អង្គភាព​ចរាចរណ៍​មួយ​នេះដែរ​។​
 
​លោក សាត គីម​សាន្ត បាន​ថ្លែងថា នារី​វ័យក្មេង​២​នាក់​នោះ​ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង រង្វង់​មូល​ព្រះ​នារាយណ៍ ឃាត់​ផាកពិន័យ​ដោយសារតែ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​។​
 
​លោក​ថា បើតាម​ផ្លូវច្បាប់​នារី​ទាំង​២​នាក់​ត្រូវ​ផាកពិន័យ​ម្នាក់​១៥០០០​រៀល តែ​ពួកគេ​ទាំង​២​នាក់​សុំ​បង់​ត្រឹម​២​ម៉ឺន​រៀល ហើយ​មិន​យក​វិក្កយបត្រ​បង់ប្រាក់​ទេ​។ ក្រោយពី​តថ្លៃ​រួច​នារី​២​នាក់​នោះបាន​បោះ​ប្រាក់​២​ម៉ឺន​រៀល​ទៅលើ​តុ រួច​នាំគ្នា​ដើរចេញ​ទៅយក​ម៉ូតូ​ជិះ​បាត់ទៅ ហើយ​ប្រាក់​នោះ​ក៏​ហើរ​តាម​ខ្យល់​បាត់ទៅ​ដែរ​។​
 
​ការបកស្រាយ​របស់លោក សាត គីម​សាន្ត ប្រធានការិយាល័យ​ចរាចរណ៍​នេះ ហាក់​មិនមាន​ហេតុផល​ច្បាស់លាស់ ដែល​អាចធ្វើ​ឲ្យ​មហាជន​ទូទៅ​មានការ​ជឿជាក់​ឡើយ​។ ផ្ទុយទៅវិញ​រឹតតែ​ធ្វើ​ឲ្យ​មាន​ចម្ងល់ និង​សំនួរ​ជាច្រើន​ចោទសួរ​ទៅកាន់​លោក​។​
 
​នៅពេល​សួរថា តាម​គោលដៅ​នីមួយៗ​របស់​មន្ត្រី​ចរាចរណ៍ សុទ្ធ​តែមាន​ប្រធាន​ក្រុម​ដឹកនាំ​ទទួលខុសត្រូវ ក្នុងការ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង និង​មានការ​ប្រយ័ត្នប្រយែង​បំផុត ចុះ​ហេតុអ្វី​បានជា​មន្ត្រី​អ្នកសរសេ​វិក្កយបត្រ​មិន​ព្រម​រាយការណ៍ ប្រាប់​ប្រធាន​ក្រុម​របស់ខ្លួន​នៅពេល​នារី​២​នាក់​នោះ​បោះ​ប្រាក់​២​ម៉ឺន រៀល​លើ​តុ​បែប​មាក់ងាយ សមត្ថកិច្ច ហើយ​ចាកចេញ និង​មិន​ព្រមយក​វិក្កយបត្រ​ទៀត​? ត្រង់ចំណុច​នេះ លោក សាត គីម​សាន្ត ហាក់​បានទទួល​ស្គាល់​នូវ​កំហុស​របស់​មន្ត្រី​លោក​។​
 
​លោក​និយាយថា នេះ​ជា​កំហុស​ដែល​មន្ត្រី​របស់លោក​មិនបាន​រាយការណ៍​ទៅ​ប្រធាន​ក្រុម របស់ខ្លួន​ពេល​ដែលមាន​រឿងនេះ​កើតឡើង​។ ដូច្នេះហើយ​ទើប​មានការ​ចោទប្រកាន់ថា មន្ត្រី​របស់លោក​ផាកពិន័យ​ហើយ​មិន​ចេញ​វិក្កយបត្រ​បង់ប្រាក់​ដល់​ម្ចាស់ យានយន្ត​ដែល​បំពាន​ច្បាប់ ប៉ុន្តែ​បញ្ហា​នេះ​លោក​នៅតែ​បន្តធ្វើ​ការស្រាវជ្រាវ​នៅឡើយ​ទេ ដើម្បី​រក​ឲ្យ​ឃើញ​ការពិត​។​
​គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​៣១ ឧសភា​កន្លងទៅ មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ព្រះ​នារាយណ៍ ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​ឃាត់​នារី​២​នាក់ ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ដើម្បី​ផាកពិន័យ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​មន្ត្រី​ចរាចរណ៍ មិនបាន​ផាកពិន័យ ឬ​ចេញ​វិក្កយបត្រ​បង់ប្រាក់​ទៅតាម​ផ្លូវច្បាប់​ឲ្យ​ទៅ នារី​២​នាក់​នោះទេ បែរជា​ទារប្រាក់​២​ម៉ឺន​រៀល ហើយ​ប្រាប់​នារី​២​នាក់​នោះ​ថា «​មិនបាច់​យក​វិក្កយបត្រ​ទេ ព្រោះ​ដល់​ម៉ោង​សម្រាក​ហើយ​»​។ លុះ​នារី​២​នាក់​នោះ​ជិះ​ម៉ូតូ​ចេញ​ទៅដល់​ខាងមុខ​យោធភូមិភាគ​ទី​៥ ក៏ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​នៅ​ទីនោះ​ចាប់​ផាកពិន័យ​ពួកនាង​អស់​៣ ម៉ឺន​រៀល​មួយតង់​ទៀត ទើប​បែកធ្លាយ​នៅ​រឿងអាស្រូវ​នេះ​តែម្ដងទៅ​។​
 
​នៅក្នុង​ក្លិប​វីដេអូ​មួយ​ដែល​ចែកចាយ​តាម​បណ្តាញ​សង្គម​បាន​បង្ហាញថា នារី​វ័យក្មេង​ទាំង​២​នាក់​បាន​រៀបរាប់​ប្រាប់​មន្ត្រី​ចរាចរណ៍​គោលដៅ​ទី​២ ថា ពួកនាង​ត្រូវ​មន្ត្រី​ចរាចរណ៍​ប្រចាំ​គោលដៅ​ខាងត្បូង​រង្វង់​មូល​ព្រះ នារាយណ៍​ចាប់​ផាកពិន័យ​ម្ដង​ហើយ តែ​មន្ត្រី​នោះ​មិន​ចេញ​វិក្កយបត្រ​ឲ្យ​ទេ ដោយ​ទារប្រាក់​ពី​នាង​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ មន្ត្រី​នោះបាន​ប្រាប់​នាង​ថា ថ្ងៃ​ល្ងាច និង​ដល់​ម៉ោង​សម្រាក​ហើយ អ៊ីចឹង​បង់​តែ​២​ម៉ឺន​រៀល​មក មិនបាច់​យក​វិក្កយបត្រ​ទេ ហើយ​នាង​ក៏​មិនបាន​ទាមទារ​ដែរ​។  ប៉ុន្តែ​ពេល​នាង​សួរថា ចុះបើ​អត់​មាន​វិក្កយបត្រ ពេល​នាង​ជិះ​ចេញទៅ​គេ​ផាក​ទៀត​គិត​យ៉ាងម៉េច ? មន្ត្រី​នោះ​ឆ្លើយថា អត់​មាន​ទេ គឺ​ដល់​ម៉ោង​សម្រាក​អស់ហើយ​។ លុះ​ពួកនាង​ជិះ​ដល់​ខាងមុខ​យោធភូមិភាគ​ទី​៥ ស្រាប់តែ​ត្រូវ​មន្ត្រី​ច​រារ​ច​ណ៍​ចាប់​ផាក​អស់​៣​ម៉ឺន​រៀល​ទៀត តែ​ក្រុម​នេះ​បានចេញ​វិក្កយបត្រ​ផាកពិន័យ​ត្រឹមត្រូវ​។​
 
​សូម​បញ្ជាក់ដែរថា ការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្តបាត់ដំបង បាន​បែងចែក​កម្លាំង​ជាច្រើន​គោលដៅ​ក្នុង​ការចុះអនុវត្ត​ច្បាប់​ក៏ដូចជា ការចុះ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ជើងគោក​។ ការចុះអនុវត្ត​ច្បាប់​នេះ បើតាម​មន្ត្រី​ចរាចរណ៍​បាន​ប្រាប់ថា ក្រសួងមហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ផាកពិន័យ​លើ​យានយន្ត ឬ​អ្នកដំណើរ​ដែល​មិន​គោរព​ច្បាប់​នៅនឹងកន្លែង​គោលដៅ​ទេ គឺ​តម្រូវ​ឲ្យ​មន្ត្រី​ជំនាញ​ចេញ​វិក្កប​ត្រ​ផាកពិន័យ​ឲ្យ​ទៅ​ម្ចាស់ យានយន្ត ឬ ពលរដ្ឋ​ដែល​ប្រព្រឹត្ត​ខុស​កាន់​វិក្កយបត្រ​នោះ​ទៅ​បង់ប្រាក់​ផាកពិន័យ​ដោយ ខ្លួនឯង​នៅ​ការិយាល័យ​ចរាចរណ៍​។​
 
​ប៉ុន្តែ​ផ្ទុយទៅវិញ​នៅតែមាន​មន្ត្រី​ខិលខូច​មួយចំនួន​លួច​បន្លំ ទារប្រាក់​ផាកពិន័យ​ក្រៅ​ផ្លូវច្បាប់​ដដែល​។ លុះ​មានការ​បែកធ្លាយ​នូវ​រឿង​ពុករលួយ​នេះ បែរជា​គេចវេះ​មិន​ទទួលខុសត្រូវ ហើយ​ព្យាយាម​ទម្លាក់កំហុស​នេះ​ទៅលើ​ពលរដ្ឋ​ទៅវិញ​។ ដូចជា​ករណី​ខាងលើនេះ​ជាដើម គឺ​ខុស​តែ​ប្រជាពលរដ្ឋ រីឯ​មន្ត្រី​ខិលខូច​នៅតែ​អាច​រួចខ្លួន​រហូត​។​
 
​ទាក់ទិន​នឹង​រឿងអាស្រូវ​នៅក្នុង​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន ខេត្ត​នេះដែរ បើតាម​ប្រភពពី​មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹងថា មន្ត្រី​សវនកម្ម​ផ្ទៃក្នុង​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​មួយក្រុម​កំពុង ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ឯកសារ​មួយចំនួន​នៅក្នុង​ការិយាល័យ​នេះ ដែល​គេ​សង្ស័យថា មាន​ភាពមិនប្រក្រតី​។​

ចំនួនអ្នកទស្សនា

    20688007

  • ថ្ងៃនេះ2311
  • ម្សិលមិញ4911
  • សប្តាហ៍នេះ19881
  • ខែនេះ2311
  • ឆ្នាំនេះ245551
  • សរុប20688007