​ប្រើ​បារមី លោក យឹម ផេង ជា​ប្តី ធ្វើ​ស្ពាន​ចម្លង​ទំនិញគេចពន្ធ​ចូលក្នុង​ខេត្តកោះកុង អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​មាន​ចំណាត់ការ​

22-June-2016 | ដោយ មែន កំសត់



​ខេត្តកោះកុង : មាន​សេចក្ដីរាយការណ៍​ពី​មក​ថា អ្នកស្រី ពែ​ក រតនៈ ហៅ​ចែ​រតនៈ នាំ​ទំនិញគេចពន្ធ​ចូល​ខេត្តកោះកុង ទាំង​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក ជាច្រើន​ឆ្នាំ​មកហើយ​មិន​ដែលមាន​សមត្ថកិច្ច ណា​បង្ក្រាប​នោះទេ ដោយសារ​អំណាច និង​ឥទ្ធិពល​របស់លោក យឹម ផេង គឺជា​ស្នងការរង​ទទួលបន្ទុក​ផ្នែក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្នុង ខេត្តកោះកុង ដែល​ត្រូវជា​ប្តី​។​
 
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​តូចតាច ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា អ្នកស្រី ពែ​ក រតនៈ ហៅ​ចែ​រតនៈ នៅតែ​បន្ត​នាំ​ទំនិញគេចពន្ធ ពី​ប្រទេស​ថៃ ចូល​តាម​ខេត្តកោះកុង ដោយ​គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​ឡើយ​។ ដោយហេតុថា ក្រៅពី​អាង​ប្ដី​របស់ខ្លួន​ឈ្មោះ យឹម ផេង ស្នងការរង នគរបាល​ខេត្តកោះកុង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​នោះ គឺ​អ្នកស្រី ពែ​ក រតនៈ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា​គយ និង​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ក្នុង​ខេត្តកោះកុង សុទ្ធ​តែមាន​ទំនាក់ទំនង ជាមួយ​ចែ​រតនៈ ទើប​ឈ្មួញ​រូបនេះ អាច​នាំចូល​ទំនិញគេចពន្ធ មក​ចែកចាយ ក្នុង​ខេត្តកោះកុង និង​ដឹកជញ្ជូន មកកាន់​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។​
 
​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យមើល​ករណី​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ខេត្តកោះកុង ទាំង​តាម​ផ្លូវទឹក​និង​តាម​ផ្លូវគោក​ជាបន្ទាន់​។ ដោយហេតុថា​ការដែល​អ្នកស្រី ពែ​ក រតនៈ ភរិយា​លោក យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង នាំចូល​ទំនិញគេចពន្ធ​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​មន្ត្រី​ពុករលួយ​និង​ឈ្មួញ​ខិលខូច​។ ដូច្នេះ​លោក គុណ ញឹម មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ចំពោះ​ភាពមិនប្រក្រតី​នៃ​ការ​នាំចូល​ទំនិញគេចពន្ធ​ពី​ទឹកដី​សៀម​ចូល ខេត្តកោះកុង ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ក៏​គួរ​បើក​ការស៊ើបអង្កេត​ជុំវិញ​ករណីនេះ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20687037

  • ថ្ងៃនេះ1341
  • ម្សិលមិញ4911
  • សប្តាហ៍នេះ18911
  • ខែនេះ1341
  • ឆ្នាំនេះ244581
  • សរុប20687037