ខេត្តប៉ៃលិន ៖ប្រជាពលរដ្ឋម្នាក់មានឈ្មោះ សេង នាង អាយុ៥៣ឆ្នាំ រស់នៅភូមិភ្នំដំបង ត្រួវបានប្រពន្ធលោកមេភូមិចោទប្រកាន់ថា បញ្ជាក្មេងឲ្យយកអំបែងដបទៅបោះចោលក្នុងស្ទឹងភ្នំដំបង បណ្តាលឲ្យមុតជើងភ្ញៀវទេសចរណ៍ ហើយត្រួវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅឃាត់ខ្លូនបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីពេលថ្មីៗនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ។ ស្ត្រីរងគ្រោះនិយាយថា ប្រពន្ធលោកមេភូមិភ្នំដំបងបានចោទប្រកាន់រូបគាត់ពីបទប្រើក្មេងប្រុស ម្នាក់ឱ្យវាយបំបែកដបស្រាបៀរ យកទៅបោះចោលនៅក្នុងទឹកស្ទឹងភ្នំដំបង ក្បែរអាហារដ្ឋានរបស់ មន្ត្រីបម្រើការងារនៅសាលាដំបួងខេត្តប៉ៃលិន បណ្តាលឱ្យមុត ជើង ភ្ញៀវទេសចរណ៍ ដែលទៅលេងកម្សាន្តនៅទីនោះ។ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា គាត់ត្រួវកម្លាំងកងរាជអាវុធ ហត្ថ ខេត្ត ហៅទៅសាកសួរ បន្ទាប់ពីសាកសួរ ! ក្មេងប្រុសម្នាក់ដែល ស្នាក់នៅជាមួយ គាត់ រួចមក។
បើតាមចម្លើយរបស់ក្មេងប្រុសឈ្មោះ ទូច វាសនា អាយុ១៣ឆ្នាំ ដែលរស់នៅ ជា មួយស្ត្រីរងគ្រោះ និងជាចុងបណ្តឹង បានឱ្យដឹងថា៖ ប្រពន្ធលោកមេភូមិដែលមានឈ្មោះ សៅ ចន្ថា ដែលជាមេការនៅអាហារដ្ឋានមាត់ស្ទឹងភ្នំដំបង របស់ព្រះរាជអាជ្ញារងខេត្តប៉ៃលិន បានបង្ខំឱ្យរូបគេនិយាយចោទប្រកាន់ទៅលើឈ្មោះ សេង នាង បានប្រើរូបគេ យកអំបែង ដបទៅបោះចោលនៅក្នុងស្ទឹង តែដោយមានការភ័យខ្លាចរូបគេក៏ឆ្លើយ តាមប្រពន្ធមេភូមិបង្គាប់តែម្តង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ មានភ្ញៀវទេសចរណ៍ មកពីខេត្តបាត់ដំបង បានទៅកម្សាន្ត នៅរមណីយ៍ដ្ឋាន ភ្នំដំបង ដោយចូលទៅកំសាន្តនៅអាហារដ្ឋានរបស់លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន។ ហើយពួកគេក៏បានចុះទៅហែលលេងនៅទីនោះស្រាប់តែភ្ញៀវទេសចរណ៍ទាំងនោះ មុតអំបែងដប ដែលគេយកទៅបោះចោលនៅក្នុងស្ទឹងនោះ បណ្តាលឱ្យចេញឈាម ។ ប្រភពព័ត៌មាន បានបន្តទៀតថា៖ ក្រោយពីហេតុការណ៏ប្រពន្ធមេភូមិបានទៅមើល ហើយក៏ប្តឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យព្រមទាំងធ្វើការចោទប្រកាន់ ទៅលើម្ចាស់ហាង ដែលលក់នៅក្បែរគ្នានោះថា បានប្រើក្មេងឱ្យយកទៅបោះចោលទីនោះ។ បើតាមការសន្និដ្ឋាន អំបែងដបនោះ ត្រូវគេបោះចោលអស់រយៈពេលជាយូរមកហើយ ព្រោះមានស្លែរ រុំ ទៀតផង មិនមែនអំបែងដប ទើបតែបោះចោលរយៈពេលប៉ុន្មានថ្ងៃនោះទេ។
ប្រភពព័ត៌មាន បានបង្ហើបប្រាប់ទៀតថា តាមការសួរចម្លើយទៅលើក្មេងប្រុសចំនួនពីរលើកឃើញថា ៖ លើកទី១ ក្មេងនោះឆ្លើយថា គឺ ស្ត្រី ឈ្មោះ សេង នាង បានប្រើរូបគេឲ្យយកទៅបោះចោលនៅទីនោះមែន រួចពេលសាកសួរទៅលើក្មេងប្រុស នោះជាលើកទី២ ស្រាប់តែគេឆ្លើយថា ចម្លើយរបស់គេខាងលើត្រូវប្រពន្ធលោកមេភូមិដែល ជាមេការ នៅអាហារដ្ឋានព្រះរាជអាជ្ញារង សេង គឹមឡាក់ បង្ខំឲ្យគេឆ្លើយ។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ និងជាចុងបណ្តឹង ត្រួវបានកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិនរៀបចំសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត ដើម្បីសាកសួរបន្តតាមនីតិវិធី។ ប៉ុន្តែស្ត្រីខាងលើ ត្រួវបានសាលាដំបួងខេត្ត ដោះលែងឲ្យទៅលំនៅឋានវិញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦៕