ឯកឧត្តម ជា សុផារ៉ា​៖ គ្មាន​ការប្តូរឈ្មោះ​ពី​ឆ្នេរ​អូរ​ឈើទាល ទៅជា​ឆ្នេរ​សម្តេច​តេ​ជោ ហ៊ុន សែន នោះទេ​!

22-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ បន្ទាប់ពី​មាន​សារព័ត៌មាន និង​បណ្តាញ​សង្គម Facebook ជាច្រើន​បានលើកឡើង​ជុំវិញ​ព័ត៌មាន​ល្ហិ​ត​ល្ហៀ​ង​ក្រៅផ្លូវការ​ថា រាជរដ្ឋាភិបាល​កម្ពុជា ចង់​ប្តូរ​ឈ្មោះ​ពី​ឆ្នេរ​អូរ​ឈើទាល នៅ​ខេត្ត​ព្រះសីហនុ ទៅជា​ឆ្នេរ​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ បាន​ចេញមក​បញ្ជាក់ថា «​គ្មានទេ​ការប្តូរឈ្មោះ​ឆ្នេរ​អូរ​ឈើទាល ហើយក៏​គ្មាន​ឆ្នេរ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នេរ​អូរ​ឈើទាល​ដែរ​»​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ តាម​សារ​អេឡិចត្រូនិក នៅ​ព្រឹក​ថ្ងៃនេះ​ថា «​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆេ្នរ សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន បាន​ជ្រាបថា គ្មាន​ឆេ្ន​រស​មេ្ត​ច​តេ​ជោ ហ៊ុន សែន នៅ​ឆេ្នរ​អូរ​ឈើទាល​ទេ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន និង​បណ្តាញ​សង្គម Facebook ពាក់ព័ន្ធ​ការប្តូរឈ្មោះ ឆ្នេរ​អូរ​ឈើទាល​នេះ អាចជា​ការភ័ន្តច្រឡំ និង​បង្ក​ភាពចលាចល​តែប៉ុណ្ណោះ​។​

មន្ត្រី​ក្រសួង​ដែនដី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ដើម្បី​លើកកម្ពស់​ឆ្នេរសមុទ្រ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី បានរៀបចំ​ការប្រឡង​ប្រជែង​គំរូ​ប្លង់​ស្ថាបត្យកម្ម ស្តីពី​ការស្ថាបនា ក្លោងទ្វារ​ចេញចូល​តំបន់ឆ្នេរ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​គំនូរ​ប្លង់​ស្អាតៗ​ជាច្រើន របស់​បេក្ខជន​ត្រូវ​បានដាក់ ចូលរួម​ក្នុងការ​ប្រកួតប្រជែង ដោយមាន​ការ​រចនា និង​សរសេរ​ពាក្យពេជន៍ តាម​គំនិត​របស់​បេក្ខជន ដោយ​គំនូរ​ប្លង់​ទាំងនោះ​មួយចំនួន បាន​បង្ហោះ​ក្នុង Facebook ផងដែរ​។​
​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ក្នុង​គំនូរ​ប្លង់​ទាំងនោះ មាន​គំនូរ​ប្លង់​មួយ​មាន​ដាក់ឈ្មោះថា ឆ្នេរ​សម្តេច​តេ​ជោ ហ៊ុន សែន ដូច្នេះ​ទើប​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ យ៉ាងនេះ​កើតឡើង​។​

​ជាមួយគ្នានេះ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​នេះដែរ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ខេត្ត និង​រដ្ឋបាលខេត្ត​ព្រះសីហនុ ពុំមាន​ផែនការ​កែប្រែ​ឈ្មោះ​ឆ្នេរ​អូរ​ឈើទាល ទី​ជា​ឆ្នេរ​សម្តេច​តេ​ជោ​នេះឡើយ សូម​បងប្អូន​កុំ​យល់ច្រឡំ​៕

ចំនួនអ្នកទស្សនា

    20687877

  • ថ្ងៃនេះ2181
  • ម្សិលមិញ4911
  • សប្តាហ៍នេះ19751
  • ខែនេះ2181
  • ឆ្នាំនេះ245421
  • សរុប20687877