ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តសេនីយ៍ ខៀវ សុភក្ត្រ ថា ឯកឧត្ដម ញ៉ែម ប៉ុញ្ញារិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អាចជាមនុស្សដំបូងគេ ដែលត្រូវទទួលខុសត្រូវ នៅចំពោះមុខច្បាប់ និងប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួន ខណៈមានការរកឃើញភាពមិនប្រក្រតីជាច្រើន អំពីស្នាមមេដៃដែលមានផ្ដិតគាំទ្រញត្តិថ្វាយព្រះមហាក្សត្រព្រះរាជទានលើកលែងការចោទប្រកាន់ ឯកឧត្ដម កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងដោះលែងសកម្មជនសិទ្ធមនុស្សមួយចំនួន៥រូបផ្សេងទៀត។
ថ្លែងតាមទូរសព្ទឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនានេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ខៀវ សុភក្រ ថ្លែងថា ក្នុងចន្លោះរយៈពេលដែលក្រុមការស្រាវជ្រាវ ត្រួតពិនិត្យ និងធ្វើកោសល្យវិច្ឆ័យលើស្នាមមេដៃគាំទ្រញត្តិនោះ ជាបឋមគេបានរកឃើញភាពមិនប្រក្រតីមួយចំនួននៃស្នាមមេដៃនោះរួមមាន៖ ១. ស្នាមមេដៃដែលឯកឧត្ដមញ៉ែម ប៉ុញ្ញារិទ្ធ ចុះហត្ថលេខាឯកភាពថា មាន១៨ដុំ មានស្នាមមេដៃប្រជាជនជាង១៧ម៉ឺននាក់ មកខេត្តរាជធានី២៥នោះ មកដល់ពេលនេះ គឺក្រុមការងារពិនិត្យឃើញតែ២១ខេត្តរាជធានីនោះទេ។ ២. មានស្នាមមេដៃខ្លះ អត់មានដាក់អាសយដ្ឋានច្បាស់លាស់ថាតើគេរស់នៅភូមិឃុំសង្កាត់កន្លែងណាពិតប្រាកដ ។ ៣. មានអ្នកគាំទ្រខ្លះ មានបញ្ជាក់អាសយដ្ឋានច្បាស់លាស់ តែអត់មានស្នាមមេដៃ។ ៤. មានមនុស្សម្នាក់បានផ្តិតមេដៃជំនួសមនុស្សផ្សេងៗទៀត ពី២ទៅ៣នាក់ ហើយមានអ្នកខ្លះផ្ដិតជំនួសឲ្យគេរហូតដល់ជាង៨៦នាក់។
ឯកឧត្ដម ខៀវ សុភក្ត្រ ថា ការក្លែងបន្លំស្នាមមេដៃមិនគ្រប់ចំនួន មិនពិតប្រាកដយកថ្វាយព្រះមហាក្សត្ររហូតមានការហែក្បួនទៀតនោះ ជាទង្វើភូតភរព្រះមហាក្សត្រ។ សម្រាប់ការផ្ដិតស្នាមមេដៃ ជំនួសឲ្យមនុស្សច្រើននាក់ និងយកឈ្មោះគេប្រើប្រាស់ដោយមិនមានឯកភាពនោះ គឺជាទង្វើរំលោភសិទ្ធមនុស្ស សិទ្ធបុគ្គល ក្លែងបន្លំឯកសារសាធារណៈ ហើយបុគ្គលនោះត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់។
តាមការគ្រោងទុក គណៈកម្មការស្រាវជ្រាវ ត្រួតពិនិត្យធ្វើកោសវិច្ឆ័យ ស្នាមមេដៃគាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិថ្វាយព្រះមហាក្សត្រ គ្រោងប្រើពេលវេលាធ្វើការរយៈពេល៣០ថ្ងៃ ហើយមកដល់ពេលនេះ គណៈកម្មការមិនទាន់បូកសរុបលទ្ធផលផ្លូវការណានោះទេ ប៉ុន្តែលទ្ធផលផ្លូវការអាចដឹងនៅក្នុងថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ ៕