រថយន្ត​មួយគ្រឿង​ដឹក​អ្នកដំណើរ​បាន​បង្កប់​ឈើ​ប្រណីត​បន្ទាប់ពី​ចាប់​ត្រូវបាន​ដោះលែង​វិញ​ក្រោយពី​មានការ​ទូទាត់​ប្រាក់

23-June-2016 | ដោយ មែន កំសត់



​ស្ទឹងត្រែង​៖​រថយន្ត​មួយគ្រឿង​ដឹក​អ្នកដំណើរ​បាន​បង្កប់​ឈើ​ប្រណីត​ត្រូវ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង​ចាប់បាន​នៅ​ក្រុង​ស្ទឹងត្រែង​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ មិនទាន់បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ នៅឡើយ​ទេ​។ ប៉ុន្តែ​មកទល់នឹង​ថ្ងៃទី​២២​មិថុនា​នេះ ស្រាប់​តែមាន​លេចឮ​ដំណឹង​ថា​មាន​អ្នករត់​ការ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្តស្ទឹងត្រែង​ដើម្បី​ធ្វើការ​ដោះលែង​ដោយ​ស្ងាត់ៗ​។​

 ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ខេត្ត​បានឱ្យដឹងថា​កាលពី​យប់​ថ្ងៃទី​២១ ខែមិថុនា មាន​រថយន្ត​សាំង​យ៉ុង​ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ8234 លួច​ដឹកឈើ​ប្រណីត​ចេញពី​ក្នុង​សិប្បកម្ម​មួយកន្លែង​នៅ​ក្រុង​ស្ទឹងត្រែង​។ ពេល​រថយន្ត​នោះ កំពុងបើក​លើផ្លូវ​ជាតិ​លេខ​៧A ចេញពី​ក្រុង​ស្ទឹងត្រែង​បម្រុង​ឆ្ពោះទៅកាន់​ខេត្តក្រចេះ​ក៏ត្រូវ​សមត្ថកិច្ច នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​ចាប់បាន​។​
    
​បន្ទាប់ពី រថយន្ត​ដឹកឈើ​នោះ​ស្ថិតនៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​នៅឡើយ ក៍​ស្រាប់​តែមាន​លេចឮ​ដំណឹង​មក​ថា​រថយន្ត​ដឹកឈើ​នោះ​កំពុង​តែមាន​អ្នករត់ ការស្នើ​សុំឱ្យ​ដោះលែង​ស្ងាត់ៗ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​មួយចំនួនធំ​។ អ្នករត់​ការដោះលែង​នោះ​គឺមាន​ឋានៈ ជា​អភិបាលរង​ខេត្ត​ម្នាក់​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៦​មន្ត្រីនគរបាល​ខេត្ត បានឱ្យដឹងថា​រថយន្ត​ដឹកឈើ​នោះ​ស្ថិតនៅក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​នៅឡើយ​ទេ​។ មន្ត្រី​ដដែល​បាន​បង្ហើប​ឱ្យដឹងថា​ពាក់ព័ន្ធ​សំណុំរឿង​បទល្មើស​បង្ក្រាប រថយន្ត​ដឹកឈើ​មួយគ្រឿង​កំពុង​រង់ចាំ​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញា ខេត្តស្ទឹងត្រែង​។​បើសិន​ជាមាន​បទបញ្ជា​ណាមួយ​នោះ​ខាង​នគរបាល​នឹង​បន្ត ទៅតាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់ថា​ខេត្តស្ទឹងត្រែង​គឺជា កន្លែង​បង្កើត​រោង​អារ​កែច្នៃ​ឈើ​ប្រណីត​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដោយមាន ច្បាប់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ ប៉ុន្តែ​សិប្បកម្ម​កែច្នៃ​ឈើ​នោះ​គឺជា​កន្លែង​ស្តុក​ឈើ​និង​ដឹកជញ្ជូន​ឈើ យ៉ាង​អាណាធិបតេយ្យ​បំផុត ហើយក៍​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ផងដែរ​ហេតុដូចនេះ​ទើប មិនសូវមាន​អ្នក​ចុះបង្ក្រាប​៕

ចំនួនអ្នកទស្សនា

    20687627

  • ថ្ងៃនេះ1931
  • ម្សិលមិញ4911
  • សប្តាហ៍នេះ19501
  • ខែនេះ1931
  • ឆ្នាំនេះ245171
  • សរុប20687627