ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៧តទៅ រាល់ការវេចខ្ចប់ដោយប្រើថង់ប្លាស្ទីក នឹងត្រូវគិតកម្រៃបន្ថែមចំនួន៥០០រៀលពីអតិថិជនក្នុងថង់ប្លាស្ទីក មួយ ហើយការធ្វើដូច្នេះក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាប្រសាសន៍ ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងកិច្ចពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងប្រកាសអន្តរ ក្រសួងស្តីពីវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក នៅថ្ងៃទី២២ ខែមិថុនាម្សិលមិញ។
ឯកឧត្តមបន្ថែមថា ជាជំហានដំបូងនៃការអនុវត្តន៍គិតកម្រៃបន្ថែម ពីការប្រើប្រាស់ថង់នេះ នឹងត្រូវធ្វើឡើងនៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ដើម្បីបង្វែរប្រាក់ជួយទៅដល់ការគាំពារបរិស្ថាន។ សម្រាប់ការគិតកម្រៃបន្ថែមនេះ រដ្ឋក៏បានតម្លើង ពន្ធអាករនាំចូលថង់ប្លាស្ទីកស្មើ១០ភាគរយ និងតម្រូវឲ្យការផលិត ការនាំចូលចែកចាយ ពិសេសការប្រើប្រាស់ថង់ប្លាស្ទីកតម្រូវឲ្យមានកម្រាស់ចាប់ពី៣០មី ក្រុងម៉ែត្រ ឬ០.០០៣មីល្លីម៉ែត្រ និងមាន រង្វាស់ទទឹងថង់ផែ្នកបាតខាងក្រោមចាប់ពី៣០សង់ទីម៉ែត្រ ដើម្បីងាយគ្រប់គ្រងទុកដាក់និងការប្រមូលប្រើប្រាស់បានឡើងវិញ។
យោងតាម AKP អនុរដ្ឋលេខាធិការរូបនេះបានបញ្ជាក់ដែរថា ចំពោះប្រាក់ចំណូលដែលទទួលបានពីការយកកម្រៃបន្ថែមពី អតិថិជន ចំនួន៤០ភាគរយនឹងត្រូវបង់ចូលមូលនិធិទាយជ្ជបរិស្ថាន ដើម្បីបំរើការងារផ្នែកបរិស្ថាន។ ហើយគិតកម្រៃបន្ថែមនេះ រាជរដ្ឋាភិបាលមានផែនការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកឱ្យបាន ៥០ភាគរយ នៅឆ្នាំ២០១៩ និង៧០ភាគរយនៅឆ្នាំ២០២៥ ដើម្បីធានាបាន សុវត្ថិភាពកិច្ចគាំពារសុខភាពសាធារណៈ និងរក្សា សោភ័ណភាពបរិស្ថាន។
សូមបញ្ជាក់ថា គម្រោងយកតម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទីកនេះ ស្របពេលដែល កំណើន នៃការប្រើប្រាស់ថង់ប្លាស្ទីកមានការកើនឡើងជាគំហុគ ដោយប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទីក ជាមធ្យមចំនួនជាង២០០០ថង់ក្នុងមួយឆ្នាំគឺច្រើនជាង១០ដងបើធៀបជាមួយ បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបនិងប្រទេសចិន៕