ភ្នំពេញ ៖ ប្រទេសកម្ពុជា ដែលធ្លាប់តែល្បីល្បាញខាងកាប់សម្លាប់ សង្គ្រាមនិងជម្លោះនោះពេលនេះបាននិងកំពុងតែល្បីល្បាញទៅលើវិស័យ ទេសចរណ៍ បន្ទាប់ពីបានស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមទាំងស្រុង ជិត២ទស្សវត្សរ៍កន្លងមកនេះ។
នេះជាប្រសាសន៍លើកឡើងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចថ្លែងសុន្ទរកថគ្រាដែលអញ្ជើញទទួលពានរង្វាន់ “ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦” ពីក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ក៏ដូចជាការទទួលមេដាយ “សមាជិកកិត្តិយស” ពីបណ្ឌិតសភាទេសចរណ៍អឺរ៉ុបនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានលើកពីសក្ខីភាពយ៉ាងច្រើនដើម្បីបញ្ជាក់ពីវឌ្ឍនភាពលើវិស័យ ទេសចរណ៍របស់កម្ពុជាដែលនាំឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ និងក៏កំពុងបង្កើតកសិទេសចរណ៍ទៀតផង។
សម្តេចតេជោ បានបន្តថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍ បានបង្កើតនូវចំណូលដែលអាចជាប្រភពធនធានចូលរួមជួយដល់ការអភិរក្ស វប្បធម៌ និងថែរក្សាការពារបរិស្ថានធនធានធម្មជាតិ របស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
សម្តេច តេជោ បានមានប្រសាសន៍ថា “កម្ពុជា ពីមុនដែលល្បីល្បាញខាងកាប់សម្លាប់ ល្បីល្បាញថាមានសង្គ្រាម និងជម្លោះ ប៉ុន្តែឥឡូវនេះកម្ពុជាកំពុងល្បីល្បាញ ទៅលើវិស័យទេសចរណ៍ ហើយទេសចរណ៍នោះ មានប្រភេទជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយយើងក៏អាចបង្កើតឡើងជាបណ្តើរៗ នូវមូលដ្ឋានតំបន់ទេសចរណ៍ រាប់ទាំងកសិទេសចរណ៍ជាដើម”។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានបង្ហាញពីឆន្ទៈខ្ពស់ ក្នុងការប្រឹងប្រែងដើម្បីវឌ្ឍនភាពទេសចរណ៍នៅកម្ពុជានិងបាន ប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព មានការទទួលខុសត្រូវនិងប្រកបដោយសមធម៌ ព្រមទាំងចូលរួមដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងចាត់ទុកវិស័យនេះ គឺជា «មាសបៃតង» ដែលនឹងចូលរួមសម្រេច ឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕