អ្នកនាំពាក្យ​ប្រតិកម្ម​រហ័ស​៖ អ្នកវិភាគ​មួយរូប មាន​ងារ​ដល់​ទៅ​បណ្ឌិត ប៉ុន្តែ​បែរជា​កម្រិត​ស្រាវជ្រាវ​ត្រឹមតែ​កម្រិត​កង្កែប​ក្នុង​អណ្តូង

24-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅថ្ងៃនេះ​មន្ត្រី​អ្នកនាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស លោក ទិ​ត សុធា បាន​សម្តែង​ការ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​អ្នកវិភាគ​មួយរូប​គឺ​លោក កែម ឡី ដោយបាន​លើកឡើងថា «​មាន​ងារ​ដល់​ទៅ​បណ្ឌិត ប៉ុន្តែ​បែរជា​កម្រិត​ស្រាវជ្រាវ​បានត្រឹមតែ​កម្រិត​កង្កែប​ក្នុង​អណ្តូង​»​។ លោក ទិ​ត សុធា បានលើកឡើង​ទៀតថា លោក កែម ឡី គួរ​ណាស់​តែបើ​ក​គ្រាប់ភ្នែក​មើល​ពិភពលោក​ផង មិនមែន​មានតែ​កម្ពុជា​ទេ ដែល​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ ដើម្បី​ដាក់​លើ​សមិទ្ធផល​នានា​,
​ដូចជា​ព្រលានយន្តហោះ​បារាំង បាន​ប្រើ​ឈ្មោះ​ប្រធានាធិបតី​បារាំង គឺ​លោក Charle De Gaulle, ព្រលានយន្តហោះ​នៅ​ទីក្រុង​ញូយ៉ក​ឈ្មោះ John F. Kennedy ជា​ឈ្មោះ​អតីត​ប្រធានាធិបតី អាមេរិក​មួយរូប នា​សម័យ​ដែល​គេ​កសាង​ព្រលានយន្តហោះ​នោះ​, ដូច្នេះ​លោក កែម ឡី គួរ​ស្រាវជ្រាវ​ឱ្យបាន​ច្រើន និង​ទូលំទូលាយ​បន្តិច ទើប​សាក​សមជា​អ្នកវិភាគ​បណ្ឌិត​។​

​ការលើកឡើង​ប្រតិកម្ម​របស់លោក ទិ​ត សុធា មន្ត្រី​អ្នកនាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បែបនេះ ធ្វើឡើង​ដោយ​លោក កែម ឡី បានបង្ហាញ​នៅលើ Facebook របស់លោក​ផ្ទាល់​ថា ការប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាតិ​លើ​សមិទ្ធិផល​នានា​ជាការ​ប្លន់​ប្រវត្តិសាស្ត្រ និង​ចង់​កែប្រែ​ប្រវត្តិសាស្ត្រ​ខ្មែរ​ឱ្យ​បាត់បង់ ហើយ​ទង្វើ​នេះ​ជាការ​ប្រមាថ ប្រជារាស្ត្រ និង​ជាការ​ប្រព្រឹត្ត​អំពើពុករលួយ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ទិ​ត សុធា បាន​រៀបរាប់​ប្រាប់ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ​យ៉ាង​ដូច្នេះ​ថា «​តាម​ខ្ញុំ​យល់​ការ ស្រាវជ្រាវ​របស់លោក កែម ឡី ទាក់ទង​នឹង​រឿង​ឈ្មោះ​ទីតាំង រឺ​កន្លែង​ណាមួយ ដែល​គេ​និយម​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ​ទៅ​ដាក់​នោះ គឺមាន​លក្ខណៈ​ទាប និង​ធ្វើឡើង​ក្នុង​កំរិត​កង្កែប ក្នុង​អណ្តូង​តែប៉ុណ្ណោះ​។ លោក កែម ឡី គួរ​ណាស់​តែបើ​ក​គ្រាប់ភ្នែក​មើល​ពិភពលោក​ផង ព្រោះ​មាន​ប្រទេស​ច្រើនណាស់ មិនមែន​តែ​កម្ពុជា​ទេ ដែល​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ ដើម្បី​ដាក់​លើ​សមិទ្ធផល​នានា​ដែល​សម្រេចបាន ក្នុងសម័យ​កាលដែល​អ្ន​ក​ដឹកនាំ​រូបនោះ​កំពុងកាន់​ការងារ​។​
​មន្ត្រី​អ្នកនាំពាក្យ​រូបនោះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ទៀតថា «​ជាក់ស្តែង​សូម្បី​អន្តរជាតិ និង​ប្រទេស​ជឿនលឿន​ជាច្រើន ក៏បាន​ប្រើប្រាស់​លំនាំ​នេះ​ដូចគ្នា​ដែរ​។ ដូចជា​ករណី ព្រលានយន្តហោះ​បារាំង ក៏បាន​ប្រើ​ឈ្មោះ​ប្រធានាធិបតី​បារាំង  គឺ​លោក Charle De Gaulle ដែរ ហើយ​សហរដ្ឋអាមេរិក​ព្រលានយន្តហោះ នៅ​ទីក្រុង​ញូយ៉ក  ឈ្មោះ John F. Kennedy ដែលជា​ឈ្មោះ​អតីត​ប្រធានាធិបតី អាមេរិក​មួយរូប​នា​សម័យ ដែល​គេ​កសាង​ព្រលានយន្តហោះ​នោះ​។ ជាមួយគ្នានេះ​នៅ​អាស៊ី​យើង ក៏​ដូចគ្នា​ដែរ គឺ​ព្រលានយន្តហោះ​នៅ​តៃវ៉ាន់ ឈ្មោះ Chiang Kai Shek ដែលជា​ឈ្មោះ​ប្រធានាធិបតី​តៃវ៉ាន់​។ លើសពីនេះ​ឈ្មោះ​ថ្នាក់ដឹកនាំ​ដែល​គេ​បាន ដាក់​ជា​ឈ្មោះ​ព្រលានយន្តហោះ​ខាងលើ គឺ​ត្រូវបាន​ប្រើ​រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ដូច្នេះ​មុន​បើក​គម្រប​មាត់ លោក កែម ឡី គួរ​ស្រាវជ្រាវ​ឱ្យបាន​ច្រើន និង​ទូលំទូលាយ​បន្តិច កុំឱ្យ​ថោក​ដល់​បណ្ឌិត​គេ​ផ្សេងទៀត​ដែល​ថ្លៃថ្នូរ និង​មានការ​យល់ដឹង​ច្បាស់លាស់​»​។  

​លោក ទិ​ត សុធា បាន​បន្ត​រៀបរាប់​ទៀតថា​៖ «​ដើម្បីឱ្យ​បងប្អូន​យើង​ងាយ​ពិចារណា ហើយ​ដើម្បី​ដាស់សតិ​របស់លោក​បណ្ឌិត កែម ឡី ផង​នោះ ខ្ញុំ​សូម​លើក ឧទាហរណ៍ ជាក់ស្តែង​តែម្តង គឺ​នៅ​កម្ពុជា​យើង តាំង​ពីមុនមក​ក៏មាន​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ និង​មនុស្ស​មួយចំនួន​ដើម្បី​សំគាល់​លើ​ទីតាំង​នានា​ផងដែរ​។ ក្នុងនោះ​រួមមាន​ឈ្មោះ​ផ្លូវ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ  ដែល​គេ​បាន​ប្រើប្រាស់​ឈ្មោះ​ស្ថាបនិក ដែលមាន​ស្នាដៃ​ក្នុង​ជំនាន់​នោះ​ទៅ​ដាក់​ដូចគ្នា ដូចជា​ផ្លួ​វ​៖ ម៉ៅ​សេទុង​,  ផ្លូវ​គីម អ៊ី​ល​ស៊ុ​ង​, ផ្លូវ ព្រះ​នរោត្តម​, ផ្លូវ​ព្រះមុនីវង្ស​, និង​ផ្លូវ​ព្រះ​មុនី​រ៉េត​។​ល​។ ដែល​ឈ្មោះ​ផ្លូវ​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់​រហូតមកដល់​ពេលនេះ ដូច្នេះហើយ សូម​លោក​បណ្ឌិត​ពុល​ទឹកមាត់ កុំ​ល្ងីល្ងើ​ពេក ហើយ​កុំ​ដើម្បី​តែ​វ៉ៃ​ប្រហារ រដ្ឋាភិបាល ក្នុង​បំណង​ទុច្ចរិត​ណាមួយ​របស់ខ្លួន ធ្វើការ​វិភាគ​បែប​ខ្វះ​ការចេះដឹង​នោះ ព្រោះ​ទង្វើ​របស់លោក នឹង​បង្ហាញ​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ​ទូទៅ​ពិចារណា​ថា តើ​បណ្ឌិត​នេះ​សមជា​អ្នកវិភាគ​ឯករាជ្យ ឬ​អត់​? បើ​វិភាគ​បែប​វ៉ៃ​ប្រហារ​អ្នក នយោបាយ​បក្ស​ម្ខាង ដើម្បី​ចំណេញ​ដល់​អ្នកនយោបាយ បក្ស​ម្ខាង​ទៀត​បែបនេះ​។ ជាមួយគ្នានេះ​សកម្មភាព​លោក កែម ឡី កន្លងមក គឺ​តែងតែ​ទៅ​លូន​ក្រាប ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថែមទាំង​ជួយ​បិទបាំង កំហុស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច ដូច្នេះ​គេ​ពិបាក​នឹង​ជឿ​ណាស់​ថា គាត់​អាច​ធ្វើជា អ្នកវិភាគ​ឯករាជ្យ​បាន​នោះ​»៕

ចំនួនអ្នកទស្សនា

    20688047

  • ថ្ងៃនេះ2351
  • ម្សិលមិញ4911
  • សប្តាហ៍នេះ19921
  • ខែនេះ2351
  • ឆ្នាំនេះ245591
  • សរុប20688047