រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​វិភាគទាន​ថវិកា​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ពី​៣​លាន​ដុល្លារ ដល់​៦​លាន​ដុល្លារ ក្នុង​១​ឆ្នាំ

25-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​វិភាគទាន​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ពី​៣​លាន​ដុល្លារ ដល់​៦​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ ដោយ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៦​នេះ​តទៅ​។ នេះ​បើ​យោងតាម​របាយការណ៍ របស់លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ ស្ថាបនិក និង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​។​

​លោក បេ​អាត រិច​ឆ្នឺ​រ បានបញ្ជាក់​តាម​របាយ​ការណ៍​មួយ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦​ថា «​កាកបាទក្រហមកម្ពុជា បាន​ប្រាប់​យើង​ថា ការកាត់បន្ថយ “​មរណភាព​មាតា​និង​ទារក​” នៅក្នុង​ប្រទេស​កម្ពុជា គឺ​ដោយសារ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។​... ដោយហេតុ​នេះហើយ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បាន​បង្កើន​វិភាគទាន ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី ៣​លាន​ដុល្លារ​អាមេរិក​ដល់ ៦​លាន​ដុល្លារ​អាមេរិក​»​។​

​ទោះជា​យ៉ាងណា លោក រិច​ឆ្នឺ​រ បាន​សម្ដែង​នូវ​ការខកចិត្ត ចំពោះ​រដ្ឋាភិបាល​ស្វី​ស​យ៉ាងខ្លាំង ដែល​ពុំបាន​បង្កើន​ថវិកា​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ពោលគឺ​រដ្ឋាភិបាល​ប្រទេស​នេះ នៅតែ​រក្សា​នូវ​ថវិកា​៤​លាន​ដុល្លារ ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​១​ឆ្នាំ​ដដែល ប៉ុន្តែ​មិន​កើនឡើង​ប៉ុណ្ណោះ​។​
​សូមបញ្ជាក់ថា មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​មួយថ្ងៃ​ចំណាយ​ថវិកា​ជាង ១២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ក្នុង​១​ឆ្នាំ ចំណាយ​ថវិកា​ជាង ៤២​លាន​ដុល្លារ​។ មន្ទីរពេទ្យ​គន្ធបុប្ផា មាន​បុគ្គលិក​ទាំងអស់ ២៥០០​នាក់​។ ក្នុង​មួយថ្ងៃៗ​មាន​កុមារ​ជាង ៣​ពាន់​នាក់ មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​៕

ចំនួនអ្នកទស្សនា

    20688787

  • ថ្ងៃនេះ3091
  • ម្សិលមិញ4911
  • សប្តាហ៍នេះ20661
  • ខែនេះ3091
  • ឆ្នាំនេះ246331
  • សរុប20688787