មន្ត្រី ក្រសួងមហាផ្ទៃ ស្នើឱ្យ​មន្ដ្រីនគរបាល​គ្រប់​ប៉ុស្ដិ៍​ប្រមូល​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ហាង​បញ្ចាំ​

25-June-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ បានស្នើ​ឱ្យ​បណ្ដា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ត្រូវ​បង្កើន​ការចាត់វិធានការ​ចុះ​ប្រមូលយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គំរូ​ថ្មី​ពី​តាម​បណ្ដា​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កន្លែង​បញ្ចាំ​នានា​ទៀត យកមក​ជូន​ប្រជាពលរដ្ឋ​វិញ ខណៈ​មកដល់ពេលនេះ នៅតែមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ហាង​បញ្ចាំ​មួយចំនួន បាន​ព្រមព្រៀង និង​មិនទាន់​បញ្ឈប់​គោលការណ៍​របស់ខ្លួន​យក​អត្ត​សញ្ញាប័ណ្ណ​នោះ​ទៅធ្វើ ជា​ឯកសារ​បញ្ចាំ សម្រាប់​ផ្ដល់​ប្រាក់កម្ចី​ការប្រាក់​ជូនទៅ​ប្រជាពលរដ្ឋ​។ នេះ​បើតាម​សារព័ត៌មាន​បាយ័ន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទៅ​២៤ ខែមិថុនា​នេះ​ថា អត្តសញ្ញាណប័ណ្ណ​គ្រាន់តែ​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​ពិត​របស់ ប្រជាពលរដ្ឋ វា​មិនមាន​តម្លៃ​ដូច​ប្លង់ដី ប្លង់​ផ្ទះ​នោះទេ ហើយ​បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិនគួរ​យក​អត្តសញ្ញាណប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ទៅ​តម្កល់​បញ្ចាំ​នោះទេ ពោលគឺ​បើ​ចាំបាច់​ណាស់​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​កូ​ពី​វិញ​ទៅ​។​

 លោក​បាន​បន្ដថា កន្លងមក​ពិតជា​មាន​ប្រជាពលរដ្ឋ​យក​អត្តសញ្ញាណប័ណ្ណ​ខ្លួន ទៅ​តម្កល់​ជាប់​បញ្ចាំ​នៅ​នៅ​កន្លែង​ខ្ចីប្រាក់​ហើយ​បានមក​កុហក​សមត្ថកិច្ច ថា បាត់​សុំ​មក​ធ្វើ​ថ្មី​មួយទៀត ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​។​

​លោក​ម៉ៅ ច័ន្ទ​តារា បាន​បញ្ជាក់ថា សម្រាប់​ការធ្វើ​អត្តសញ្ញាណប័ណ្ណ ដែលមាន​បុគ្គល​ម្នាក់ មុខមាត់​ដដែល​មក​ធ្វើ​ពីរ ទៅ​បី​ដង ហើយ​ខ្លះ​ក្លែងបន្លំ​ឯកសារ​សំបុត្រកំណើត ទីកន្លែង​កំណើត ឬ​យក​ក្រយៅដៃ​ខុស​មិន​ត្រឹមត្រូវ ម៉ាស៊ីន​ដែល​ដើរ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នោះ វា​មិនអាច​ព្រី​ន​ឬ​បោះពុម្ព​ចេញ​នោះទេ​។​

​គួររំលឹកថា​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​ចេញ​សេចក្ដីណែនាំ​ពី​បញ្ហា​ហាមប្រាម​មិន​ឲ្យ បណ្ដា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យក​អត្តសញ្ញាណប័ណ្ណ​គំរូ ថ្មី​ធ្វើជា​ឯកសារ​តម្កល់​បញ្ចាំ​កម្ចី​ប្រាក់​នោះទេ​ប៉ុន្តែ​មកដល់​ពេល នៅតែមាន​កន្លែង​ផ្ដល់ប្រាក់​កម្ចី​មួយចំនួន​នៅតែ​មិនទាន់​បញ្ឈប់ សកម្មភាព​នេះ​៕

ចំនួនអ្នកទស្សនា

    20688617

  • ថ្ងៃនេះ2921
  • ម្សិលមិញ4911
  • សប្តាហ៍នេះ20491
  • ខែនេះ2921
  • ឆ្នាំនេះ246161
  • សរុប20688617