រដ្ឋសភាព្រមានចាត់វិធានការ ដោយពិចារណាលើប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមិនមកបំពេញការងារក្នុងរដ្ឋសភា។
ការព្រមាននេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ មិថុនា នេះ ដោយមានសមាជិកតែពីគណបក្សប្រជាជនកម្ពុជា។
មូលហេតុនៃការព្រមាននេះ រដ្ឋសភាបានយោងលើមតិប្រតិកម្ម ពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ដែលថា ការមិនចូលធ្វើការរបស់តំណាងរាស្ត្របក្សប្រឆាំង ក្នុងរដ្ឋសភា ជាការល្មើសបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប៉ុន្តែនៅតែអាចមកបើកប្រាក់ខែ និងប្រាក់បំណាច់នានាបាន រួមទាំងការប្រើប្រាស់មធ្យោបាយរដ្ឋធម្មតាផង។
ចំពោះករណីនេះរដ្ឋសភាបានប្រគល់ឲ្យគណៈកម្មការទី១នៃរដ្ឋសភា ដែលទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ធ្វើការសិក្សាពិចារណា ព្រមទាំងសេចក្ដីតម្រូវទាំងឡាយនៃផ្ទៃក្នុងរដ្ឋសភា ដើម្បីដាក់វិន័យចំពោះតំណាងរាស្ត្របក្សប្រឆាំង។ ហើយលទ្ធផលនៃការសិក្សានឹងត្រូវផ្សព្វផ្សាយជាសាធារណៈ និងដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេច។
យ៉ាងណាក៏ដោយ មិនទាន់អាចសុំមតិប្រតិកម្មពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានទេ រហូតដល់ម៉ោងប្រមាណ១២ ថ្ងៃទី២៧ មិថុនា ដោយទូរស័ព្ទហៅមិនចូល។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពហិការមិនចូលធ្វើការក្នុងរដ្ឋសភា ក្រោយពីមានដីកាកោះហៅប្រធានស្ដីទីគណបក្ស គឺលោក កឹម សុខា និងតំណាងរាស្ត្របក្សនេះ ទៅបំភ្លឺជាបន្តបន្ទាប់។ ការពហិការនេះ គណបក្សប្រឆាំងបានចាត់ថា រដ្ឋសភានៅបន្តរំខាន និងយាយីដល់អភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង ហើយស្នើបញ្ឈប់ការកោះហៅតំណាងរាស្ត្របក្សប្រឆាំង រួមនឹងគោរពចំពោះអភ័យឯកសិទ្ធិសភាឲ្យពេញលេញ។