រំលោភ​យក​ដី​ទីទួល​សុវត្ថិភាព​នៅ​ខាងក្រោយ​ភូមិ​គ្មាន​ញញើត​សោះ​

27-June-2016 | ដោយ មែន កំសត់


​ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ចំនួន​ជាង​២០០​គ្រួសារ រស់នៅ​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ មានការ​ព្រួយបារម្ភ​ជាខ្លាំង ថា​អាច​នឹង​បាត់បង់​ទីទួល​សុវត្ថិភាព​ខាងក្រោយ​ភូមិ​សម្រាប់​ជម្លៀស សត្វពាហនៈ និង មនុស្ស​ក្នុង​រដូវ​ទឹកជំនន់​ឆ្នាំនេះ ខណៈដី​ទីទួល​សុវត្ថិភាព​មាន​ទំហំ​ជិត​២០​ហិកតា កំពុងតែ​រង​នូវ​ការរំលោភ​យក​ពី​មនុស្ស​មានអំណាច និង​មាន​ឥទ្ធិពល​មួយចំនួន ។​

​ពលរដ្ឋ​រស់នៅ​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ បាន​លើកឡើងថា មនុស្ស​ក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​រំលោភ​យក​ដី​ទីទួល​សុវត្ថិភាព​របស់ អ្នកភូមិ​ដោយបាន​មក​ធ្វើ​ការកាប់​ទន្ទ្រាន ឈូសឆាយ ដាំ​ដំណាំ​កសិកម្ម យក​ជា​កម្មសិទ្ធិ​បុគ្គល​លើ​ផ្ទៃដី​ទំហំ​ជាង​១០​ហិកតា ។ ការ​ចូលមក​ឈូសឆាយដី​ទីទួល​សុវត្ថិភាព​នៅ​ខាងក្រោយ​ភូមិ​ពី​សំណាក់​ជន​មួយ ចំនួន​នេះ​គឺ​បាន​ធ្វើឡើង​យ៉ាងគំហុក​ក្នុងអំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង ក្រោយនេះ បើទោះបីជា​អាជ្ញាធរ​ភូមិ​-​ឃុំ​ចុះទៅ​ហាមឃាត់​បែបណា ក៏​ជន​ទាំងនោះ​នៅតែ​មិន​ព្រម​បញ្ឈប់​ពី​សកម្មភាព​ឈូសឆាយ​នោះដែរ ។​
​ដី​ទីទួល​សុវត្ថិភាព​ដែល​ពលរដ្ឋ​មានការ​បារម្ភ​ថា អាច​នឹង​បាត់បង់​នេះ​មាន​ទំហំ​ជិត​២០​ហិកតា ។ កន្លងមក​ទីទួល​សុវត្ថិភាព​នេះ​មាន​ពលរដ្ឋ​ចំនួន​២​ភូមិ គឺ​ភូមិ​ព្រែក​ព្រលូង និង ភូមិ​ព្រែករការ ប្រមាណ​ជាង​២០០​គ្រួសារ បាន​យកមក​ធ្វើជា​តំបន់​ទីទួល​សុវត្ថិភាព​របស់​ពួកគាត់​ក្នុង​រដូវ ទឹកជំនន់ ដូចជា​ការជម្លៀស​សត្វ និង​ធ្វើជា​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន ។​

​ពលរដ្ឋ​ដែលមាន​ការបារម្ភ បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧​មិថុនា​នេះ​ថា កន្លងមក​ក្រោយពី​មានការ​មក​ឈូសឆាយ​រំលោភ​យក ពួកគាត់​បានស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​ហាមឃាត់ តែបើ​ទោះបី​ជាមាន​ការចុះ​ទៅ​ហាមឃាត់​ក៏​ជន​ទាំងនោះ​មិន​ព្រម​បញ្ឈប់​ដែរ ។ ពួកគាត់​អះអាងថា ពួកគាត់​នឹង​បន្ត​ប្តឹងទៅ​អាជ្ញាធរខេត្ត​ដើម្បី​ស្វែងរក​កិច្ច អន្តរាគមន៍​ឲ្យ​ជួយ​ទប់ស្កាត់ ។​

​លោក សំរឹទ្ធ អឿន មេឃុំ​សោ​ប បាន​ទទួលស្គាល់ថា ពិតជា​មានការ​រំលោភ​យក​ដី​ទីទួល​សុវត្ថិភាព​នៅ​ខាងក្រោយ​ភូមិ ហើយ​ក្នុងនាម​អាជ្ញាធរ​ឃុំ រូបលោក​ធ្លាប់បាន​ហៅ​ពលរដ្ឋ​ឲ្យ​មកជួបជុំ​នៅ​ទីទួល​សុវត្ថិភាព ដើម្បី​ហាមឃាត់​ការ​ឈូសឆាយ​ជាច្រើនលើក​ច្រើនសារ តែ​យ៉ាងណា​ក៏​ក្រុម​ជន​ទាំងនោះ​នៅតែ​មិន​ព្រម​បញ្ឈប់ ។ លោក​អះអាងថា នឹង​ជួយ​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក​-​ខេត្ត ដើម្បី​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​នេះ ។​
​មានការ​កត់សម្គាល់ឃើញ​ថា ក្នុងអំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ស្រប​ពល​ដែល​ស្ថានភាព​ដី​កសិកម្ម​កំពុង​តែមាន​ទីផ្សារ គេ​មើលឃើញថា ការចូល​កាប់​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​យក​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​នៅ ព្រៃ​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ​ពី​ជន​មាន​ឥ​ទ្ឋិ​ពល និង​មានអំណាច កំពុងតែ​កើតមានឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។ ស្រប​ពេលដែល​ការកាប់​ទន្ទ្រាន​របស់​ជ​ន​ទុច្ចរិត​បានធ្វើ​ឡើង​យ៉ាងគំហុក នេះ អាជ្ញាធរ​ស្រុក ខេត្ត​ក៏​ហាក់ដូចជា​នៅ​មិនទាន់មាន​ចំណាត់ការ​អ្វី​ដើម្បី​ទប់ស្កាត់​នៅឡើយ ដែរ ៕


ចំនួនអ្នកទស្សនា

    20689207

  • ថ្ងៃនេះ3511
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21081
  • ខែនេះ3511
  • ឆ្នាំនេះ246751
  • សរុប20689207