ភ្នំពេញ៖ឆ្លើយតបការប្រតិកម្មនិងមតិ ពីមជ្ឈដ្ឋាននានាដែលថាសមាជិកសភាមួយចំនួនធំមិនបានបំពេញការងារ ជាភារកិច្ចបស់ខ្លួនអស់ពេលយូរថ្ងៃមកហើយតែនៅតែមកបើកបៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗ រួមទាំងការប្រើប្រាស់មធ្យោបាយរបស់រដ្ឋសព្វបែបយ៉ាងទៀតនោះ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា សម្រេចឲ្យគណៈកម្មការសេដ្ឋច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង អគ្គលេខា ធិការដ្ឋានរដ្ឋសភាសិក្សា និងពិចារណាទៅលើការបើកប្រាក់បៀវត្សរ៍និងការប្រើប្រាស់មធ្យោបាយនានា របស់តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដែលមិនបានចូលបម្រើការងារ ព្រមទាំងបានស្នើឲ្យដាក់វិន័យទៅតាមបទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភាផងដែរ។
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានបញ្ជាក់ថា អវត្តមានរបស់តំណាងរាស្ត្រ ដែលពុំបានចូលបំពេញការងារគឺជាការល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា តម្រូវឲ្យយកលទ្ធផល នៃការសិក្សាពិចារណាខាងលើ ទៅផ្សព្វផ្សាយជូនសាធារណជន នឹងត្រូវដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងសម្រេច។នេះមានន័យថា បណ្តាសមាជិកសភាដែលអវត្តមានយូរថ្ងៃដោយគ្មានមូលហេតុត្រឹមត្រូវនឹងប្រឈមការអត់ប្រាក់បៀវត្សរ៍និង ដករថយន្ត ដែលរដ្ឋបានប្រគល់សំរាប់ជាមធ្យោបាយធ្វើដំណើរក្នុងការបំពេញភារកិច្ចសភា។
សូមបញ្ជាក់ថា តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានពហិការមិនចូលប្រជុំរដ្ឋសភា ជាច្រើនលើកមកហើយបន្ទាប់ពីតុលាការមានចំណាត់ការតាមផ្លូវច្បាប់ទៅ លោក កឹម សុខា អនុប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលមិនព្រមចូលទៅបំភ្លឺលើ សំណុំរឿងសញ្ចាកម្ម៕