​សុន្ទរកថា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

28-June-2016 | ដោយ មែន កំសត់


 -

​សូម ក្រាបថ្វាយបង្គំ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះ​រាជាគណៈ និង​ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ ជាទី​សក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក  ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​

​សមាជិក សមាជិកា​នៃ​អង្គ​មី​ទ្ទិញ និង​ជនរួមជាតិ​ទាំងអស់​ជាទីគោរព​ស្នេហា
 ថ្ងៃនេះ ជា​ទិវា​ដ៏​ឧឡា​រិ​ក​គម្រប់​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ នៃ​ការបង្កើត​គណបក្ស ប្រជាជន​កម្ពុជា​ដែល​នៅ​គ្រា​ដំបូង​មាន​ឈ្មោះថា “​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​” ដែលមាន​ប្រវត្តិ និង ប្រពៃណី​ដ៏​ថ្លៃថ្លា​ក្នុងការ​បម្រើ​ប្រទេសជាតិ និង​ប្រជាជន ដោយ​រក្សា​ខ្ជាប់​នូវ​គោលបំណង និង ឧ​ត្ត​ម​គតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ ប្រឹងប្រែង​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា ដើម្បី​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​។ លើ​កំណាត់​ផ្លូវ​ដ៏​វែង​នេះ បន្ទាប់ពី​បាន បដិសន្ធិ​ឡើង​នា​ថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ គណបក្ស​បាន​ដឹកនាំ​ការតស៊ូ​រំដោះជាតិ ប្រឆាំង​ការ ឈ្លានពាន​ត្រួតត្រា​របស់​បរទេស​យ៉ាង​អង់អាច​បំផុត ជាពិសេស​ការតស៊ូ​សង្គ្រោះ​ជាតិ​ពីរ​បប ប្រល័យពូជសាសន៍​ប៉ុល ពត ដ៏​យង់ឃ្នង​ហើយ​បាន​បន្ត​ដឹកនាំ​ប្រទេស​សម្រេចបាន​ជោគជ័យ យ៉ាង​ធំធេង ធ្វើ​ឲ្យ​ប្រជាជាតិ និង​មាតុភូមិ បាន​រស់​ឡើងវិញ ស្ថិតស្ថេរ​គង់វង្ស និង​រីកចម្រើន​ដូច បច្ចុប្បន្ននេះ ។​

​យើង​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​ស្មារតី​គោរព​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី និង​អ្នកស្នេហាជាតិ​ដ៏​បរិសុទ្ធ​គ្រប់​ជំនាន់​ដែល​បាន​តស៊ូ​ប្រយុទ្ធ យ៉ាង​ប្តូរផ្តាច់​ឥត​រាថយ​នៅ​គ្រប់​ដំណាក់កាល ដើម្បី​បុព្វហេតុ​ជាតិ​ដ៏​ឧត្តុង្គឧត្តម​បំផុត ធ្វើ​ឲ្យ​យើង​មាន​អ្វីៗ​សព្វ​យ៉ាង​នៅថ្ងៃនេះ និង​មាន​ក្តីសង្ឃឹម​ជឿជាក់​ចំពោះ​អនាគត ។ ដើម្បី​បន្ត​នូវ​គំរូ​វីរភាព ដ៏​ថ្លៃថ្លា​នេះ យើងទាំងអស់គ្នា​ប្តេជ្ញា​ការពារ​មាតុភូមិ ថែរក្សា​រាល់​សមិទ្ធផល​សង្គមជាតិ​ឲ្យ​ស្ថិតស្ថេរ គង់វង្ស បន្ត​ប្រឹងប្រែង​កសាង​ទឹកដី​ឲ្យ​បាន​រីកចម្រើន​រុងរឿង​ក្នុង​ឯករាជ្យ សន្តិភាព ស្ថិរភាព និង ការរួបរួម​ជាតិ ដែល​គ្មាន​ការកើតឡើង​ជាថ្មីទៀត​នូវ​សោកនាដកម្ម និង​គ្រោះមហន្តរាយ​ដូច​ពី អតីតកាល ។​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​សូម​សម្តែង​គារវ​- ភក្តីភាព និង​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​កំពុង​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ និង ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប ។ សូម​ថ្វាយព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត លើ​ត្បូង និង​សម្តេច​ព្រះវររាជ​មាតា​ជាតិ ជាទី​សក្ការៈ សូម​មាន​ព្រះរាជសុខភាព​បរិបូណ៌ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា និង​ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅកាន់​ត្រើយ​វឌ្ឍនភាព​ដ៏​រុងរឿង ។​

​អង្គ​មី​ទ្ទិញ ជនរួមជាតិ​ជាទីគោរព​ស្នេហា ! រយៈពេល ៦៥ ឆ្នាំ ក្នុង​ការបំពេញ​បេសកម្ម​បម្រើ​ជាតិ ទោះបី​ត្រូវ​ប្រឈម​នឹង​ការវិវត្តន៍ ប្រែប្រួល​យ៉ាង​ស្មុគស្មាញ​បំផុត​នៃ​សភាពការណ៍​ជាតិ និង​អន្តរជាតិ​យ៉ាងណាក្តី ក៏​គណបក្ស ប្រជាជន​កម្ពុជា​បាន​ស្ថិតនៅ និង​បាន​ផ្សារភ្ជាប់​ខ្លួន​ជានិច្ច​ជាមួយ​ប្រជាជន ពុះពារ​ឆ្លងកាត់​បណ្តា ដំណាក់កាល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ រួមមាន : ការតស៊ូ​ប្រឆាំង​របប​អាណានិគម និយម ដើម្បី​ឯករាជ្យ​ជាតិ , សង្គ្រាម​ដែល​បង្កឡើង​ដោយ​របប​សាធារណរដ្ឋ​ខ្មែរ និង​ពួក​បរទេស ឈ្លានពាន​ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ជាពិសេស​ការតស៊ូ​សង្គ្រោះ​ជាតិ​ពីរ​បប​ប្រល័យ​ពូជ សាសន៍​ប៉ុល ពត ដែល​ទទួលបាន​មហា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ។ លើ​មូលដ្ឋាន​មហា​ជ័យជម្នះ​នេះ កម្ពុជា​បាន​បិទ​ទំព័រ​សករាជ​ដ៏​ខ្មៅ​ងងឹត​របស់ខ្លួន ហើយ​បើក ឡើង​នូវ​សករាជ​ថ្មី គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។ ក្នុង​រយៈពេល ៣៧ ឆ្នាំ មកនេះ បន្ទាប់​ពីថ្ងៃ​ជ័យជម្នះ ៧ មករា ដោយ​ឈរ​យ៉ាងរឹងមាំ​លើ​គោលការណ៍​ប្រជា​- ធិបតេយ្យ​ប្រជាជន គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ជម្នះ​រាល់​ឧបសគ្គ និង​ការ លំបាក​យ៉ាងច្រើន​ឥត​គ​ណា​សម្រេចបាន​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​នាំ​ប្រជា​- ជាតិ​ឲ្យ​ចេញ​ផុតពី​ស្រមោល​នៃ​អតីតកាល​ដ៏​ឈឺចាប់ និង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់ នៅលើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​ប្រកបដោយ​មោទនភាព និង​ភាពជឿជាក់ ។ ការភ័យខ្លាច , សោកនាដកម្ម , ការបែកបាក់​ជាតិ និង​ការបាត់បង់ ដែល​ប្រជាជន​យើង​ធ្លាប់បាន ជួបប្រទះ​កាលពី​អតីតកាល ត្រូវបាន​បញ្ចប់​ហើយ យើង​កំពុង​រស់នៅ​លើ​មាតុភូមិ​របស់​យើង​ដែល មាន​សុខសន្តិភាព​ពេញលេញ​, មាន​ខឿន​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ដែនដី​ដែល​ត្រូវបាន ការពារ​យ៉ាង​គត់មត់​, មានការ​គោរព​ចំពោះ​សិទ្ធិ សេរីភាព និង​សេចក្តីថ្លៃថ្នូរ​របស់​ពល​រដ្ឋ​គ្រប់ៗ រូប​, មានការ​បង្រួម​បង្រួម​ជាតិ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​, សង្គមជាតិ​ទាំងមូល​កំពុងមាន វឌ្ឍនភាព​លើ​គ្រប់​វិស័យ ព្រមជាមួយ​នោះ កិត្តិយស កិត្យានុភាព​ជាតិ​ក៏ត្រូវ​បាន​លើកកម្ពស់ ឡើងវិញ​លើ​ឆាក​អន្តរជាតិ ។ ឆ្លងតាម​សមិទ្ធផល​ដ៏​វិសេសវិសាល​ទាំងអស់នេះ បាន​កសាង និង​ពង្រឹង​មូលដ្ឋាន​ខាង​ស្មារតី​និង​សម្ភារៈ​របស់​ប្រជាជាតិ​យើង ក្នុង​ការបន្ត​ការពារ​មាតុភូមិ និង កសាង​អនាគត​ដ៏​រុងរឿង​របស់ខ្លួន ។​

 គួររំឭកថា ជាមួយនឹង​ដំណើរ​វិវត្តន៍​របស់​ជាតិ ដើម្បី​ធានា​សម្រេច​ជោគជ័យ​ក្នុងការ​បម្រើ ប្រទេសជាតិ គណបក្ស​បាន​កសាង ពង្រឹង និង​ពង្រីក​ខ្លួន​ឥតឈប់ឈរ ស្របតាម​សំណូមពរ នា​ដំណាក់កាល​នីមួយៗ តាំងពី​មាន​សមាជិក​នៅ​សេសសល់​ពី​ការកាប់សម្លាប់​របស់​ពួក ប៉ុល ពត តែ​ជាង ២០០​នាក់ បច្ចុប្បន្ន​មាន​សមាជិក​រាប់លាន​នាក់ និង​មាន​អង្គ​ការចាត់​តាំងនៅ​គ្រប់​ថ្នាក់ នៅ​គ្រប់​មូលដ្ឋាន ផ្សារភ្ជាប់​ជាមួយ​ប្រជាជន ។ សមិទ្ធផល​នៃ​ការកសាង​គណបក្ស និង សមិទ្ធផល​នៃ​សង្គមជាតិ មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​គ្នា និង​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​នៅក្នុង ដំណើរ​ការកសាង និង​ការពារ​មាតុភូមិ ។​

​រាល់​សមិទ្ធផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចបាន​ទាំងអស់នេះ គឺ​អាស្រ័យ ដោយ​គណបក្ស​មានការ​ដឹកនាំ​ត្រឹមត្រូវ​ខាង​នយោបាយ​នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព , មានការ​គាំទ្រ​ដ៏​ទូលំទូលាយ​ពី​ប្រជាជន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ , មាន​វិន័យ​ម៉ឺងម៉ាត់ និង​របៀបរបប​ធ្វើការ​ម៉ត់ចត់ , មាន​ធនធានមនុស្ស​ច្រើន​កុះករ​ប្រកបដោយ គុណធម៌ សមត្ថភាព និង​មនសិការ​ទទួលខុសត្រូវ និង​មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ​។ ទាំងនេះ គឺជា​កត្តា​នៃ​ជ័យជម្នះ​ផង និង​ជា​មេរៀន​ពិសោធន៍​នៃ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន កម្ពុជា​ផង ដែល​គណបក្ស​ទាំងមូល​ត្រូវ​ក្តាប់​ឲ្យ​ជាប់ ហើយ​ខិតខំ​ពង្រឹងពង្រីក​ថែមទៀត ដើម្បី សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ថ្មីៗ​ទៀត​ឥតឈប់ឈរ​ជូន​ជាតិ ។

 អង្គ​មី​ទ្ទិញ ជនរួមជាតិ​ជាទីគោរព​ស្នេហា ! ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ជា បន្តបន្ទាប់​កន្លងមក​នេះ ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ  និង​ក្រោម​ជាតិ ទាំង​ការបោះឆ្នោត​សកល និង​អសកល​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រជាជន​កម្ពុជា​ត្រូវការ​នូវ​តួនាទី​ដឹកនាំ​របស់​គណបក្ស ប្រជាជន​កម្ពុជា ដើម្បី​ធានា​ការការពារ លើកស្ទួយ និង​សម្រេច​នូវ​ផលប្រយោជន៍​ជា​សារ​វ័​ន្ត និង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់ខ្លួន ។ ឆ្លើយតប​ទៅនឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន គណបក្ស កំពុង​ជំរុញ​អនុវត្ត​យ៉ាងសកម្ម​នូវ​កម្មវិធី​នយោបាយ​ដែល​បាន​ប្រកាសជូន ជនរួមជាតិ​នៅក្នុង​ការបោះឆ្នោត​សកល​នា​ឆ្នាំ ២០១៣ កន្លងមក​ឲ្យ​សម្រេចបាន​លទ្ធផល​ល្អ​លើ​គ្រប់​វិស័យ ។ ការធានា បាន​នូវ​សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បង្កលក្ខណៈ​អំណោយផល​ដល់ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាជន , ដំណើរការ​រីកចម្រើន​នៃ​លទ្ធិ ប្រជាធិបតេយ្យ ការគោរព​សិទ្ធិ សេរីភាព​របស់​ពលរ​ដ្ឋ និង​នីតិរដ្ឋ​កំពុង​ស្ថិតនៅលើ​គន្លង​ដ៏​ត្រឹម ត្រូវ​, គ្រប់​ស្ថាប័នរដ្ឋ​កំពុង​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​តាម​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព និ​ការទទួលខុសត្រូវ , រាល់​កំណែទម្រង់​របស់​រដ្ឋ​កំពុង​ត្រូវបាន​បន្ត​ជំរុញ​ប្រកបដោយ​ផ្លែផ្កា ។ ព្រមជាមួយ​នោះ សកម្មភាព​នយោបាយរ​បស់​បណ្តា​គណបក្ស​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ៤ ក៏​កំពុង​ស្តែងឡើង​យ៉ាង​រស់​រវើក ។ ប្រការនេះ​សបញ្ជាក់​ថា នៅ​កម្ពុជា​ពុំមាន​វិបត្តិ​អ្វី​ឡើយ ឯ​ការខិតខំ​ប្រកូក​ប្រកាស​របស់​មនុស្ស​ខ្លះ​ថា កម្ពុជា កំពុងមាន​វិបត្តិ ឬ​កម្តៅ​នយោបាយ​នោះ គឺ​ក្នុង​ឧបាយកល​ទុច្ចរិត ប៉ុនប៉ង​បំភាន់​សាធារណមតិ ប៉ុណ្ណោះ ធាតុ​ពិតជា​វិបត្តិ​ផ្ទាល់ខ្លួន​របស់​មនុស្ស​មួយចំនួន​តូច ដែល​បាន​ប្រព្រឹត្ត​ខុស បំពាន​លើ ច្បាប់ ហើយ​ត្រូវ​ចោទប្រកាន់​តាមផ្លូវ​តុលាការ គឺ​មិនមែនជា​បញ្ហានយោបាយ​នោះទេ ។  ដូច្នេះ គណបក្ស ក៏​ដូច​អង្គការ​សង្គម​មួយចំនួន​មិន​គប្បី​ភ្ជាប់​ខ្លួន​ជាមួយ​បុគ្គល​ដែល បាន​ប្រព្រឹត្ត​ខុស ច្បាប់​ទាំង​នោះឡើយ ។​

​ចំពោះ​វិស័យសេដ្ឋកិច្ច នៅក្នុង​ឆ្នាំ ២០១៦ អាច​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៧,១% ។ អតិផរណា​ត្រូវបាន​រំពឹងថា នឹង​ស្ថិតក្នុង​កម្រិត​ទាប​ក្នុង​រង្វង់ ១,៩% ស្ថានភាព​ពាណិជ្ជកម្ម​កា​ន់ តែមាន​ភាពប្រសើរឡើង ដោយសារ​កំណើន​លឿន​នៃ​ការនាំចេញ​ធៀប​នឹង​ការនាំ​ចូល ។ ទុន បម្រុង​អន្តរជាតិ​នឹង​កើន​ដល់​ប្រមាណ ៥.៤៥០ លាន​ដុល្លារ ដែល​អាច​ធានា​ការនាំ​ចូល​បាន ប្រមាណ ៤,៥ ខែ និង​អាច​ទប់​ទល់នឹង​បច្ច័យ​អាក្រក់​ពី​វិបត្តិ​ខាងក្រៅ ។ ជាមួយនេះ ការប្រើប្រាស់ ទំនិញ​ក្នុងស្រុក​មាន​និន្នាការ​កើនឡើង ដោយសារ​ការវិនិយោគ​ក្នុងស្រុក និង​ការវិនិយោគ​ផ្ទាល់ ពី​បរទេស ដែល​បាន​បង្កើត​ការងារ​ធ្វើ បង្កើន​ប្រាក់ចំណូល​របស់​ប្រជាជន​។ ជាក់ស្តែង​ចំណូល មធ្យម​របស់​ប្រជាជន​ម្នាក់ៗ បាន​កើន​ដល់ ១.២១៥ ដុល្លារ ក្នុង​ឆ្នាំ ២០១៥ ហើយ​អាច​នឹង​បន្ត កើន​ដល់ ១.៣០១ ដុល្លារ ក្នុង​ឆ្នាំ ២០១៦ ។​

​សម្រាប់​ប៉ុន្មាន​ខែ​ដើមឆ្នាំ ២០១៦ នេះ សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ល្អ ដែល​នាំមុខ​ដោយ​វិស័យ​សេវាកម្ម វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​សំណង់ ។ ដោយឡែក ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក៏​បន្ត​បង្កើនបាន​ប្រសិទ្ធភាព ដោយ​ការប្រមូល​ចំណូល​គ្រប់ ប្រភេទ​មានការ​កើនឡើង ឯ​នីតិវិធី​ក្នុងការ​អនុវត្ត​ចំណាយ​ក៏ត្រូវ​បាន​ពង្រឹង​ថែមទៀត ។ ជាក់ស្តែង ក្នុង​រយៈពេល ៥ ខែ​ដើមឆ្នាំ ចំណូល​គយ​សម្រេចបាន ៧៦៣ លាន​ដុល្លារ កើនឡើង ២២% , ចំណូល​ពន្ធដារ​សម្រេច​បាន ៧០៨ លាន​ដុល្លារ កើនឡើង ២១,៦៨% ធៀប​នឹង​រយៈពេល​ដូច គ្នា​ឆ្នាំមុន ។

​ការបែងចែក​ចំណាយ​របស់​រដ្ឋ កាន់​តែមាន​ប្រសិទ្ធភាព​តាមរយៈ​ការ​សន្សំសំចៃ និង ការដោះស្រាយ​បញ្ហាសំខាន់​នានា​បានល្អ ។ ចំណាយ​ថវិកាជាតិ​ត្រូវបាន​បង្កើន សម្រាប់​គាំទ្រ ដល់​ការកែទម្រង់​នានា និង​សកម្មភាព​ការងារ​សំខាន់ៗ ដើម្បី​បង្កើន​គុណភាព​សេវាសាធារណៈ ព្រមទាំង​ការវិនិយោគ​លើ​ការពង្រឹង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត , លទ្ធភាព​ប្រកួតប្រជែង​, ផលិតភាព​សេដ្ឋកិច្ច និង​ការ​ទ្រទ្រង់​កំណើន ។ ព្រម​ជាមួយនេះ បៀវត្ស​ត្រូវបាន​ដំឡើង និង បើក​ទាន់ពេលវេលា​តាម​ប្រព័ន្ធ​ធនាគារ​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​និវត្តជន ។​

​នៅក្នុង​វិស័យ​ការងារ ក្នុង​ត្រីមាស​ទី ១ កម្ពុជា​បាន​បង្កើត​ការងារ​ថ្មី​ចំនួន ២៧.៩២១ កន្លែង ទាំង​នៅក្នុង​ប្រទេស ទាំង​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ។ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ កម្មការិនី​រោងចក្រ​កាត់ដេរ និង​វាយ​ន​ភណ្ឌ ត្រូវបាន​ដំឡើង​ពី ១២៨ ដល់ ១៤០ ដុល្លារ ហើយ យន្តការ​ពិភាក្សា​ប្រាក់​ឈ្នួល​កម្មករ ឆ្នាំ ២០១៧ ក៏​កំពុងតែ​ដំណើរការ​បន្តទៀត ។  និយាយ​រួម ច​លន​ការ​នៃ​កំណែទម្រង់​គ្រប់ផ្នែក គ្រប់​វិស័យ​កំពុងធ្វើដំណើរ​ក្នុងទិសដៅ​ដ៏​ត្រឹមត្រូវ និង​ផ្តល់ លទ្ធផល​ជា​ផ្លែផ្កា ជីវភាព​របស់​ប្រជាជន​ក៏​កាន់តែ​បាន​ប្រសើរឡើង ។​

 អង្គ​មី​ទ្ទិញ ជនរួមជាតិ ជាទីគោរព​ស្នេហា​! ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ប្រជាជាតិ​យើង ចាប់ពី​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ មក​គឺជា “​ការផ្លាស់ប្តូរ​” ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ។ នោះ​គឺជា “​ការផ្លាស់ប្តូរ​” ពី​ប្រជាជាតិ​មួយ​ដែល​បាន​បែកបាក់​សាមគ្គី​យ៉ាងធ្ងន់ធ្ងរ និង​ហែកហួរ​ដោយ សង្គ្រាម មក​មាន​សន្តិភាព​ឯកភាព​ជាតិ ឯកភាព​ទឹកដី​, ពី​ទឹកដី​មរណៈ​មួយ​ដែល​គ្របដណ្តប់​ដោយ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​របស់​ពួក​ប៉ុលពត មក​មានជីវិត​រស់​ឡើងវិញ មាន​សេរីភាព ប្រជា​- ធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ , ពី​សង្គម​មួយ​ដែល​មានតែ​ភាព​ខ្ទេចខ្ទាំ​វិនាស អន្តរាយ មកជា​សង្គម​មួយ​ដែល​កំពុងមាន​ការរីក​ចម្រើន​ប្រកបដោយ​ជវភាព និង​ពី​សង្គម​មួយ ដែល​ត្រូវគេ​ឯកោ និង​ប្រមាថ មកជា​សង្គម​មួយ​ដែលមាន​កិត្តិយស ស្មើ​សិទ្ធិ និង​ស្មើភាព ជាមួយ បណ្តា​ប្រទេស​នៅលើ​ពិភពលោក​។ នេះ​ជា​ដំណើរការ​ផ្លាស់ប្តូរ​ដ៏​ត្រឹមត្រូវ ដែលមាន​ចរិត​ជឿន លឿន ស្របតាម​ក្រឹត្យក្រម​រីកចម្រើន​នៃ​សង្គមជាតិ ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ ការផ្លាស់ប្តូរ​នេះ និង​កំពុង​បន្ត​ដឹកនាំ​ការផ្លាស់ប្តូរ​ទៅមុខទៀត ដើម្បី​ធានា​ភាព​ស្ថិតស្ថេរ ិ​ង​រីក ចម្រើន​នៃ​សង្គមជាតិ ។​

​ក្នុង​ដំណើរ​ទៅមុខទៀត ដើម្បី​សម្រេច​ភារកិច្ច​នៃ​ដំណាក់កាល​ប្រជាធិបតេយ្យ​ប្រជាជន ឈានទៅ​កាន់​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ដ៏​ខ្លាំងក្លា​លើ​គ្រប់​វិស័យ​សម្រាប់ ប្រជាជន​គ្រប់ៗ​រូប គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ជំហរ​រឹងមាំ​ក្នុងការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ និង​ភាពសុខសាន្ត​របស់​ប្រជាជន បន្ត​ជ្រោង​ខ្ពស់​ទង់​មហា​សាមគ្គី​ជាតិ​សំដៅ​ប្រមូល​កម្លាំង​ប្រជាជាតិ ទាំងមូល រួមគ្នា​កសាង និង​ការពារ​មាតុភូមិ​នៅក្រោម​រដ្ឋធម្មនុញ្ញ​រប​ស់​ជាតិ​យើង និង​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយ​រាំង​ស្កាត់​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នយោបាយ​បច្ចុប្បន្ន​។ ក្នុង​ស្មារតី​នេះដែរ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ប្រកាន់យក​វប្បធម៌​សន្ទនា​ជាមួយ​គ្រប់ មជ្ឈដ្ឋាន​នយោបាយ និង​សង្គម ដើម្បី​ពង្រឹង​បរិយាកាស​ដ៏​ល្អប្រសើរ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដោយ​ឈរលើ​មូលដ្ឋាន​ភាពស្មោះត្រង់ ស្មារតី​ផ្សះផ្សារ​ជាតិ គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។ ទន្ទឹម​នោះគេ​ក៏ត្រូវ​យល់​ឲ្យ​ច្បាស់​ថា គ្មាន​គណបក្ស​ណាមួយ ឬ​អង្គការ​សង្គម​ណាមួយ ឬ​មនុ​ស្សណា​ម្នាក់ ទោះ​កំពុងស្ថិត​ក្នុ​ឋានៈ​នាទី​ណាក៏ដោយ​អាច​ស្ថិត​នៅក្រៅ​រង្វង់​ច្បាប់ បានឡើយ អ្នកប្រព្រឹត្ត​កំហុស ទោះជា​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ត្រូវតែ​ទទួលទោស​តាមច្បាប់ ព្រោះ​កម្ពុជា​ជា​នីតិរដ្ឋ និង​ជា​រដ្ឋ​ដែលមាន​អធិបតេយ្យ​ពេញលេញ ។ ដូច្នេះ គេ​មិនត្រូវ​កាឡៃ​រឿង​ឯកជន​របស់​បុគ្គល​ដែល​ធ្វើ​ខុស​ឲ្យ​ទៅជា​រឿង​នយោបាយ និង​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ​ឡើយ ទង្វើ​បែបនេះ គឺជា​អំពើ​ប្រមាថ​ដល់​ប្រជាជន ដល់​ស្ថាប័នរដ្ឋ និង​ជា​អំពើ​ផ្សងព្រេង​ដ៏​គ្រោះថ្នាក់​សម្រាប់​ជាតិ ។ ព្រមជាមួយ​នោះ យើង​សង្ឃឹមថា មជ្ឈដ្ឋាន​បរទេសមួយ​ចំនួន​ដែល​មិនបាន​យល់​អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា សូម​បន្ត​ស្វែងយល់​ឲ្យ​បានច្បាស់លាស់ ត្រឹមត្រូវ ហើយ​ផ្តល់នូវ​ការគាំទ្រ​ចំពោះ​ដំណើការ​ជា​វិជ្ជមាន​នៃ​ការអនុវត្ត នីតិរដ្ឋ​របស់​កម្ពុជា ជាមួយនឹង​ការគោរព​ដល់​អធិបតេយ្យ​របស់​កម្ពុជា ។​

 គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ជំរុញ​កំណែទម្រង់​លើ​គ្រប់​វិស័យ​ដែល​បាន កំណត់​ក្នុង​យុទ្ធ​-​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល ដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់ សំដៅ​ធានា​ការជំរុញ​កំណើនសេដ្ឋកិច្ច ការបង្កើត​ការងារ​ជូន​ពលរដ្ឋ ការពង្រឹង​យុត្តិធម៌ សមធម៌​ក្នុងសង្គម និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​គ្រប់​ប្រភេទ ។

​នេះ​ជា ដំណើរ​ការដែល​ជំរុញ​នូវ​ការផ្លាស់ប្តូរ​ឥតឈប់ឈរ ដើម្បី​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​។ យើង​ប្រឆាំង​ដាច់ខាត​នូវ​ឧបាយកល​គ្រប់​ប្រភេទ ដែល​ចង់​ផ្លាស់ប្តូរ​សង្គម​តាមរយៈ​ការ​បំផ្ទុះ​នូវ​បដិវត្តន៍​ពណ៌ ឬ​តាម​មធ្យោបាយ​ពិសពុល​ផ្សេងៗ​ទៀត ដែល​នឹង​នាំ​ឲ្យ​ប្រទេសជាតិ​បាត់បង់​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​ជាថ្មី​ម្តងទៀត ។ សន្តិភាព ស្ថិរភាព​នយោបាយ និង​រាល់​សមិទ្ធផល​ដែល​យើង​មានមក​ដល់ពេលនេះ គឺ​បានមកពី​ការយក​ជីវិត​ធ្វើជា​ដើមទុន ពី​ពលិកម្ម​ដ៏​ធំធេង និង​មិនអាច​កាត់ថ្លៃ​បាន​របស់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី សមាជិក សមាជិកា​គណបក្ស និង​ជនរួមជាតិ​យើង​រាប់លាន​នាក់ ដូច្នេះ យើង​មិន​អនុញ្ញាត​ឲ្យ​ជន​ណា ឬ​មជ្ឈដ្ឋាន​ណា​មក​បំផ្លាញ​បានឡើយ ។​

 គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​ពេញទំហឹង​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការបន្ត​ជំរុញ​អនុវត្ត យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ ២០១៤-២០១៨ និង​គោលនយោបាយ​ទាំងឡាយ​ឲ្យ​បានសម្រេច​ជោគជ័យ ក្នុងនោះ មាន​ការងារ​សំខាន់ៗ​ជាអាទិ៍ ៖

-​បន្ត​ជំរុញ​អភិវឌ្ឍ​តាម​វិស័យ ដូចជា ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដីធ្លី សំណង់ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ។​ល​។ សំដៅ​បង្កើន​ផលិតភាព និង​តម្លៃបន្ថែម , កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ដើម្បី​បម្រើ​ដល់​តម្រូវការ​ហិរញ្ញប្បទាន , ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ដែល​នឹង​ធានាបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ , បន្ត​រក្សា​លំនឹង​អត្រា​ប្តូរប្រាក់   រក្សា​អត្រា​អតិផរណា​ក្នុង​កម្រិត​ទាប និង​ជំរុញ​ការនាំចេញ ។​

- ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ ឆ្នាំ ២០១៥-២០២៥ សំដៅ​លើកកម្ពស់​ជីវភាព និង​ភាពថ្លៃថ្នូរ​របស់​ប្រជាជន​គ្រប់រូប ។ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​នេះ ខិតខំ​កែលម្អ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុងការ​ទាក់ទាញ​សកម្មភាព​វិនិយោគ លើកកម្ពស់​លក្ខខណ្ឌ​ការងារ​តាម​បទដ្ឋាន​ការងារ​អន្តរជាតិ ពង្រឹង​យន្តការ​សម្រាប់​ពិនិត្យ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ធានារ៉ាប់រង​អត្ថប្រយោជន៍​របស់​កម្ម​ករ និយោជិត​ជាដើម ។​

-​បន្ត ពង្រឹង​នូវ​សកម្មភាព​នានា​ដែល​គាំទ្រ​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ធានា​សមធម៌​នៃ​ការបែងចែក​ផ្លែ​ផ្លា​នៃ​កំណើនសេដ្ឋកិច្ច ជាអាទិ៍ ការបន្ត​បែងចែក​ដីធ្លី តាមរយៈ​ការអនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច និង​ការប្រើ​ប្រទានកម្ម​ជូន​ប្រជាជន​ក្រីក្រ យោធិន​ពិការ គ្រួសារ​យោធិន​ពលី និង​មរណៈ និង​អតីត​កងកម្លាំងប្រដាប់អាវុធ​ដែល​គ្មាន ឬ​ខ្វះ​ដី​ពិតប្រាកដ , ការបន្ត​អនុវត្ត​គោលនយោបាយ​មិន​យកពន្ធ​លើដី​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ , ការបន្ត​អនុវត្ត​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​ជនបទ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​គ្រប់​ភូមិ​ទាំងអស់​នឹងមាន​ការផ្គត់ផ្គង់ អគ្គិសនី​នៅ​ឆ្នាំ ២០២០ , ការពង្រីក​សេវា​មីក្រូហិរញ្ញវត្ថុ ដែល​កាន់​តែមាន​ភាពអនុគ្រោះ , ការបន្ត​ពង្រីក​មូលនិធិ​សមធម៌​និង​ការបង់ថ្លៃ​ជួស សម្រាប់​ប្រជាជន​ក្រីក្រ​ក្នុងការ​ទទួលបាន​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​របស់​រដ្ឋ ។​ល​។

- បន្ត​ពង្រឹង​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ជំរុញ​ការប្រមូល​ចំណូល​របស់​រដ្ឋ​ឲ្យ​មានការ​កើន​បន្តទៀត និង​បន្តធ្វើ​វិចារណ​កម្ម​ចំណាយ​ឲ្យ​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព​។ ព្រម​ជាមួយនេះ បន្ត​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាជន ទាំង​សេវា​តម្រូវការ និង​សេវា​បម្រើ​ប្រកបដោយ​គុណភាព វិសាលភាព និង​មានការ​ជឿទុកចិត្ត​ពី​ប្រជាជន ។​

​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល និង​គណបក្ស​នានា នៅក្នុង​ការបង្កើត​បរិ​យា​កាស​នយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ​នេះ​ឲ្យ​មាន​លក្ខណៈ​អព្យាក្រឹត សេរី ប្រជាធិបតេយ្យ និង​សុខសាន្ត ដែលជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ លើ​មូលដ្ឋាន​អនុវត្ត​តាមច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ។ ទន្ទឹមនេះ សូម​អំពាវនាវ​ដល់​ប្រជាជន​គ្រប់ៗ​រូប​ដែល​គ្រប់​អាយុ​បោះឆ្នោត សូម​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​ការណែនាំ​របស់​គ​ណៈ​ក​ម្មា​-​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។​

 នៅក្នុង​ឱកាស​ដ៏​ឧឡា​រិ​ក​នេះ ក្នុងនាម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​អំពាវនាវ​ដល់គ​ណៈ​ក​ម្មា​ធិ​ការ​គណបក្ស​គ្រប់​ថ្នាក់ គ្រប់ផ្នែក មន្ត្រី សមាជិក សមាជិកា​គ្រប់ៗ​រូប សូម​រក្សា​ខ្ជាប់​នូវ​ប្រពៃណី​ដ៏​រុងរឿង​របស់​គណបក្ស ពង្រឹង​ចំណង​សាមគ្គីភាព​ជុំវិញ​គណៈកម្មាធិការ​ក​ណ្តា​ល បន្ត​ឈានទៅ​មុខ​ដោយ​ឆន្ទៈ​មុត​ស្រួច ដើម្បី​សម្រេច​រាល់​ភារកិច្ច ទាំង​ក្នុង​ភារកិច្ច​កសាង​ពង្រឹង​គណបក្ស ទាំង​ក្នុង​ភារកិច្ច​បម្រើប្រជាជន ។ សូម​សម្តែង​នូវ​ការគោរព និង​សេចក្តីស្រឡាញ់​ដ៏​កក់ក្តៅ​បំផុត​ជូន​ជនរួមជាតិ​ខ្មែរ​គ្រប់រូប​ដែល កំពុង​រស់នៅ​ក្នុងប្រទេស និង​ក្រៅប្រទេស ជា​កសិករ កម្មករ និយោជិត អាជីវករ ព្រះសង្ឃ បព្វជិត​នៃ​គ្រប់​សាសនា សិស្ស និស្សិត​បញ្ញវន្ត យុវជន​-​នារី មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​រួបរួមសាមគ្គី​គ្នា​រួមសុខ រួមទុក្ខ​ជាម​ហា​គ្រួសារ​ខ្មែរ​តែមួយ ហើយ​បាន​គាំទ្រ និង​ចូលរួម​អនុវត្ត​យ៉ាងសកម្ម​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល បង្កើតបាន​សមិទ្ធផល​ថ្មីៗ​ឥតឈប់ឈរ​ជូន​ជាតិ មាតុភូមិ​យើង ។ គណបក្ស​ប្ជា​ជនកម្ពុជា នឹង​ស្ថិតនៅ​ជានិច្ច​ជាមួយ​ប្រជាជន និង​បន្តធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ប្រជាជន ។​

​ព្រម​ជាមួយនេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​បរទេស និង​អង្គការ​អន្តរជាតិ​នានា ដែល​បានរួម​វិភាគទាន​យ៉ាង​ថ្លៃថ្លា​ជួយឧបត្ថម្ភ​គាំទ្រ​ចំពោះ​បុព្វហេតុ របស់​ប្រជាជន​កម្ពុជា និង​កំពុង​បន្ត​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ការរួមចំណែក​ដ៏​សំខាន់​មួយ​មិនអាច​ខ្វះ​បាន ដើម្បី​សន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ។​

​ជាទី​បញ្ចប់ ជាមួយនឹង​អំណរ​សាទរ ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូម​ថ្វាយព្រះពរ ប្រគេន​ពរ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជ ព្រះ​រាជាគណៈ ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ និង​សូម​ប្រសិទ្ធពរ​ជូន​សម្តេច ឯកឧត្តម​លោកជំទាវ ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ សមាជិក សមាជិកា​នៃ​អង្គ​មី​ទ្ទិញ និង​ជនរួមជាតិ​ទាំងអស់ សូម​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

​សូម​អរ​ព្រះ​គុណ​! សូម​អរគុណ​!

ចំនួនអ្នកទស្សនា

    20689747

  • ថ្ងៃនេះ4051
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21621
  • ខែនេះ4051
  • ឆ្នាំនេះ247291
  • សរុប20689747