ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​រំលឹក​ខួប​ទី ៦៥​ឆ្នាំ ថ្ងៃ​បង្កើត​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា

29-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​រំលឹក​ខួប​ទី ៦៥​ឆ្នាំ ថ្ងៃ​បង្កើត​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា​។ ពិធី​រំលឹក​ខួប​ទី​៦៥​ឆ្នាំ ថ្ងៃ​បង្កើត​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា បានរៀបចំ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​។​
​ខាងក្រោម​នេះ ជា​ប្រសាសន៍​សំខាន់ៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៖
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា និយាយ​ដល់​ការបង្កើត​ស្ថាប័នគយ និង​រដ្ឋាករ​ឡើងវិញ នៅក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ ត្រូវ​នឹកឃើញ​ដល់​វីរជន​ម្នាក់ គឺ​លោក តាំង សារឹម អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដែល​បាន​ផ្តួចផ្តើម​បង្កើត​ឡើងវិញ​នូវ​ស្ថាប័ន​មួយ​នេះ​។​

* សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រោយ​ថ្ងៃ​រំដោះ​នេះ​ប្រទេស​កម្ពុជា មិនមាន​ក្រសួង​ស្ថិតក្នុង​ចង្កោម​សេដ្ឋកិច្ច ដូចជា​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​...​នោះឡើយ​។ សម្តេច​តេ​ជោ ក៏បាន​រំលឹក​ពី​ប្រវត្តិ​ស្មុគស្មាញ នៃ​ការរៀបចំ​ក្រសួង ស្ថាប័ន​នានា នៅក្នុង​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩​។ ដើម្បី​លុបបំបាត់​ភាពស្មុគស្មាញ​ទាំងនេះ ក្រោយពេល​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី សម្តេច​ក៏បាន​ចាប់ផ្តើម​ធ្វើកំណែទម្រង់ ដោយ​យក​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា ចេញពី​ក្រសួងពាណិជ្ជកម្ម​។​

* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ទៅ​លោក កឹម សុខា កុំ​ឲ្យ​ព្រហើន គឺ​ប្រឈម​និង​គុក​គ្មាន​ថ្ងៃ​ចេញ​នោះឡើយ​។ សម្តេច​តេ​ជោ ថ្លែងថា កម្លាំង​ប្រជាពលរដ្ឋ មិនអាច​ទប់ទល់​បាន​នោះឡើយ ប្រសិនបើ​កម្លាំង​សមត្ថកិច្ច​ចង់​ចាប់ខ្លួន​នោះ កុំ​គំរាម​ធ្វើបាតុកម្ម​។ សម្តេច​តេ​ជោ បាន​រំលឹកថា លោក កឹម សុខា គឺជា​ចោរលួច​អង្ករ ពេល​ធ្វើជា​ចៅសង្កាត់រង​ទឹកល្អក់​។​

* សម្តេច​តេ​ជោ បើទោះបី​លោក កឹម សុខា មិន​ចេញមុខ​ក៏ដោយ ក៏​នៅតែមាន​ថ្ងៃ​គេ​ចាប់ គ្មាន​ថ្ងៃ​រួចខ្លួន​នោះឡើយ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​ទៅ​អង្គទូត​នានា កុំ​ឲ្យ​លូកដៃ​ចូលក្នុង​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា​។ សម្តេច​តេ​ជោ ក៏បាន​ផ្តាំផ្ញើ​ទៅ​ទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ត្រូវធ្វើ​កំណែទម្រង់​លើ​ការ​ប្រភព​ទទួល​ព័ត៌មាន និង​អង្គហេតុ និង​អង្គច្បាប់​ឲ្យ​បានច្បាស់លាស់​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ទៅ​បរទេស​នានា កុំ​ប្រើ​ជំនួយ ដើម្បី​ដាក់​ការកៀបសង្កត់​មកលើ​ក​ម្ពុ​ជា​។​

* សម្តេច​តេ​ជោ ក៏បាន​រំលឹកថា ធនាគារពិភពលោក ធ្លាប់បាន​បញ្ចុះបញ្ចូល​ស​ម្តេច​ឲ្យ​លក់​ស្ថាប័នគយ ឲ្យ​ទៅ​វិស័យ​ឯកជន តែ​សម្តេច​បាន​បដិសេធ ដោយ​មិន​អនុញ្ញាត​ឲ្យ​នរណា​កៀបសង្កត់​នោះឡើយ​។​

* ឆ្លើយតប​ការព្រួយបារម្ភ​របស់​ទូ​ត​ជប៉ុន ខ្លាច​ដំណើរការ នៃ​ការចុះបញ្ជីឈ្មោះ​បោះឆ្នោត​មិនបាន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កុំ​មានការ​ព្រួយបារម្ភ បើទោះបី​គណបក្សប្រឆាំង​មិន​ចុះ ក៏​ប្រជាពលរដ្ឋ​នៅតែ​ចុះ​ដដែល​។ សម្តេច​តេ​ជោ បាន​បន្តថា ប្រទេស​ដែល​ចង់​ជួយ​ថវិកា ដើម្បី​ធ្វើការ​ចុះបញ្ជី​នេះ ជួយ​ក៏​ជួយ មិន​ជួយ​ក៏​មិន​អី​ដែរ កុំ​យក​បញ្ហា​នេះ មក​កៀបសង្កត់​កម្ពុជា ក្នុង​រឿង​អនុវត្ត​ច្បាប់​លើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​នាយករដ្ឋមន្ត្រី​ឡាវ​ថា បើ​មាន​បញ្ហា​ពាក់ព័ន្ធ​សមុទ្រ​ចិន​ខាងត្បូង សូម​ទម្លាក់កំហុស​មក​កម្ពុជា​ចុះ​, កម្ពុជា​មិន​ត្រឹមតែ​មិន​ឯកភាព​ទេ ថែមទាំង​ប្រឆាំង​ទៀតផង​លើ​រឿង​ហ្នឹង !
* មុននឹង​បញ្ចប់​សុន្ទរកថា សម្តេច​តេ​ជោ ឆ្លៀត​សុំទោស និង​ផ្តាំផ្ញើ​ទៅ​ស្ថានទូត​នានា កុំ​ឲ្យ​ធ្វើជា​សេក​បន្ទរ​តាម​ពាក្យ​បុគ្គល​មួយចំនួន ធ្វើ​ឲ្យ​មាន​ភាព​ល្អកកករ​នូវ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ហើយក៏​មិនគួរ​យក​បញ្ហា​ជំនួយ​មក​កៀបសង្កត់​កម្ពុជា​នោះដែរ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា នៅវេលា​ម៉ោង ៩៖១១​នាទី ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​៕

ចំនួនអ្នកទស្សនា

    21265227

  • ថ្ងៃនេះ881
  • ម្សិលមិញ6021
  • សប្តាហ៍នេះ33301
  • ខែនេះ38141
  • ឆ្នាំនេះ822771
  • សរុប21265227