រដ្ឋមន្ត្រីក្រសួង​វប្បធម៌ រិះគន់​តារា​សិល្បៈ​ដែល​បង្ហោះ​ពាក្យអសុរស​នៅលើ​ហ្វេ​ស​ប៊ុ​ក​

29-June-2016 | ដោយ មែន កំសត់


​ភ្នំពេញៈ ក្នុង​ពិធី​ទទួល​ញត្តិ​ថ្កោលទោស​ពាក់ព័ន្ធ​នឹង​ករណី កញ្ញា វ៉ាន់ នី​ឡា លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ឯក​ឪ​ត្ត​ម ថៃ នរៈ​សត្យា រដ្ឋលេខា​ក្រសួង បាន​ទទូច​សុំ​ឲ្យ​តារា​សិល្បៈ​បញ្ឈប់​ការប្រើ​ពាក្យសម្ដី​អសុរ​ស​ជា​សាធារណៈ ដោយ​ក្រសួង​ចាត់ទុកថា នេះ​ជា​ទង្វើ​នាំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​របស់​សិ​ល្បៈ និង​ស្ត្រី​ខ្មែរ​។ ក្រសួង​ក៏បាន​ធ្វើការ​រិះគន់​ដោយ​ចំៗ ទៅកាន់​តារា​សិល្បៈ​មួយចំនួន​នៅក្នុង​ពិធី​នោះ និង​សុំ​ឲ្យ​តារា​សិល្បៈ​បញ្ឈប់​រាល់​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជា​វេទិកាសាធារណៈ​សម្រាប់​ឈ្លោះ​ហែកហួរ​គ្នា​បន្តទៀត​។​

​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា តារា​សិល្បៈ គឺជា​បុគ្គល​ដែលមាន​អំណោយផល​ពី​ធម្មជាតិ​លើសពី​មនុស្ស​ដែលមាន​អាជីព​ផ្សេង ដោយសារតែ​តារា​ទាំងនោះ មាន​ទឹកដម​សំឡេង​ល្អ និង​មាន​រូប​សម្រស់​ស្រស់ស្អាត ទើបបាន​ក្លាយជា​តារា​ល្បី​។ ដូច្នេះ លោកស្រី​យល់ថា ជាការ​សោកស្ដាយ​ប្រសិនបើ​តារា​ណា​ម្នាក់ បន្ទាប​តម្លៃ​ខ្លួនឯង ដោយសារតែ​រឿង​ចង់​ឈ្នះ​ចង់​ចាញ់ ហើយ​បង្ហោះ​សំណេរ​អសុរ​ស​ផ្សេងៗ​ជា​សាធារណៈ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​ដល់​ត​ម្លៃ​អ្នកសិល្បៈ​ទូទៅ​។ លោកស្រី​ថា តារា​សិល្បៈ​គួរតែ​ប្រើ​ពេលវេលា​សិក្សា​ចំណេះវិជ្ជា​ឲ្យ​បាន​ជ្រៅជ្រះ​បន្ថែម​ពីលើ​ទេពកោសល្យ​ដែលមាន​ស្រាប់ ដើម្បី​លោត​ឲ្យ​ផុត​នូវ​រឿង​ចង់​ឈ្នះ​ចង់​ចាញ់ ហើយ​ងាក​មក​គិតពី​សេចក្ដីថ្លៃថ្នូរ​របស់ខ្លួន​ឡើងវិញ​។​

​លោកជំទាវ រដ្ឋមន្ត្រី បន្ថែមទៀតថា ក្នុងនាម​ជា​តារា​មហាជន តារា​គ្រប់រូប ត្រូវ​ធ្វើជា​គំរូ​នូវ​គ្រប់​សកម្មភាព ដោយ​មិនមែន​សម្អាងថា ជា​រឿង​របស់ខ្លួន ក៏​ចេះតែ​តុបតែង​ខ្លួន​ស៊ិ​ច​ស៊ី​ហួសហេតុ អាង​តែ​ជា​រឿង​បុគ្គល ក៏​បង្ហោះ​សំណេរ​អសុរ​ស​ជា​សាធារណៈ​ឈ្លោះ​ជាមួយ​អ្នកនេះ​ជាមួយ​អ្នកនោះ ដោយ​មិន​គិតពី​ផលប៉ះពាល់​នោះឡើយ​។ លោក​បញ្ជាក់ថា «​យើង​ម្នាក់ៗ សុទ្ធតែ​ចង់​ឲ្យ​មាន​ការលើកតម្លៃ​ដល់​អ្នកសិល្បៈ ប៉ុន្តែ​បើ​អ្នកសិល្បៈ​ខ្លួនឯង មិន​លើក​តម្លៃ​របស់ខ្លួន គឺជា​រឿង​សោកស្ដាយ​ណាស់ ហើយ​ខ្ញុំ​គិតថា មិនគួរ​សោះ​ដែល​តារា​ទៅ​ឈ្លោះ​ជាមួយ​មហាជន ទៅ​ឈ្លោះ​ជាមួយ​អ្នកសិល្បៈ​ដូចគ្នា ដោយមាន​ទាំង​ការប្រើ​ពាក្យ​មិន​សមរម្យ​នៅលើ​ហ្វេ​ស​ប៊ុ​ក​!»​។ លោកជំទាវ​ទទូច​ឲ្យ​អ្នកសិល្បៈ​ធ្វើការ​ជជែក​គ្នា ដោះស្រាយ​គ្នា ជាជៀង​មាក់ងាយ​គ្នា និង​ប្រើ​សម្ដី​ចង់​ឈ្នះ​ចង់​ចាញ់ ដែល​នាំ​មហាជន​ទម្លាក់​តម្លៃ​របស់​អ្នកសិល្បៈ​ទាំងមូល ខណៈ​អ្នកខ្លះ​មិនបាន​ប្រ​ព្រឹ​ត្ដ​ដូច​ការចោទប្រកាន់​នោះ​។​

​មិន​ខុសគ្នា​ដែរ ឯកឧត្តម ថៃ នរៈ​សត្យា រដ្ឋលេខា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​លើក​ថា តារា​សិល្បៈ គួរ​កុំ​ប្រើ​មធ្យោបាយ​ចង់​ឈ្នះ​ចង់​ចាញ់ ហើយ​ធ្វើខ្លួន​ឲ្យ​មានការ​ប៉ះពាល់​ជា​សាធារណៈ​។ លោក​ថា ប្រសាសន៍​របស់លោក​ស្រី​រដ្ឋមន្ត្រី គឺជា​ការ​ពញ្ញាក់​អារម្មណ៍​ធំ​មួយ ដើម្បី​ឲ្យ​តារា​សិល្បៈ​ចេះ​ស្រឡាញ់​តម្លៃ​ខ្លួនឯង ហើយ​ចេះ​ស្វែងរក​វិធី​ដោះស្រាយ​ផ្សេង ដើម្បី​កុំ​ឲ្យ​មានការ​មើលស្រាល​ពី​សំណាក់​មនុស្ស​ទូទៅ​។ ក្រសួង​វប្បធម៌ មិនមាន​ចំណាត់ការ​ចំពោះ​ករណី​តារា​សិល្បៈ​ឈ្លោះ​គ្នា និង​តារា​សិល្បៈ​ប្រើពាក្យ​សម្ដី​អសុរ​ស​មិន​សមរម្យ​ជា​សាធារណៈ​ដាក់គ្នា​នោះទេ ប៉ុន្តែ​លោកស្រី ភឿង ស​កុ​ណា បាន​អះអាងថា ប្រសិនបើ​ករណី​ដែល​បានកើត​វា​មាន​កម្រិត​ធ្ងន់ធ្ងរ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​អ្នកសិល្បៈ​ខ្លាំងពេក នោះ​ក្រសួង​នឹងមាន​វិធានការ​ដូចគ្នា​នឹង​ករណី​ដែល​បាន​ណែនាំ​ទៅលើ ដេ​នី ក្វាន់ ដូច្នេះ​ដែរ​។​

​បន្ថែម​ពីលើ​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ទាំងពីរ លោក សុះ ម៉ាច ក៏​ទទូច​សុំ​ឲ្យ​តារា​សិល្បៈ​ចេះ​រម្ងាប់​អារម្មណ៍ និង​ចេះ​ធ្វើខ្លួន​ឲ្យ​មានតម្លៃ​ឲ្យ​ស្រប​នឹង​ប្រជាប្រិយភាព​របស់ខ្លួន​ផងដែរ​។ លោក​ថា តារា​សិល្បៈ​គួរ​ងាក​មក​រួបរួមគ្នា គាំទ្រ​ករណី​តារា​គ្នាឯង​មានទុក្ខ ជាជាង​ប្រើពេល​ឈ្លោះ​គ្នា ឬ​ហែកហួរ​គ្នា ដែល​នាំ​ឲ្យ​តម្លៃ​របស់​អ្នកសិល្បៈ និង​សង្គម​ចុះខ្សោយ​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ប្រគល់​ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​ថ្កោលទោស​ជនអនាមិក ដែល​បង្ហោះ​រូបអាក្រាត​របស់ វ៉ាន់ នី​ឡា ប្រគល់ជូន​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ដោយ​ខាង​ក្រសួង​ក៏បាន​ប្រកាសថា នឹង​ជួយ​ជំរុញ​ផ្លូវច្បាប់​ទៅកាន់​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​ព​ន្លឿ​ន​លើ​ករណីនេះ​៕

ចំនួនអ្នកទស្សនា

    21263657

  • ថ្ងៃនេះ5341
  • ម្សិលមិញ5261
  • សប្តាហ៍នេះ31731
  • ខែនេះ36571
  • ឆ្នាំនេះ821201
  • សរុប21263657