ឯកឧត្តម​សួន បវរ ៖ ថ្នាំញៀន​មិនមែនជា​ថ្នាំ សំរាប់​ប៉ូវ​កម្លាំង​នោះទេ ផ្ទុយទៅវិញ​ថ្នាំញៀន​វា​បំផ្លាញ​ជីវិត និង​អនាគត​របស់​យើង​គ្រប់ៗ​គ្នា

29-June-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖ ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា «​ថ្នាំញៀន​មិនមែនជា​ថ្នាំ សំរាប់​ប៉ូវ​កម្លាំង​នោះទេ ផ្ទុយទៅវិញ ថ្នាំញៀន​វា​ពិតជា​បំផ្លាញ​ជីវិត និង​អនាគត​របស់​យើង​គ្រប់គ្នា ហើយ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្បែរ​តំបន់ ដែល​ដែល​កើតមាន​បទល្មើស​គ្រឿងញៀន សូមកុំ​ទាញយក​ផលប្រយោជន៍​ពីបទ​ល្មើស​នេះ សូម​រាយការណ៍​មកកាន់​សមត្ថកិច្ច​ធ្វើ​បង្ក្រាប ទប់ស្កាត់​បោសសំអាត ដើម្បី​ប្រទេស​យើង​គ្មាន​គ្រឿងញៀន​»​។​

​ឯកឧត្តម អភិបាល លើកឡើង​ដូចនេះ​ធ្វើឡើង ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​គ្រឿងញៀន​ថ្ងៃ​២៦ មិថុនា ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​

ក្នុង​ពិធី​នេះដែរ​ក៏មាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡាយ គឹម​លី អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម អ៊ី ឡុង សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក លោកស្រី មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០០០​នាក់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡាយ គឹម​លី បានស្នើ​ដល់​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ត្រូវ​បន្ត​អនុវត្តតាម​ចរាចរណ៍​០១ បង្ក្រាប​ទប់ស្កាត់​គ្រឿងញៀន នឹង​បន្ត​ព្យាបាល​ជនរងគ្រោះ​ដោយសារ​ធាតុ​ញៀន ឲ្យ​បានល្អ​ផងដែរ​។​

​ក្នុងនោះដែរ លោកនាយក​រដ្ឋបាល​សាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្នុងការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច លើ​ការបង្ក្រាប គ្រឿងញៀន​កន្លងមក មាន​នគរបាល និង​កងរាជអាវុធហត្ថ​បាន​៨៩​លើក ព្រមទាំង​ឃាត់​ខ្លូន​បាន​ជនសង្ស័យ​២០៣​នាក់ ផងដែរ​។​

​សូមបញ្ជាក់ថា នគរបាល​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​៦៩​លើក ឃាត់ខ្លួន​ជនសង្ស័យ​១៦៦​នាក់ ស្រី​១៣​នាក់ ចំណែក​កម្លាំង កងរាជអាវុធហត្ថ​ខេត្ត បាន​២០​លើក ឃាត់ខ្លួន​ជនសង្ស័យ​៣៧​នាក់ ស្រី​៨​នាក់​។ ក្នុងនោះដែរ ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ៦២១២៥​គ្រាប់ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ១៩០២៥៩​ក្រាម រថយន្ត​៣​គ្រឿង​ម៉ូតូ​២៣​គ្រឿង និង​ទូរ​សព្ទ័​១១០​គ្រឿង​៕

ចំនួនអ្នកទស្សនា

    20689917

  • ថ្ងៃនេះ4221
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21791
  • ខែនេះ4221
  • ឆ្នាំនេះ247461
  • សរុប20689917