ភ្នំពេញ៖ដោយចង់សំដៅលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សម្តេចតេជោ ហ៊ុនសែនកាលពីព្រឹកមិញបានប្រើសម្តីខ្លាំងៗថាការអនុវត្តន៍ច្បាប់ ចំពោះលោក កឹម សុខា មិនមានការលើកលែង ឬរាថយឡើយ បើទោះបីលោក កឹម សុខា "មិនទៅរកគុក ក៏គុកទៅរកលោកដែរ"ហើយកុំគំរាមធ្វើបាតុកម្ម "បន្លាជួសបន្លាអាចនឹងកើតមានគេធ្វើតែមួយព្រឹមវាចប់សេចក្តី ហើយ"។
ប្រតិកម្មខ្លាំងៗពីសម្តេចតេជោ កើតឡើងក្រោយពីលោកកឹម សុខាបានអួតប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា" អ្វីដែលគាត់(នាយករដ្ឋមន្ត្រី)ខ្លាចបំផុតគឺការចាញ់ឆ្នោត… យុទ្ធសាស្ត្ររបស់គាត់គឺផ្តួលថ្នាក់ដឹកនាំគណបក្សប្រឆាំង ដូច្នេះឥឡូវនេះខ្ញុំគឺជាមុខសញ្ញារបស់គាត់”។ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ៦៥ឆ្នាំថ្ងៃកំណើតរដ្ឋបាលគយ និងរដ្ឋាករកម្ពុជានាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា"ខ្ញុំមើលរ៉យទ័រក្នុងកិច្ចសម្ភាសន៍ គេថាលោកហ៊ុន សែនភ័យ នែអាអ្នកនៅកន្លែងបួនជ្រុង ចេញមុខ ចេញមក មិនទាន់ដល់ម៉ោងទេ ។លោកឯងថាលោកហ៊ុន សែនខ្លាចចាញ់ឆ្នោត សុំផ្តាំទៅលោកឯង ជាប់គុកមិនមានថ្ងៃចេញរួចទេ...កុំព្រហើន"។
សម្តេចក៏បានប្រាប់ទៅបណ្តាអង្គទូតថា"លោកទូតនានាប្រាប់អោយហើយ រឿងបុគ្គលជាមួយនឹងច្បាប់អត់មានម៉ោញេញញុំទេ។...រឿងនេះ កំពុងដំណើរការតុលាការ នៅពេលក្រោយបើតុលាការបញ្ជា គឺប្រហែលជា កម្លាំងប៉ុន្មានក៏ទប់មិនបានដែរ បើគេចង់ចាប់នោះ...កុំអាលព្រហើន គេមិនទាន់ដល់ម៉ោងធ្វើទេ តែដល់ម៉ោងធ្វើគេធ្វើហើយ ...។..ខ្លួនឯងកំពុងឃុំខ្លួនឯងសោះ ...បើលោកមិនទៅរកគុក ក៏គុកមករកលោកដែរ...។កុំព្រហើនសុទ្ធតែធ្វើសម្ភាសន៍ជាមួយរ៉យ ទ័រអីណា ខ្ញុំថាចុំអាម៉ាសៀនេះកំពុងតែភ័យ ចុះមកក្រោមខ្លាចតែគេចាប់ទៀត បែរជាថាលោកហ៊ុន សែន ភ័យ..."។
ពាក់ព័ន្ធនឹងការទទួលព័ត៌មាននិងវាយតម្លៃសភាពការណ៍កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយទូតនានាធ្វើការកែទំរង់អំពីការទទួលព័ត៌មាន ដោយសារកន្លងមកបណ្តាទូតអឺរ៉ុបច្រើនតែទទួលព័ត៌មានមិនច្បាស់ និងមួយទៀតសម្តេចបានស្នើអោយបណ្តាទូតត្រូវស្គាល់ពីអង្គហេតុនិង អង្គច្បាប់ ដោយសារកម្ពុជាជារដ្ឋអធិបតេយ្យ ដែលផ្នែកនីតិប្រតិបត្តិមិនអាចលូកដៃក្នុងការងារតុលាការបានទេ។
ជាចុងក្រោយ សម្តេចបានអំពាវនាវកុំប្រែក្លាយរឿងបុគ្គលទៅជារឿងនយោបាយ និងបញ្ជាក់ថាការចុះឈ្មោះបោះឆ្នោតនៅតែចុះឈ្មោះ" បើអស់លោកមិនចុះ យើងខ្ញុំក៏ចុះ ដើម្បីធានាការបោះឆ្នោតមួយអោយត្រឹមត្រូវ...សុំប្រទេសដែលចង់ ផ្តល់ជំនួយលើបញ្ហាការចុះឈ្មោះ កុំគំរាមថារឿងនេះមិនអាចចុះឈ្មោះបាន...មិនជួយទេហី ...យើងនឹងចាត់ចែងថវិកាបោះ កុំប្រើប្រាស់ជំនួយដើម្បីគាបសង្កត់កម្ពុជា..."។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កឹម សុខាបានពួនសម្ងំក្នុងទីស្នាក់ការអស់រយៈពេលជាងមួយខែ ដើម្បីគេចពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច បន្ទាប់ពីរូបលោកត្រូវបានតុលាការ ចោទប្រកាន់ថាបានប្រព្រឹទ្ធបទល្មើសជាក់ស្តែងព្រោះតែ ការប្រឆាំងមិនព្រមចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ចំនួនពីរដងពាក់ព័ន្ធសំណុំរឿងសញ្ចារកម្ម៕ -