មន្ត្រី​ព្រឹទ្ធសភា​និង​មន្ត្រីនគរបាល​គណនេយ្យ នៅ​ក្រសួងមហាផ្ទៃ​ជម្លោះ​រឿង​ជួសជុលផ្ទះ​ធ្វើ​ឲ្យ​អាជ្ញាធរ មន្ត្រី​ជំនាញ​ពិបាក​ដោះស្រាយ​

29-June-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ គ្រាន់តែ​ជម្លោះ​រឿង​ជួសជុលផ្ទះ​សោះ បាន​បណ្តាល​ភាគី​ទាំង​២ ជា​គ្រួសារ​រស់នៅ​ជាប់​របង​ជាមួយគ្នា ប្តឹងផ្តល់​ទៅ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​តុលាការ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​គ្រួសារ​ចុង​បណ្តឹង​ជា​មន្ត្រី​ធ្វើការ​នៅ​ព្រឹទ្ធសភា និង​ដើមបណ្តឹង គឺជា​មន្ត្រីនគរបាល​គ​ណ​នេ​យ្យ នៅ​ក្រសួងមហាផ្ទៃ​។​

​តាមរយៈ​ការ​ប្តឹងផ្តល់​គ្នា​នេះ បើ​ពិនិត្យមើល​តាម​ឯកសារ​ពាក់ព័ន្ធ​បាន​បង្ហាញថា ដើមបណ្តឹង​ដែលជា​មន្ត្រីនគរបាល​នោះ ត្រូវបាន​តុលាការ​កាត់សេចក្តី​ឲ្យ​ឈ្នះ ជាហេតុ​ធ្វើ​ឲ្យ​ចុង​បណ្តឹង​ជាម​ន្ត្រី​នៅ​ស្ថាប័នព្រឹទ្ធសភា មិន​អស់ចិត្ត និង​ធ្វើ​ការតវ៉ា​ទៅ​មន្ត្រី​ពាក់ព័ន្ធ ពីព្រោះ​គ្រាន់តែ​ការជួសជុល​ផ្ទះ​ខ្លួន​សោះ ក៏​ខុស​ដែរ ខណៈ​មានច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​តាំងពី​ភូមិ ដល់​សាលាខណ្ឌ តែ​ភាគី​ដើមបណ្តឹង ចាត់ទុកថា ការជួសជុល​ផ្ទះ​នេះ បានធ្វើ​ឲ្យ​ប៉​ពាល់​ដល់​ភូមិគ្រឹះ​របស់ខ្លួន​នាពេលខាងមុខ​។​

​សម្រាប់​មន្ត្រី​នៅ​ព្រឹទ្ធសភា លោក ជា សុខា ជា​ម្ខា​ស់​ផ្ទះ ដែល​ត្រូវ​ជួសជុល​ស្ថិតនៅក្នុង​ដីឡូត៍​រួម​លេខ​១៥២ ផ្លូវ​លេខ​៦៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បាន​ចោទ​ភាគី​ខាង​មន្ត្រីនគរបាល​ឈ្មោះ ម៉ប់ សុខុន ខឹង​ទិញ​ផ្ទះ​របស់ខ្លួន​មិនបាន​ចេះតែ​រករឿង និង​ប្តឹងផ្តល់​តែម្តង​។​

​លោក ជា សុខា បាន​លើកឡើងថា «​រឿងក្តី​ក្តាំង​បឹ្ត​ង​ដល់​តុលាការ​នេះ ដោយសារតែ​មានការ​គុំ​គួ​ន​ព្យាបាទ សុំ​ទិញ​ដី​ផ្ទះ​របស់ខ្ញុំ ក្នុង​តម្លៃថោក​មិនបាន ស្រាប់តែ​ឈ្មោះ ម៉ប់ សុខុន ជា​មន្ត្រីនគរបាល​គណ​នេ​យ្យ នៅ​ក្រសួងមហាផ្ទៃ និង​ជា​ម្ចាស់​រោង​ពុម្ព​ម្កុដ​ពេជ្រ តាមផ្លូវ​ត្រសក់ផ្អែម និង​អាង​ខ្លួន​មានទ្រព្យ​សម្បត្តិ ព្រមទាំង​មាន​សាច់ញាតិ​ប្រពន្ធ ឈ្មោះ ព្រំ ម៉ា​រា​ឌី ជា​នគរបាល​ពាក់​ផ្តា​យ​៣ ទើប​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ដោយ​ចោទប្រកាន់​ពីបទ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​ប៉ះពាល់​កម្មសិទ្ធិសាធារណៈ​»​។​

​លោក ជា សុខា បាន​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ក្រោយពី​ម្ចាស់ផ្ទះ​នេះ ប្តឹង​លោក​ទៅ​តុលាការ​នោះ ស្រាប់តែ​ចៅក្រម​បានចេញ​ដីកា​សម្រេច​រក្សា​ការពារ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ ដោយ​ធ្វើ​ការឃាត់​លោក មិន​ឲ្យ​រុះរើ​ជួសជុល​កែលម្អ​ផ្ទះ​របស់ខ្លួន ដោយ​ចាត់ទុកថា ជា​ដី​មាន​វិវាទ ខណៈដែល​លោក​បាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន និង​សាលាខណ្ឌ​ដូនពេញ​ផងដែរ ព្រមទាំង​ជា​ម្ចាស់​កម្មសិទ្ធិករ​ឯកជន​ស្របច្បាប់​ដោយមាន​ការដឹងឮ និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​លើដី​ទីតាំង​នេះ ដោយ​អាជ្ញាធរ​សាធារណៈ​ទៀតផង​។​
​ចុង​បណ្តឹង​រូបនេះ បាន​បន្តទៀតថា មន្ត្រីនគរបាល​ខាងលើ ក៏បាន​ប្តឹង​លោក​ទាមទារ​សំណង​ចំនួន​១៧​ម៉ឺន​ដុល្លារ ជា​ថ្លៃ​ខូចខាត​ភូមិគ្រឹះ​របស់ខ្លួន​

នាពេលខាងមុខ ហើយ​សំណុំ​រឿងនេះ កំពុងស្ថិត​នៅក្នុង​ដី​របស់​ចៅក្រម ជួន សុរា​សី​។ សម្រាប់​ជម្លោះ​ដែល​ផ្តើមចេញពី​ការជួសជុល​ផ្ទះ​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃនេះ គណៈកម្មការ​មួយ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដូនពេញ បាន​ចុះទៅពិនិត្យ និង​វាយតម្លៃ​ពី​ការខូចខាត ភូមិគ្រឹះ​នាពេល​អនាគត​។​

​តែ​សម្រាប់​លោក ជា សុខា បាន​អះអាងថា ការជួសជុល​ផ្ទះ លោក​បាន​ប្រើ​ត្រឹម​ដៃ​ប៉ុណ្ណោះ មិន​ប្រើ​ម៉ាស៊ីន​នោះទេ​។ សម្រាប់​ករណីនេះ មិនទាន់​អាច​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ ពី​លោក ម៉ប់ សុខុន នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​៕

ចំនួនអ្នកទស្សនា

    20689737

  • ថ្ងៃនេះ4041
  • ម្សិលមិញ4911
  • សប្តាហ៍នេះ21611
  • ខែនេះ4041
  • ឆ្នាំនេះ247281
  • សរុប20689737